Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិទឹក​ស្ទឹង​ក្រោម​ស្ពាន​​អូរច្រា ​ក្លាយ​​ជា​​កន្លែង​​ទេស​​ចរ​ងួត​ទឹក​លេង

ទឹក​ស្ទឹង​ក្រោម​ស្ពាន​​អូរច្រា ​ក្លាយ​​ជា​​កន្លែង​​ទេស​​ចរ​ងួត​ទឹក​លេង

ខេត្តប៉ៃលិន ៖ ទឹកហូរមិនជ្រៅប៉ុន្មាននៅក្រោមស្ពានអូរច្រា ហៅស្ពានតារៀប ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន រហូតមកដល់ពេលនេះ ក្លាយទៅជាកន្លែងកំសាន្ត ទាក់ទា ញប្រជាពលរដ្ឋជាច្រើននាក់ ឱ្យនាំគ្នា ជិះកង់ ម៉ូតូ អ្នកខ្លះទៀត បានបើកបររថយន្តដឹកក្រុមគ្រួ សារ សាច់ញាតបងប្អូន ទៅចុះងូតទឹកលេងយ៉ាងសប្បាយរីករាយ បំបាត់ក្តីកង្វល់ក្នុងអារម្មណ៍ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកខ្លះទៀត បានយកកញ្ច្រែង និងដែកស្បែងទៅអង្គុយជីកដីរែងរកត្បូងដ៏មានតម្លៃថែមទៀតផង ។ ហើយលើសពីនោះនៅ ជុំវិញមាត់ស្ទឹង ប្រជាពលរដ្ឋមួយ ចំនួន បាននាំគ្នាកាប់ឆ្កាព្រៃ សង់ជារោងខ្ចុះ ដើម្បីដាក់លក់ម្ហូបអាហារ និងភេសជ្ជៈគ្រប់ សម្រាប់ឱ្យភ្ញៀវចូលទៅទិញពិសារជួបជុំមិត្តភក្តិដោយមានក្តីសុខផងដែរ ។

Eco12

ប្រជាពលរដ្ឋដែលនាំគ្នាទៅចុះងូតទឹកស្ទឹងស្ពានតារៀប បានឱ្យដឹងថា បច្ចុប្បន្ននេះ ជា រៀងរាល់ល្ងាច ប្រជាពលរដ្ឋរស់នៅក្រុងប៉ៃលិន បាននាំគ្នាធ្វើដំណើរទៅលេងកំសាន្តនៅក្នុងស្ទឹងក្រោមស្ពានតារៀប ដែលជាទឹកស្ទឹងហូរធ្លាក់ចុះមកពីលើភ្នំខៀវ ឆ្លងកាត់សង្កាត់បយ៉ាខា ហូរធ្លាក់ឆ្ពោះរហូតទៅដល់ខេត្តបាត់ដំបងឯណោះ ។ ប្រភពបន្តទៀតថា បើគេសង្កេតមើលទិដ្ឋភាពក្រោមស្ពាន អ្នកខ្លះបានយករថយន្តទៅលាងក្នុងស្ទឹង ខ្លះចុះងូតទឹកលេង និងខ្លះទៀតជីកដីរែងត្បូងយ៉ាងសប្បាយរីករាយ បើទោះបីជាបានកំទេចតូចៗ ក៏ដោយ ក្នុងនោះមានជន ជាតិកូរ៉េពីរបីនាក់ផងដែរ ។ ចំណែកភ្ញៀវទេសចរក្នុងស្រុក និងមកពីខេត្តឆ្ងាយៗ ក៏ចូលទៅសម្រាកលេងនៅតាមរោងខ្ចុះដែលគេសង់ក្បែរមាត់ស្ទឹង ដើម្បីកម្មង់ទិញម្ហូបអាហារ និងគ្រឿងភេសជ្ជៈទទួលទាន ជួបជុំមិត្តភក្តិ រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។ ម្យ៉ាងទៀត នៅសងខាងស្ទឹងមួយនេះ អាជ្ញាធរខេត្ត បានអភិវឌ្ឍន៍សាងសង់ជាផ្លូវ ដើម្បីងាយស្រួលធ្វើដំណើរជិះរថយន្តដើរលេងកំសាន្តយ៉ាងងាយស្រួល ។

Eco13

បើតាមសម្តីអ្នកលក់ដូរនៅក្បែរមាត់ស្ទឹងបានឱ្យដឹងថា ការលក់ដូរនៅត្រង់កន្លែងក្បែរ ស្ពានអូរច្រានេះ មានការកាក់កបរាល់ថ្ងៃដែរ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានមនុស្សចេ ញចូលទៅអង្គុយលេង និងទិញម្ហូបអាហារទទួលទានពេញៗរោងតែម្តង ។ លើសពីនេះ នៅរដូវបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងរដូវភ្ជុំបិណ្ឌវិញ មានភ្ញៀវច្រើនអង្គុយលេងកំសាន្តមើលទឹ កហូរ ក្នុងស្ទឹងក្រោមស្ពានតារៀប ដែលពេលនេះស្ទើរតែក្លាយទៅជាកន្លែងរមណីយដ្ឋានទៅហើយ ។ អ្នកលក់បញ្ជាក់ទៀតថា នៅក្នុងស្ទឹងមួយនេះ ទឹកហូរខួបប្រាំងខួបវស្សា សូម្បីទឹក ធ្លាក់ភ្នំខៀវរីងខះអស់នៅរដូវប្រាំង ក៏ទឹកស្ទឹងមួយនេះ អត់រីងនោះដែរ ព្រោះមានប្រភពទឹកហូរធ្លាក់មកពីប្រទេសថៃ ៕

ដោយ ៖ រតនៈ

Eco14

RELATED ARTICLES