តារាចម្រៀងស្រី២ដួងមកពីផលិតកម្មផ្សេងគ្នា គឺសួស វីសា របស់ផលិតកម្មរស្មីហង្សមាស និងយូរី របស់ផលិតកម្មសាន់ដេ បានប៉ះគ្នាលើឆាកតន្ត្រីរដូវរងានៅកូរ៉េ ដែលពួកគេត្រូវសម្តែង២លើក ដើម្បីឱ្យពលករខ្មែរនៅកូរ៉េ បានទស្សនាដោយរីករាយ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលលើកទី១ សម្តែងនៅទីក្រុងគឹមហេ ថ្ងៃទី៣ កុម្ភៈ និងលើកទី២ ថ្ងៃទី ៥ខែកុម្ភៈ នៅទីក្រុងអាន់សាន់។
សួស វីសា បានដឹកដៃសង្សារក្មេងលោកថមមី ខណៈដែលយូរី ក៏ដឹកដៃសង្សារប្រុសសង្ហាលោកប៊ីម៉ូ ឡើងយន្តហោះ កាលពីរាត្រីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែរ ដោយពួកគេថែមទាំងបង្ហាញភាពផ្អែមល្ហែមស្នេហ៍រៀងៗខ្លួន ផ្អើលពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៀតផង។
សួស វីសា បានឱ្យដឹងថា នាងនឹងយកបទចម្រៀងល្បីរបស់នាងទៅបកស្រាយលើឆាកតន្ត្រីរដូវរងានោះ មានទាំងបទស្លូវ និងបទញាក់ ហើយនាងសង្ឃឹមថា បងប្អូននឹងទៅទស្សនាច្រើន។ ដោយឡែក យូរី វិញ ក៏មិនខុសពីសួស វីសា ដែរ បានត្រៀមរួចជាស្រេចនូវបទចម្រៀងល្បីៗរបស់ខ្លួនជាមួយសង្សារ លោកប៊ីម៉ូ ដូចជាបទ “ចាក់ទឹកដូង” និងបទ “រាំស្កុប”ជាដើម ហើយអ្នកចម្រៀងសាន់ដេ តូចច្រឡឹងនេះថា វាជាឱកាសរីករាយណាស់ ដែលនាងបានជួបជុំពលករជាច្រើននៅកូរ៉េ នេះ។
ក្រៅពីសួស វីសា និងយូរី តារាចម្រៀងដែលចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េខាងត្បូង ក្នុងកម្មវិធី “តន្ត្រីរដូវរងា” នេះ មានដូចជា លីនដា, សុភ័ក្ត្រ កុសុម៉ា, សាឡាត់ ស្រីឡាង, ប៉ីប៉ី ឌី, ថមមី, សៅ ឧត្តម, កែវ វាសនា, ម៉ៅ ហាជី, ថែល ថៃ, ពេជ្រ ថាណា, ម៉ាដូណា, នី រតនា ជាដើម។
លោកឧត្តុង អ្នកដឹកនាំតារាៗចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េ “តន្ត្រីរដូវរងា” បានឱ្យដឹងថា “មូលហេតុដែលតារាប្រុសស្រីចេញទៅច្រៀងសម្តែង ដល់ទៅ២៤ដួងនោះ គឺដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីកូរ៉េ និងចិន និងមួយទៀត ចង់ឱ្យបងប្អូនពលករខ្មែរ បានសប្បាយរីករាយទស្សនាការប្រគំតន្ត្រី ជួបជាមួយតារាល្បីៗរបស់កម្ពុជា អំឡុងពេលឈប់សម្រាកនៅប្រទេសកូរ៉េ និងរដូវរងា។
លោកមានជំនឿដែរថា “សម្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ជាង៤ម៉ឺននាក់នោះ យ៉ាងហោចណាស់មានពាក់កណ្តាល មកទស្សនាការប្រគំតន្ត្រីនេះដែរ។ ចំពោះការចំណាយថវិកា កម្មវិធី “តន្ត្រីរដូវរងា” នេះ អស់ទឹកប្រាក់ខ្ទង់១០ម៉ឺនដុល្លារ។
សួស វីសា ហាក់មិនទាន់ហ៊ានកំណត់ថ្ងៃចូលរោងការជាមួយប្រុសស្នេហ៍ ថមមី ឡើយ បើទោះជាពេលនេះ ពួកគេបង្ហាញស្នេហ៍ជាចំហក្តី។ ដោយឡែក យូរី និងសង្សារប៊ីម៉ូ វិញ ក៏អះអាងថា មមាញឹកក្នុងអាជីពសិល្បៈដែរ ហេតុនេះហើយការដឹកដៃគ្នាក្រាបផ្ទឹម មិនទាន់អាចរៀបចំបានឆាប់ៗឡើយ ទោះជាពេលនេះ ចំណងស្នេហារបស់ពួកគេត្រូវចាស់ទុំទាំងសងខាងបានដឹងឮទៅហើយក្តី៕