តារាចម្រៀងដុះស្លែនៅផលិតកម្មសាន់ដេ មាស សាលី បានទៅចូលរួមបុណ្យសពតារាចម្រៀងខេមរៈ ស្រីពៅ គម្រប់7ថ្ងៃ កាលពីថ្ងៃទី30 ខែមករា ឆ្នាំ2019 នៅផ្ទះវីឡាខេមរៈ សិរីមន្ត មុខសួនសុបិនចម្ការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយទឹកមុខស្រងូតស្រងាត់ដូចតារាដទៃទៀតដែរ។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមាស សាលី បណ្តើរស្រីស្នេហ៍អាយុ30ប្លាយ ទៅជាមួយដែរ ទើបធ្វើឱ្យតារាដែលទៅកាន់ទុក្ខខេមរៈ ស្រីពៅ នាំគ្នាសួរសាលី ថា តើការប្រពន្ធពីពេលណា តែម្ចាស់បទ “អង្គរក្សបេះដូង” និងគូស្នេហ៍ បានត្រឹមតែអឹមអៀនប៉ុណ្ណោះ មិនប្រាប់រកបានស្រីស្នេហ៍ពីពេលណាឡើយ។
គួររំលឹកថា មាស សាលី ជាតារាចម្រៀងដុះស្លែនៅផលិតកម្មសាន់ដេ ដោយមិនទៅណាចោលទ្រនំចាស់នេះឡើយ ទោះគេឃើញជាញឹកញាប់ សាលី ច្រើនតែនិយាយដៀមដាមដាក់សាន់ដេ ជាសារដែលដាស់តឿនឱ្យផលិតកម្មនេះ កុំបានថ្មីចោលចាស់ក្តី តែចុងក្រោយ សាលី នៅតែក្រាញមិនព្រមចេញពីទ្រនំដែលធ្លាប់ផ្តល់កំណើតឱ្យខ្លួនដដែល។
មាស សាលី ត្រូវបានមហាជនមួយចំនួនរិះគន់ថា ពេលខ្លះ អ្នកចម្រៀងរូបនេះតែងខ្លួនហាក់មិនស័ក្តិសមជាតារាឡើយ ព្រោះសាមញ្ញខ្លាំងពេក។ ចំណែកតារាចម្រៀងរួមអាជីពជាមួយសាលី វិញ បាននិយាយដូចគ្នាថា សាលី ព្រមនៅសាន់ដេ ជាបន្តទៀត ដោយសារតែខេមរៈ សិរីមន្ត ចេញពីសាន់ដេ ទៅចូលហង្សមាស ទើបធ្វើឱ្យអ្នកចម្រៀងរូបនេះ អាចដកដង្ហើបបានខ្លះ ព្រោះកាលសិរីមន្ត នៅសាន់ដេ វិញ សាលី មិនអាចងើបមុខមិនរួចឡើយ៕