យោងតាមប្រភពព័ត៌មានពីសមាគមបាល់ទាត់ប៉ារ៉ាហ្គាយ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Juan Carlos Osorio បានចាកចេញពីក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ បន្ទាប់ពីដឹកនាំបានរយៈពេល៥ខែ។
នៅនៅក្នុងសន្និសីទកាសែត លោក Osorio បានថ្លែងថា ខ្ញុំមកទីនេះ ដើម្បីប្រាប់គ្រប់ៗគ្នាពីមូលហេតុដែលខ្ញុំសម្រេចចាកចេញពីកៅអីគ្រូបង្វឹកក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ គឺដោយសារហេតុផលក្រុមគ្រួសារ ។ ជាសំណាងអាក្រក់ ខ្ញុំមិនអាចបន្តដឹកនាំបានតទៅទៀត។
គ្រូបង្វឹកសញ្ជាតិកូឡុំប៊ី ទើបតែបានចូលមកដឹកនាំក្រុមជម្រើសជាតិប៉ារ៉ាហ្គាយកាលពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ២០១៩ ទើបតែដឹកនាំបានមួយប្រកួតប៉ុណ្ណោះ។
លោក Robert Harrison ប្រធានសមាគមបាល់ទាត់ប៉ារ៉ាហ្គាយបាននិយាយថា “ការសម្រេចចិត្តរបស់លោក Osorio បានធ្វើឡើងកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បត៍ ហើយវាគឺជាការព្រមព្រៀងគ្នាដើម្បីរំលាយកុងត្រានេះ”។
លោក Harrison បានបន្តទៀតថា “សមាគមកំពុងស្វែងរកគ្រូបង្វឹកថ្មី”។
ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ នឹងត្រូវធ្វើការប្រកួតជាមួយក្រុម ប៉េរូ នៅថ្ងៃទី២២ ខែមីនា និងម៉ិកស៊ិក នៅថ្ងៃទី២៦ និងការប្រកួតសំខាន់ពានរង្វាន់ Copa America ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសប្រេស៊ីល៕