Wednesday, November 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត សម្រាកកាន់ទុក្ខប្អូន៣ខែ ខាតលុយ១៥ម៉ឺនដុល្លារ?

ខេមរៈ សិរីមន្ត សម្រាកកាន់ទុក្ខប្អូន៣ខែ ខាតលុយ១៥ម៉ឺនដុល្លារ?

ខេមរៈ សិរីមន្ត បានតាំងចិត្តថា នឹងចាកចេញពីឆាកតន្ត្រីរយៈពេល១០០ថ្ងៃ ដើម្បីកាន់ទុក្ខប្អូនស្រីរបស់ខ្លួន​ ខេមរៈ ស្រីពៅ ដែលទទួលមរណភាពក្នុងអាយុ២៨ឆ្នាំ កាលពីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យមួយ នាប្រទេសឥណ្ឌា និងបានបូជានៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត កាលពីថ្ងៃទី២៨ ខែមករា។

ការ អះអាងមិនច្រៀងរាំ និងសម្តែងរបស់ខេមរៈ សិរីមន្ត នេះ នៅចំថ្ងៃដែលតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ប្រារឰបុណ្យគម្រប់៧ថ្ងៃរបស់ខេមរៈ ស្រីពៅ នៅផ្ទះរបស់ខ្លួនកាលពីថ្ងៃទី៣០ ខែមករា។

ខេមរៈ សិរីមន្ត បានប្រាប់អ្នកយកព័ត៌មានយើងក្នុងជំនួបផ្ទាល់ថា “ខ្ញុំបានសម្រេចចិត្តហើយបង  ខ្ញុំមិនឡើងឆាកច្រៀងសម្តែងរយៈពេល១០០ថ្ងៃ ដើម្បីកាន់ទុក្ខប្អូនស្រីរបស់ខ្ញុំ។ ខ្ញុំក៏បានជូនដំណឹងទៅហង្សមាស និងក្រុមហ៊ុនមួយចំនួនទៀតដែរ ពីការមិនចេញច្រៀង១០០ថ្ងៃនេះ ហើយក្រុមហ៊ុនផ្សេងៗមានការយោគយល់ដល់ខ្ញុំដែរ”។

ខេមរៈ សិរីមន្ត មិនទាន់កណត់ថា នៅថ្ងៃណារូបគេនឹងចាប់កាន់ក្បាលមីក្រូ និងបញ្ចោញក្បាច់រាំដូចមុនវិញទេ តែបើសិនជាដូចខេមរៈ សិរីមន្ត អះអាងមែននោះ មានន័យថា លោកប៊ុនថៃ នឹងវិលមករកអាជីពចាស់វិញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ មុនចូលឆ្នាំខ្មែរ។

ទោះជាយ៉ាងណា ខេមរៈ សិរីមន្ត បានប្រាប់ថា ការរៀបចំធ្វើសន្និសីទកាសែតនឹងរៀបចំក្នុងពេលឆាប់ៗនេះហើយ ដើម្បីលាងជម្រះព័ត៌មានទាំងឡាយជុំវិញជំងឺរបស់ខេមរៈ ស្រីពៅ ដែលបណ្តាលឱ្យនាងទទួលមរណភាពទាំងវ័យក្មេងនេះ។

អ្នករៀបចំកម្មវិធីប្រគំតន្ត្រីធំៗ បានឱ្យដឹងថា នៅរដូវក្តៅនេះ ខេមរៈ សិរីមន្ត អាចរកប្រាក់ចំណូលក្នុង១ខែ ទាបបំផុត ក៏៥០០០០ដុល្លារដែរ ព្រោះច្រៀង១កម្មវិធីចាប់ពី ៣០០០ដុល្លារ ហើយ១ខែយ៉ាងតិចក៏ចេញច្រៀង២០កម្មវិធីដែរ អ៊ីចឹងរយៈពេល៣ខែ មានន័យថា សិរីមន្ត អាចបាត់ប្រាក់ចំណូលយ៉ាងហោចណាស់ ក៏១៥ម៉ឺនដុល្លារដែរ។ ប៉ុន្តែសកម្មភាពរបស់ខេមរៈ សិរីមន្ត នៅពេលនេះ គឺជាទង្វើដ៏ល្អមួយ ព្រោះថា នៅពេលកំពុងកាន់ទុក្ខនេះ បើទៅច្រៀងរាំសប្បាយភ្លាមៗ ក៏មិនកើតដែរ ព្រោះថា សិរីមន្ត ស្រលាញ់ខេមរៈ ស្រីពៅ ខ្លាំងណាស់៕

RELATED ARTICLES