Tuesday, April 30, 2024
Homeព័ត៌មានជាតិនារីក្លាហានប្រដេញម៉ូតូបំបុកដួល ចោរភ័យរត់បាតជើងសព្រាត

នារីក្លាហានប្រដេញម៉ូតូបំបុកដួល ចោរភ័យរត់បាតជើងសព្រាត

ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ខា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអ្នកចម្រៀង តាមអ័រកាដង់។

បើតាមសម្តីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុនោះឱ្យ ដឹងថា មុនកើតហេតុ រូបនាងបានចេញពីកម្មវិធីមួយកន្លែង ដោយបើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល ១K-០០៣៦ ធ្វើដំណើរត្រឡប់ មកវិញ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BS-២២១៣ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាកអាយហ្វូន ស៊ិចផ្លើស ពីនាង ដែលកំពុងតែនិយាយបានសម្រច។

នារីរងគ្រោះបន្តថា ភ្លាមៗនោះ រូបនាងបានសាងលេខម៉ូតូ ហើយបើកដេញបំបុកម៉ូតូ ជនសង្ស័យឱ្យដួលទាំងសងខាង បណ្តាលឱ្យនាងរងបួសបែកមុខបែកមាត់ ដណ្តើមយកទូរស័ព្ទពីជនសង្ស័យបានវិញ។ ចំណែកជនសង្ស័យងើបរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូ ដែលជិះធ្វើសកម្មភាពឆក់នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមរថយន្តមួយគ្រឿង យកទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ បណ្តោះអាសន្ន ដោយ ទុកម៉ូតូរបស់នារីរងគ្រោះ រង់ចាំប្រគល់ឱ្យជនរងគ្រោះវិញ។ ចំណែកម៉ូតូជនសង្ស័យ សមត្ថកិច្ច ទុកធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES