សួស វីសា បានលាតត្រដាងស្នេហ៍ជាមួយប្រុសក្មេង លោកប៊ុនថុល ប៊ុនថង ហៅថមមី ជាចំហ ក្រោយពីអតីតគូដណ្តឹងរបស់នាង លោកមាស សាឡី បានរៀបការចោល។ យ៉ាងណា វីសា ថា នាងមិនតក់ក្រហល់ក្នុងការដឹកដៃសង្សារចូលរោងការឡើយ គឺយ៉ាងហោចណាស់៥ឆ្នាំទៀត ព្រោះនាង ចង់រៀបការឱ្យដូចឱក សុគន្ធកញ្ញា ដែរ…។
សួស វីសា បានទទួលស្គាល់ថា បើសិនជានាងដឹកដៃសង្សារបណ្តូលចិត្ត លោកថមមី ចូលរោងការនៅពេលនេះ គឺ១០០% ច្បាស់ជាប៉ះពាល់ដល់អាជីពសិល្បៈជាមិនខានឡើយ ហេតុនេះហើយ នាងសូមពេលពិចារណាឱ្យបានល្អិតល្អន់ យ៉ាងហោចណាស់ក៏៥ឆ្នាំទៅមុខទៀតដែរ ព្រោះនាងបានយកគំរូតាមឱក សុគន្ធកញ្ញា ដែលជាតារារៀមច្បងម្នាក់ ទាំងអាជីពសិល្បៈ និងការរៀបការ គឺច្បាស់លាស់ណាស់។
សួស វីសា វាចាថា “ខ្ញុំចង់រៀបការដូចបងឱក សុគន្ធកញ្ញា ដែរ គឺពួកគាត់ស្រលាញ់គ្នាយូរឆ្នាំមកហើយ ទើបគិតរឿងរៀបការ។ ឆ្នាំនេះ ខ្ញុំមានអាយុ២៨ឆ្នាំហើយ អ៊ីចឹងអាច៥ឆ្នាំទៀត នៅពេលដែលខ្ញុំអាយុ៣៣ឆ្នាំ ទើបខ្ញុំចង់រៀបការ។ ចំពោះអារម្មណ៍ខ្ញុំផ្ទាល់គិតថា បើខ្ញុំនិងសង្សារ រៀបការនៅពេលនេះ គឺប្រាកដជាប៉ះពាល់ដល់អាជីពសិល្បៈទាំងសងខាង អ៊ីចឹងខ្ញុំមិនទាន់ចង់ការនៅពេលហ្នឹងទេ។ ខ្ញុំចង់ឱ្យមានអ្វីៗគ្រប់យ៉ាងជាមុនសិន ទើបរៀបការពេលក្រោយ”។
សួស វីសា ធ្លាប់ភ្ជាប់ពាក្យជាមួយតារាចម្រៀងមាស សាឡី តែបានចែកផ្លូវគ្នាវិញ អំឡុងពេលដែលនាងចូលច្រៀងនៅហង្សមាស កាលពីឆ្នាំ២០១០ ហើយពេលនេះ លោកសាឡី បានរៀបការប្រពន្ធថ្មីចោលនាងបាត់ទៅហើយ។ ដោយឡែក វីសា វិញ ក៏មិនឱ្យចាញ់អតីតសង្សារដែរ គឺនាងរកបានប្រុសក្មេងថមមី ស្អំរបួសបេះដូង ហើយពេលនេះ ពួកគេបង្ហាញភាពផ្អែមល្ហែមដូចគូស្វាមីភរិយា ទើបរៀបការថ្មោងថ្មីអ៊ីចឹង។
ការពន្យារពេលរៀបការដល់ទៅ៥ឆ្នាំ របស់សួស វីសា នៅពេលនេះ ប្រាកដជាធ្វើឱ្យប្រុសក្មេងថមមី ភ័យបុកពោះជាមិនខាន ព្រោះមានដំណឹងថា តាំងពីផ្តាច់ស្នេហ៍ពីអតីតគូដណ្តឹងមក វីសា មានមន្ត្រីធំៗតាមស្នេហាច្រើន ហេតុនេះហើយ បើថមមី មិនប្រញាប់ដឹកដៃបណ្តូលចិត្តរៀបការឱ្យបានរហ័សទេ ចំណងស្នេហាពួកគេអាចនឹងមានការប្រែប្រួលជាមិនខានឡើយ។
អតីតតារាចម្រៀងផលិតកម្ម Rock បញ្ជាក់ថា “ខ្ញុំនិងគាត់ (ថមមី) មិនទាន់បានភ្ជាប់ពាក្យអីទេ តែចាស់ទុំទាំងសងខាងបានដឹងឮរឿងនេះអស់ទៅហើយ អ៊ីចឹងខ្ញុំមិនគិតថា អាចមានការប្រែប្រួលនោះទេ។ ចំពោះរឿងមានអ្នកផ្សេងតាមស្រលាញ់ គឺពិតជាមានមែនហើយ អ្វីដែលខ្ញុំហួសចិត្តនោះ គឺមានទាំងស្រីតាមសុំស្រលាញ់ ក៏មានដែរ។ ខ្ញុំមិនដឹងថា និយាយម៉េចទេ ពេលឮអ៊ីចឹង គ្រាន់តែបញ្ជាក់ថា ខ្ញុំអត់ស្រលាញ់ស្រីៗទេ គឺស្រលាញ់ប្រុសសុទ្ធតែម្តង…”។
យ៉ាងណា មហាជនរង់ចាំមើលថា តើរយៈពេល៥ឆ្នាំទៀត ស្នេហាវីសា និងលោកថមមី កាន់តែរឹងមាំថែមទៀត ឬអាចដើរជាន់ដានចាស់?…៕