ពេជ្រ សោភា ស្វាក់ជាងគេរឿងជួយតារាប្រុសក្មេងៗឱ្យបានល្បី ក្នុងនោះ មានដូចជា ងួន ចាន់ដេវីត, Step និងឆឹម សក្កដា ជាដើម សុទ្ធតែចេញមកពីការជ្រោមជ្រែង ត្រួសត្រាយផ្លូវរបស់សោភា ទាំងអស់ ហេតុនេះ ហើយបានជាកន្លងមក នៅពេលដែលងួន ចាន់ដេវីត បានល្បីដោយសារតែនាងហើយ ដេវីត ងាកទៅចាប់ដៃគូជាមួយទេព បូព្រឹក្ស នោះ អ្នកគាំទ្រពេជ្រ សោភា បានហៅដេវីត ថាជា “ក្រពើវង្វេងបឹង” និងមានអ្នកខ្លះទៀត បានដាស់តឿនដេវីត ថា “ផឹកទឹកកុំភ្លេចប្រភពដើម” ជាដើម។
ដោយឡែក ថ្មីៗនេះដែរ ឌីជេ ខ្មែរមួយជីវិត បានរ៉េបបទ “ប៉ារ៉ូពិឃាដ” ហើយដៀលដេវីតថា ជាកញ្ជោះពជ្រ សោភា រត់ចោលម្ចាស់ ជាដើម។ ភ្លាមៗនោះដែរ ដេវីត បានចេញរ៉េបបទ “Slap & Kill” តបទៅវិញ ហើយក្នុងនោះ បើទោះជាដេវីត បានច្រៀងថា “មានបទចម្រៀងខ្លះ រូបគេជាអ្នកធ្វើ តែចៅហ្វាយស្រីដាក់ឈ្មោះខ្លួនឯង ហើយប្រាក់ចំណូលក៏ធ្លាក់លើចៅហ្វាយស្រី”។ ទោះជាដេវីត មិននិយាយឈ្មោះចំៗក៏ដោយ តែអ្នកលេងបណ្តាញសង្គម យល់ថា ដេវីត ចង់និយាយពីឈ្មោះចៅហ្វាយស្រីនោះ គឺជាពេជ្រ សោភា តែម្តង ដើម្បីឱ្យតារាចម្រៀងខ្មែរមួយជីវិត បានយល់ដែលរូបគេបានចាកចេញពីពេជ្រ សោភា។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់ឃើញតារាចម្រៀងពេជ្រ សោភា ច្រៀងរ៉េបតបតទៅកាន់ដេវីត និងខ្មែរមួយជីវិត វិញឡើយ។
អ្នកចម្រៀងដុះស្លែនៅផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ហាក់មិនខ្វល់ខ្វាយចំពោះអតីតដៃគូងួន ចាន់ដេវីត ច្រៀងឌឺដងដៀមដាមនោះទេ គឺនាងបែរជាមមាញឹកតែលើការឃោសនាលក់ឡេទៅវិញ។
ប៉ុន្តែអ្នកដឹកនាំសម្តែងខារ៉ាអូខេនៅផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា ពេជ្រ សោភា បានតាមដានរឿងដេវីត និងខ្មែរមួយជីវិតផ្ទុះ ជម្លោះរ៉េបឌឺដងគ្នានោះ ដោយយកចិត្តទុកដាក់ខ្លាំងណាស់ ហើយនាងក៏ដឹងច្បាស់ថា ដេវីត ចង់និយាយអ្វីពីនាងដែរ។ ប៉ុន្តែពេជ្រ សោភា មិនតតបនោះទេ ដោយនាងចាត់ទុកថា ជារឿងអត់ប្រយោជន៍ ទើបរហូតមកដល់ពេលនេះ សុខចិត្តសម្ងំនៅស្ងាត់ស្ងៀម ហើយយកពេលទៅប្រឹង Live លក់ឡេទៅវិញ។
ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងចេះនិពន្ធបទចម្រៀងដោយខ្លួនឯង ដោយសារតែមានការណែនាំពីអតីតអ្នកនិពន្ធផលិតកម្មរស្មីហង្សមាស លោកជុំ ប៊ុនធឿន ដែលបានទទួលមរណភាពទៅកាលពីហើយនោះ។ ចំពោះងួន ចាន់ដេវីត វិញ ទោះជារូបនាងជាអ្នកយកខ្លួនទៅធានាឱ្យចូលហង្សមាស ក្តី ប៉ុន្តែរហូតមកដល់ពេលនេះនាងមិនដែលគិតថា ជាអ្នកមានគុណលើដេវីតឡើយ ព្រោះថា ដេវីត មានសមត្ថភាពធ្វើភ្លេងនិពន្ធដោយខ្លួនឯង ហើយនាងក៏មិនចង់និយាយអ្វីពាក់ព័ន្ធជាមួយដេវីត ដែរ ព្រោះពេលដេវីត ចេញពីហង្សមាស ក៏មិនបានប្រាប់នាងឡើយ៕