តារាសចម្រៀងអែន ឌី បានងាកមកចាប់ដៃគូជាថ្មី ជាមួយស្រីស្អាតពេជ្រ អាវីហ្សា តាមរយៈការថត MV បទ “សុំធ្វើអ្នកជូតទឹកភ្នែក” ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន ដែលប្រារឰនៅថ្ងៃទី៥ ដល់ទី៧ ខែកម្ភៈ ខាងមុខនេះ។
ក្នុងឈុតតែងខ្លួនជាកូនកំលោះចិន លោកអែន ឌី បានឱបរឹតស្រីស្អាតពេជ្រ អាវីហ្សា យ៉ាងស្អិតដូចតុកកែ ធ្វើឱ្យវីហ្សា ហៅម៉ី ព្រឺរោមខ្ញាកៗ ដោយសារកណ្តាប់ដៃលោកអែន ឌី ដែលពូកែថ្នាក់ថ្នមសាច់ខ្ចីល្វក់របស់នាង។
ប៉ុន្តែលើកនេះលោកអែនឌី បានកាត់បន្ថយឈុតឱបរឹតអាវីហ្សា ក្នុងអាងទឹកក្តៅ ឬបន្ទប់ទឹក ព្រោះខ្លាចរោលរាលខ្លាំងពេក នាំតែក្តៅដល់ក្រសួងវប្បធម៌ទៀត។
គួរបញ្ជាក់ថា លោកអែន ឌី ធ្លាប់ខកចិត្តម្តងរួចទៅហើយ នៅពេលដែលខំចំណាយលុយផ្ទាល់ខ្លួនផលិតបទ “បេះដូងព្រះច័ន្ទ” ដែលជ្រើសយកពេជ្រ អាវីហ្សា ជាដៃគូ និងឱបគ្នាយ៉ាងស្អិតល្មូតក្នុងបន្ទប់ទឹក ធ្វើឱ្យមន្ត្រីមួយចំនួនដែលធ្វើការពាក់ព័ន្ធក្រសួងវប្បធម៌ បានឱ្យយោបល់លោកអែនឌី ថា បទនោះ បើហ៊ានចេញជា MV ច្បាស់ជាមានរឿងធំជាមិនខាន ព្រោះមានឈុតក្តៅសាច់ខ្លាំងពេក ទើបធ្វើឱ្យអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះខកចិត្ត និងបានផ្អឹបបទនោះមិនបញ្ចោញលើទីផ្សាររហូតមកដល់ពេលនេះ។
ក្រោយមក ស្រាប់តែលោកអែន ឌី បានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ក្រសួងវប្បធ៌ម ដែលត្រូវមន្ត្រីធំក្នុងក្រសួងនេះ ហៅទៅដុសក្អែលពាក់ព័ន្ធការនាំស្រីស្អាតៗថតសិចស៊ីខ្លាំងពេក ទើបពេលនេះ គេឃើញលោកអែន ឌី បានងាកមកធ្វើបទសុភាពៗជាងមុន ដោយកាត់ចោលឈុតរោលរាលស្ទើរតែទាំងស្រុង។
អែន ឌី ដែលលែងចង់ចូលច្រៀងនៅផលិតកម្មណាទៀតនោះ ពេលនេះបានងាកមកផលិតបទចម្រៀងដោយខ្លួនឯង ហើយនៅពេលរាត្រីទៅច្រៀងនៅហាងពិភពរាត្រីថ្មី នៅទល់មុខទូតចិន ប៉ះគ្នាជាមួយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ប៊ុត សីហា ផងដែរ៕