Wednesday, November 20, 2024
Homeតារាខ្មែរពេជ្រ សោភា ត្រូវប្រុសដាក់ថ្នាំពុលក្នុងស្រាឲ្យផឹក ធ្វើទុក្ខស្ទើរស្លាប់ស្ទើររស់

ពេជ្រ សោភា ត្រូវប្រុសដាក់ថ្នាំពុលក្នុងស្រាឲ្យផឹក ធ្វើទុក្ខស្ទើរស្លាប់ស្ទើររស់

តារាចម្រៀងដុះស្លែនៅផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានរៀបរាប់ទាំងឈឺចាប់ថា ក្នុងអាជីពចម្រៀងរបស់នាង ជាង១ទសវត្សកន្លងមកនេះ នាងធ្លាប់ជួបរឿងត្រូវគេប្រមាថមើលងាយដល់ទៅ២លើក ដែលធ្វើឱ្យក្នុងមួយជីវិតរបស់នាង មិនអាចបំភ្លេចបានឡើយ។

ទោះជាយ៉ាងណា ពេជ្រ សោភា ជឿជាក់ថា តារាចម្រៀងល្បីផ្សេងៗទៀត ក៏ធ្លាប់ជួបរឿងដូចនាងដែរ គ្រាន់តែគេមិនចង់ឱ្យគេដឹងប៉ុណ្ណោះ…។

បន្ទាប់ពីតារាចម្រៀងហង្សមាស ទេព បូព្រឹក្ស បានយំឡាំប៉ាផ្អើលហាងផឹកស៊ីសមុទ្រ ទាំងយប់អធ្រាត្រ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ព្រោះត្រូវបុរសស្រវឹងស្រាម្នាក់ ឈ្មោះឆេង រស្មី ជះស្រាបៀរទៅលើនាង ជោកខ្លួន ហើយទីបំផុត បូព្រឹក្ស ទាមទារសំណងពីនិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រងនោះ នូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ធ្វើឱ្យគ្រប់គ្នានិយាយថា ស្រាបៀរដែលថ្លៃជាងគេ១កំប៉ុង ១ម៉ឺនដុល្លារ គឺ Hite។

ដោយឡែក ពេជ្រ សោភា ដែលត្រូវបានគេចាត់ទុកថា ជាកំពូលតារាចម្រៀងនៅផលិតកម្មម្នាក់នោះ ធ្លាប់មានប្រវត្តិតស៊ូជិះម៉ូតូឌុបទៅច្រៀង និងធ្លាប់ត្រូវគេស្រោចស្រាបៀរ និងដាក់ថ្នាំពុលទៀតផង មុនពេលដែលនាងឈានចូលផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ២០០៥។

ពេជ្រ សោភា ត្រូវបានគេដឹងថា នាងធ្លាប់ច្រៀងនៅភោជនីយដ្ឋានរាត្រី ខាងក្រោយអតីតក្រសួងទេសចរណ៍ចាស់ និងក្លឹបស្ប៉ាក នៅមុខទូតចិន។ ក្នុងការធ្វើជាតារាចម្រៀងពេលរាត្រីនោះ ពេជ្រ សោភា និយាយទាំងអួលដើមកថា នាងធ្លាប់ត្រូវបានគេដាក់ថ្នាំពុលឱ្យផឹក ស្ទើរតែស្លាប់ ហើយមានពេលមួយនោះ ភ្ញៀវម្នាក់ខឹងនាងមិនមកផឹកជាមួយ លើកយកស្រា ពេញមួយថូ ស្រោចជោកលើខ្លួននាងតែម្តង។

