តារាសម្តែងស្រីស្អាត ហង្ស ស្រីរ័ត្ន បានបង្ហាញភាពរីករាយជាខ្លាំង នៅពេលដែលត្រូវថៅកែប៉ុស្តិ៍លេខ៥ លោក Supachai Verapuchong ចាប់រង្វាន់បានទូរទស្សន៍៤២អ៊ីង ១រង្វាន់ ត្រូវចំឈ្មោះរបស់នាង ក្នុងពិធីជប់លៀងធំរបស់ប៉ុស្តិ៍លេខ៥ ប្រចាំឆ្នាំ ដែលធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល់) ដោយមានការចូលរួមពីតារាសម្តែងប្រុសស្រី អ្នកសារព័ត៌មាន និងបុគ្គលិកជាច្រើនរបស់ស្ថានីយនេះ។
ស្រីស្រស់រោមជើងដៃឆ្មារៗ គួរឱ្យគ្រឺតក្នាញ់ ហង្ស ស្រីរ័ត្ន ជាតារាសម្តែងដែល ធ្លាប់ថតរឿង “មន្តស្នេហ៍អនុសេនីយ៍” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានលោក Nuttavuth Photisaro ជាឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ប្រគល់រង្វាន់ទូរទស្សន៍ដល់ស្រីស្រស់ ដើម្បីទុកសម្រាប់ទស្សនាកម្សាន្តពេលនៅផ្ទះ។
ហង្ស ស្រីរ័ត្ន បានឱ្យដឹងថា “នៅឆ្នាំ២០១៩ នេះ នាងមិនទាន់មានគម្រោងថតរឿងថ្មីទេ ទាក់ទងរឿងដុំ និងរឿងភាគ ព្រោះពេលនេះ នាងជាប់រវល់ធ្វើជាទូតសុច្ឆន្ទៈឱ្យក្រុមហ៊ុនបរទេសមួយ ដែលតម្រូវឱ្យនាងចេញទៅឃោសនាផលិតផលនេះនៅក្រៅប្រទេស តាមលក្ខខណ្ឌដែលបានចុះកុងត្រា ដូចជាថ្មីៗនេះ នាងទើបវិលត្រឡប់មកពីប្រទេសសិង្ហបុរី ហើយនៅប៉ុន្មានថ្ងៃខាងមុខ ត្រូវទៅប្រទេសចិន ទៀតផង”។
តារាសម្តែងវ័យក្មេង ស្រីរ័ត្ន បានឱ្យដឹងទៀតថា “ការចេញទៅឃោសនាកាបូប និងវ៉ាលីស ទាំងនោះ មិនតម្រូវឱ្យនាងធ្វើការធ្ងន់ទេ គឺឱ្យតែចេញទៅណា គឺត្រូវប្រើប្រាស់អីវ៉ាន់ជារបស់គេ មានកាបូប និងវ៉ាលីស ជាដើម ហើយនាងជាតារាសម្តែងតែម្នាក់គត់របស់ខ្មែរ ដែលត្រូវក្រុមហ៊ុនមួយនោះជ្រើសរើសធ្វើជា Ambassador”៕