ពិធីការិនីឌួង ហ្សូរីដា ដែលមានអាយុ៣០ក្រាស់ទៅហើយនោះ នៅឆ្នាំ២០១៩ នេះ នាងបានអះអាងថា មិនទាន់ចង់ចូលរោងការឡើយ។ ចំពោះមូលហេតុនៃការក្រាបផ្ទឹមនេះ ត្រូវបានហ្សូរីដា អះអាងថា ដោយសារតែនាងជាប់មមាញឹកផ្ទាល់ខ្លួន និងមើលថែជំងឺម្តាយ។
តើឌួង ហ្សូរីដា អាចពន្យារពេលរៀបការដូចអ្នកនាងយុគ ចិន្តា ?
ឌួង ហ្សូរីដា វាចាថា “ខ្ញុំមិនចង់និយាយរឿងឯកជនទេ។ រឿងរៀបការពេលណាហ្នឹង រឹតតែកំណត់លែងបានទៀត ហើយមិនអាចនិយាយបានទេរឿងហ្នឹង។ ខ្ញុំក៏មិនចង់និយាយទុកមុនដែររឿងរៀបការនេះ ព្រោះអីឥឡូវជាប់រវល់ខ្លាំងរឿងរកស៊ីហ្នឹងតែម្តង។ ម៉្យាងទៀតជាប់មើលថែអ្នកម្តាយដែលឈឺផង អ៊ីចឹងគ្មានពេលគិតរឿងរៀបការទេ”។
ទោះជាឌួង ហ្សូរីដា ហាក់មិនចង់ទម្លាយរឿងក្រាបផ្ទឹមមែន តែតាមព័ត៌មានបានឱ្យដឹងថា ហ្សូរីដា មិនមែនទុកបេះដូងឱ្យនៅទំនេរឡើយ គឺពេលនេះ នាងមានម្ចាស់ចិត្តរួចទៅហើយ គ្រាន់តែមិនដែលបណ្តើរគ្នាជាចំហឱ្យគេបានឃើញប៉ុណ្ណោះ។
ប្រភពបានឱ្យដឹងថា គូស្នេហ៍ហ្សូរីដា ជាបុរសមានតួនាទីខ្ពស់ក្នុងជួររាជការ តែហ្សូរីដា ព្យាយាមលាក់មុខគូស្នេហ៍ មិនឱ្យមិត្តភក្តិរួមអាជីពស្គាល់ឡើយ។
ប្រភពបានឱ្យដឹងបន្តថា ហ្សូរីដា មានបំណងធំចង់ក្លាយទៅជាអ្នកជំនួញធំឱ្យបានដូចបំណងសិន ទើបនាងរៀបការ បើទោះជាពេលនេះ នាងមានមុខរបរធំក្នុងដៃដោយបើកហាងនាំចូលផលិតផលរក្សាសម្រស់ពីកូរ៉េ មកលក់ជោគជ័យយ៉ាងខ្លាំង នៅ២ឆ្នាំចុងក្រោយនេះក្តី។ ហ្សូរីដា ក៏មានផ្ទះវីឡា, រថយន្តទំនើបៗ និងដីធ្លីមួយចំនួនទៀតដែរ ហេតុនេះហើយបានជាមិត្តភក្តិអ្នកសិល្បៈមួយចំនួនបានហៅហ្សូរីដា ថា “សេដ្ឋិនីលាក់មុខ”។
ឌួង ហ្សូរីដា និយាយបែបមិនចង់បញ្ចោញទ្រព្យថា នាងមានជីវភាពសមរម្យ ចំពោះផ្ទះវីឡានោះ គឺសម័យនេះទៅហើយ អ្នកណាក៏អាចបង់រំលស់បានដែរ។ ចំពោះការលក់ផ្ទះ លក់ដីវិញ គឺនាងបានរកស៊ីផ្នែកអចលនទ្រព្យនេះ ៥ឆ្នាំទៅហើយ គ្រាន់តែបែបតូចតាច មិនធំដុំដូចគេ ហើយនាងទិញផ្ទះនៅតំបន់ណាដែលអាចឡើងថ្លៃពេលត្រូវការលុយ ដូចជា ម្តាយនាងឈឺអ៊ីចឹង គឺលក់ចេញភ្លាម បើទោះជាចំណេញបានតិចបំផុតក៏ដោយ។
ពិធីការិនីទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហ្សូរីដា បន្ថែមថា “ដូចដឹងហើយថា ផ្ទះខ្ញុំមានតែស្រីៗទេ ហើយខ្ញុំជាបងគេ អ៊ីចឹងទាល់តែយើងរឹងមាំមែនទែន ទើបអាចទៅរួច។ ម្តាយខ្ញុំមុនហ្នឹងឈឺធ្ងន់ ហើយសឹងតែវិវត្តទៅរកជំងឺក្រលៀន ដូចខេមរៈ ស្រីពៅ ទៅហើយ តែសំណាងល្អ ខ្ញុំព្យាបាលគាត់ទាន់ កុំអីយើងត្រូវការមើលគាត់ហ្នឹងមាន តែត្រៀមលុយជាង១០ម៉ឺនដុល្លារ ឱ្យហើយទៅ។ ពេលនេះម្តាយខ្ញុំគ្រាន់បើហើយ តែគាត់លេបថ្នាំជាប្រចាំ និងតម្រូវទៅពិនិត្យនៅពេទ្យថៃ ២ខែម្តងយ៉ាងទៀងទាត់ អ៊ីចឹងយើងត្រូវត្រៀមលុយរហូត”។
ឌួង ហ្សូរីដា ដែលជាថៅកែហាងរក្សាសម្រស់ “មុទិតា”នោះ បានឱ្យដឹងថា នាងមានបំណងជួយស្ត្រីមេផ្ទះទាំងឡាយ ដែលនៅផ្ទះទំនេរគ្មានការងារធ្វើ កុំឱ្យគេថា ចាំចាយលុយប្តីនោះ តាមរយៈការរៀនលក់ផលិតផលតាម Online បើទោះជាគ្មានដើមទុនច្រើនក៏ដោយ ក៏អាចធ្វើបានដែរ ព្រោះថា អាចយកផលិតផលទាំងនោះពីនាងតែម្តង តាមរយៈការទិញចាប់ពីមួយឡូតិ៍ទៅ នាងលក់ក្នុងតម្លៃពិសេសតែម្តង។
ហ្សូរីដា សង្កត់ថា “នៅឆ្នាំ២០១៩ នេះ ខ្ញុំមានបំណងធំមួយគឺជួយដល់បងប្អូនស្ត្រីមេផ្ទះ ទាំងឡាយណាដែលគាត់ចង់រកស៊ីលក់តាម Online កុំឱ្យគាត់នៅទំនេរ។ ខ្ញុំនឹងជួយបង្រៀនពួកគាត់ឱ្យចេះរកស៊ី លក់ផលិតផលតាម Online ហ្នឹង ហើយកុំភ័យអី មិនចាំបាច់មានដើមច្រើនបានរកស៊ីបានទេ។ មកយកផលិតផលពីខ្ញុំលក់បន្តក៏បាន ខ្ញុំនឹងលក់ឱ្យក្នុងតម្លៃពិសេស ដើម្បីឱ្យបងប្អូនមានការងារធ្វើ កុំឱ្យគេថាយើងដេកចាយលុយប្តី”៕