ក្រៅពីអាជីពសិល្បៈ យក់ ថិតរដ្ឋា បានបើកហាង “ឆប” នៅទល់មុខផ្សារម៉ាក្រូ សែនសុខ ហើយតាមព័ត៌មានថា នៅដើមឆ្នាំ២០១៩នេះ រដ្ឋា ត្រៀមសម្ពោធហាងក្រណាត់មួយទៀត ដែលមានការបោះទុនធំរហូតដល់ទៅ១០ម៉ឺនដុល្លារឯណោះ។
យក់ ថិតរដ្ឋា បានឱ្យដឹងទៀតថា “ចំពោះហាងលក់ក្រណាត់ ហូល ផាមួង ជាដើមនោះ គឺខ្ញុំកំពុងរៀបចំមែននៅផ្ទះខ្លួនឯងស្រាប់ នៅក្បែរផ្សារអ៊ីអន២ហ្នឹងដែរ។ ខ្ញុំស្រលាញ់ហាងក្រណាត់ហ្នឹងយូរហើយ ទើបសម្រេចចិត្តបើកបាននៅឆ្នាំនេះ។ រឿងគម្រោងចំណាយទៅលើហាងក្រណាត់ហ្នឹងវិញ យើងត្រៀមពី៥ទៅ១០ម៉ឺនដុល្លារ ហើយយើងមិនមានការព្រួយបារម្ភខ្លាំងទេ ព្រោះអីមានផ្ទះខ្លួនឯងស្រាប់ មិនពិបាកជួលគេ”។
យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ហើយពេលនេះទទួលបានចំណងដៃកូនប្រុស២នាក់ហើយ។
អតីតតារាចម្រៀងផលិតកម្មហង្សមាស រដ្ឋា ក៏មានគម្រោងយកកូនស្រីម្នាក់ទៀត ដើម្បីរឹតចំណងស្នេហាថែមទៀតដែរ ប៉ុន្តែពេលដែលនាងចូលទៅផលិតកម្មថោន ក៏ផ្លាស់ប្តូរចិត្តពន្យារពេលយកកូនស្រីវិញ។
គូស្នេហ៍យក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត តាំងពីចាប់ដៃគ្នា១៣ឆ្នាំមក ពួកគេមិនដែលមានទំនាស់ ឬល្អក់កករក្នុងរង្វង់គ្រួសារឡើយ ដោយរដ្ឋា នៅតែបន្តអាជីពសិល្បៈ ចំណែកលោកប៉ុណ្ណាដែត ងាកទៅរកស៊ីផ្នែកអចលនទ្រព្យ និងបើកភោជនីយដ្ឋាន។
គូស្នេហ៍តារាល្បី អ្នកនាងថិតរដ្ឋា និងលោកប៉ុណ្ណាដែត ក៏ត្រូវបានគេចាត់ទុកថា ជាតារាគំរូស្នេហានៅក្នុងសិល្បៈដែរ ក្រោយពេលអ្នកនាងចន ច័ន្ទលក្ខិណា និងលោកយុត្ថារ៉ា ឆាន្នី លែងលះគ្នាកាលពីឆ្នាំ២០១១មក។
អ្នកសិល្បៈនិងមហាជនជាច្រើន បានសរសើរដែលអ្នកនាងថិតរដ្ឋា និងប្តី នៅពេលនេះ កាន់តែមានទ្រព្យច្រើនឡើងៗ ហើយថែមទាំងរក្សាចំណងស្នេហាមិនឱ្យមានភាពរង្គោះរង្គើ ជាង១ទសវត្សមកនេះ គឺពួកគេគិតតែខំប្រឹងប្រែងសម្រុករកលុយ តាមរយៈការពង្រីកមុខជំនួញជាបន្តបន្ទាប់ ខណៈដែលលោកប៉ុណ្ណាដែត កាក់កបខ្លាំងរឿងរកស៊ីលក់ផ្ទះល្វែង ទើបធ្វើឱ្យពួកគេក្លាយទៅជាតារាដែលស្ថិតក្នុងចំណោម អ្នកមានទ្រព្យ ដូចជា លោកព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត , ចា រិទ្ធី , ឆាយ វីរៈយុទ្ធ , អ្នកនាងយុគ ចិន្តា , គង់ សុជាតិ , ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម។
តារាសិល្បៈរួមអាជីពជាច្រើន និយាយថា យក់ ថិតរដ្ឋា មានសំណាងធំ ដែលនាងមានស្វាមីល្អ លោកឃុំ ប៉ុណ្ណាដែត ផ្គាប់ចិត្តនាងគ្រប់យ៉ាង ពិសេស គឺឱ្យតែថិតរដ្ឋា ចង់ជិះរថយន្តអី គឺបានដូចចិត្តភ្លាម។ ចំណែកនៅឆ្នាំ២០១៩នេះ គេឃើញយក់ ថិតរដ្ឋា ងាកមកជិះរថយន្ត Lexus LX 570 វិញ ដូចគ្នាទៅនឹងឈួន សុវណ្ណឆ័យ , គង់ វង្សយ៉ាទី , សឿ សុធារ៉ា , លី ម៉ារីណា និងម៉ាក សែនសូនីតា ដែរ៕