តារាចម្រៀងហង្សមាស រូបនេះ រៀបរាប់ប្រវត្តិកម្សត់ថា “ពេលខ្ញុំច្រៀងនៅស្ប៉ាក ហ្នឹង មានយប់មួយ ខ្ញុំត្រូវបានភ្ញៀវលើកយកកែវស្រាមកឱ្យផឹក ព្រោះបើយើងមិនផឹកទេ គាត់ថា មិនរាប់អានគាត់។ មានអី ពេលដែលខ្ញុំផឹកទៅថ្នាំពុលបានធ្វើទុក្ខខ្ញុំស្ទើរផុតដង្ហើម។ តារាចម្រៀងដែលច្រៀងជាមួយខ្ញុំនៅហ្នុង ដឹងទាំងអស់ហើយ ខ្ញុំតេឱ្យម្តាយខ្ញុំយកទៅពេទ្យទាន់ពេល។ ចំណែករឿងមួយទៀត មានយប់មួយ ខ្ញុំច្រៀងនៅហាងរាត្រី មានភ្ញៀវម្នាក់ គាត់ហៅខ្ញុំឱ្យ មកផឹកនៅតុគាត់ដែរ។ ខ្ញុំមិនចង់ទៅទេ ព្រោះខ្ញុំមិនចេះផឹក តែដោយសារគាត់ហៅច្រើនដងពេក ខ្ញុំក៏ដើរទៅតុគាត់ ហើយមិនទាន់ទាំងបានអង្គុយចុះផង ស្រាប់តែគាត់លើកស្រាពេញមួយថូ ស្រោចលើខ្ញុំឡើងជោក ធ្វើឱ្យអ្នកផឹកស៊ីនៅជិតហ្នឹងមើលគ្រប់គ្នា។ ខ្ញុំមិនបាននិយាយអីទៅគាត់ទេ គ្រាន់តែដើរចេញ ហើយសម័យហ្នុង ក៏គ្មានហ្វេសប៊ុកបង្ហោះដូចអីដូចឥឡូវដែរ។ អ៊ីចឹងរឿង២យ៉ាងនេះ ខ្ញុំចាំមិនភ្លេចទេ រហូតមកដល់ពេលនេះ គឺថតជាប់ខួរក្បាលតែម្តង។ ប៉ុន្តែ ខ្ញុំជឿថា អ្នកចម្រៀងផ្សេងទៀត ក៏ធ្លាប់ជួបរឿងដូចខ្ញុំ កាលពីឆ្នាំ២០០៤ហ្នឹងដែរ គ្រាន់តែគាត់មិនបញ្ចោញឱ្យគេដឹង ឬចង់លាក់លៀមប៉ុណ្ណឹង”។

ពេជ្រ សោភា បានអះអាងថា នាងមិនបានជេរស្តីទៅលើបុរសដែលដាក់ថ្នាំពុលក្នុងស្រាឱ្យនាងផឹក និងបុរសដែលយកស្រាស្រោចលើខ្លួននាងទេ ព្រោះអាចទប់អារម្មណ៍បាន។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក បុរសដែលយកស្រាបៀរ១ថូ ងូតឱ្យនាង ផ្អើលពេញហាងនោះ បានមកសុំទោសនាង ហើយនាងក៏មិនប្រកាន់ដែរ។ ចំណែកបុរសដែលឱ្យនាងលើកដាច់ ១កែវ ស្ទើរតែចង់អស់ជីវិតនោះ មិនបានសុំទោសនាងឡើយ រហូតមកដល់ពេលនេះ។

តាមរយៈការធ្លាប់មានប្រវត្តិជូរចត់ ក្នុងជីវិតទម្រាំបានក្លាយជាតារាចម្រៀងល្បី ដោយសារហង្សមាសបានផ្លាស់ប្តូរជីវភាពរបស់នាងនេះ ហេតុនេះហើយបានជាសោភា ថា នាងដឹងគុណហង្សមាស អស់មួយជីវិត ហើយថ្ងៃក្រោយបើនាងចង់បញ្ចប់អាជីពចម្រៀង ក៏នៅត្រឹមហង្សមាស ដែរ។ ប៉ុន្តែ ទោះជារឿងពេជ្រ សោភា ត្រូវគេជះស្រាបៀរដាក់ និងដាក់ថ្នាំពុលឱ្យនាងផឹក បានរំលងទៅជាច្រើនឆ្នាំក្តី ប៉ុន្តែ កាលពីឆ្នាំ២០១៧ សោភា ក៏ត្រូវបានបុរសម្នាក់ប្រើគណនេយ្យ ឈ្មោះ “អធិរាជមហាសាច់” បានរិះគន់តារាចម្រៀងរូបនេះ យ៉ាងស្ពឹកមុខដែរ នៅពេលដែលសោភា ចេញបទ “បីឆ្កែទៅរាំ” ដោយ បុរសជាយោធានោះថា បទនេះ គ្មានប្រយោជន៍ដល់ជាតិ ហើយអ្នកបីឆ្កែទៅរាំ មានតែមនុស្សឆ្កួត ជាដើម។

ពេជ្រ សោភា បន្ថែមថា “ពិតហើយ គាត់រិះគន់ខ្ញុំខ្លាំង ណាស់។ ប៉ុន្តែ ខ្ញុំចាំបានថា នៅទីបំផុត គឺគាត់ក៏ដូចជាអ្នក ជះស្រាលើខ្ញុំដែរ គឺសុំទោសខ្ញុំដូចគ្នា ហើយខ្ញុំក៏មិនគុំកួន ប្រកាន់ខឹងលើគាត់ដែរ។ ខឹងគាត់ធ្វើអី បើគាត់ដឹងខុស សុំទោសយើងហើយហ្នឹង?”៕

RELATED ARTICLES