Wednesday, April 24, 2024
Homeព័ត៌មានជាតិបញ្ហា​ការ​ពារ​ព្រៃ​ឈើ សង្ឃ​ប៊ុត ប៊ុន​តិញ ថា មន្ត្រី​ក្រោម​ឱវាទ​ប្រមាទ​ប្រសាសន៍​សម្តេច ហ៊ុន សែន

បញ្ហា​ការ​ពារ​ព្រៃ​ឈើ សង្ឃ​ប៊ុត ប៊ុន​តិញ ថា មន្ត្រី​ក្រោម​ឱវាទ​ប្រមាទ​ប្រសាសន៍​សម្តេច ហ៊ុន សែន

ភ្នំពេញ ៖ ប្រធានអង្គការព្រះពុទ្ធសាសនា  ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណប៊ុត ប៊ុនតិញ បានលើកឡើងថា ប្រសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខ រាជរារដ្ឋាភិបាល ទាក់ទងនឹងការការព្រៃឈើ នៅតែគ្មានប្រសិទ្ធភាព ព្រោះមន្ត្រីក្រោមឱវាទ  កំពុងតែប្រមាទលើប្រសាសន៍របស់សម្តេច  បណ្តោយឱ្យការកាប់បំផ្លាញព្រៃឈើនៅតែ បន្តកើតមាន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ ព្រះអង្គ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ព្រះតេជគុណប៊ុត ប៊ុនតិញ សកម្មជនការពារ បរិស្ថាន ដែលពេលនេះកំពុងគង់នៅសហរដ្ឋ អាមេរិក បានសរសេរខ្លីថា “ប្រសាសន៍ញោម នាយករដ្ឋមន្ត្រី ចំពោះការការពារព្រៃឈើ នៅ តែគ្មានប្រសិទ្ធភាព។ មន្ត្រីក្រោមឱវាទកំពុង តែប្រមាទលើប្រសាសន៍ញោមហ៊ុន សែន នាយករដ្ឋមន្ត្រី”។

tinh1

ព្រះតេជគុណប៊ុត ប៊ុនតិញ បានមាន ពុទ្ធដីការំលឹកឡើងវិញដែរថា ចាប់ពីឆ្នាំ២០១៦ មក ភាពអសកម្មរបស់សមត្ថកិច្ច និងអាជ្ញាធរ រដ្ឋាភិបាល មានពីរយ៉ាង គឺប៉ះពាល់ចំណូលសេដ្ឋ- កិច្ចដែលបានមកពីបទល្មើសព្រៃឈើ និងទី២ ពុំមានការប្តេជ្ញាចិត្តពីក្រសួងបរិស្ថាន និងអាជ្ញាធរ ពាក់ព័ន្ធ ចំពោះការទប់ស្កាត់បទល្មើសព្រៃឈើ ត្រូវផ្តន្ទាទោសតាមច្បាប់។ ដូច្នេះប្រសិនបើ ការអនុវត្តច្បាប់ព្រៃឈើមិនបានពេញលេញនោះ ទេ មានន័យថា នាយករដ្ឋមន្ត្រី គ្មានលទ្ធភាព ទប់ស្កាត់បទល្មើសព្រៃឈើទេ។ លើសពីនេះ ប្រសិនបើការទប់ស្កាត់បទល្មើសព្រៃឈើក្រោម រូបភាពកេងចំណេញនយោបាយ គឺគ្មានប្រយោជន៍ ទេ នៅគ្រាដែលអ្នកធ្វើកិច្ចការក្រោមម្លប់នយោ- បាយ ឬចំណេញនយោបាយ តែងតែបិទភ្នែក មិនអើពើចំពោះរឿងដែលត្រឹមត្រូវក្នុងការ អភិរក្សព្រៃឈើ។

ក្នុងន័យនេះ ព្រះតេជគុណបានស្នើឱ្យក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើ យ៉ាងណាសហការជាមួយក្រសួងបរិស្ថាន ពន្លឿន ការចុះបញ្ជីដីព្រៃសហគមន៍ ដើម្បីផ្តល់ភាព ងាយស្រួលដល់សហគមន៍អភិរក្សព្រៃឈើ ដូច ដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឱ្យ ទាន់ពេលវេលា បើពុំដូច្នេះទេ បទល្មើសនឹងកាន់ តែរីកធំឡើង។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា បញ្ជាក់ថា អាត្មាសុំបិណ្ឌបាតទៅនាយករដ្ឋមន្ត្រី និងក្រសួងបរិស្ថានថា យើងមិនមែនធ្វើកិច្ចការ ដើម្បីសល់ព្រៃធនធានធម្មជាតិធនធានរបស់ ជាតិក្នុងរូបភាពម្លប់នយោបាយ ឬក៏ក្រោមស្លាប នយោបាយទេ យើងធ្វើកិច្ចការនេះដោយស្មោះ ចំពោះប្រជាពលរដ្ឋ និងប្រជាជាតិ ទើបព្រៃឈើ និងធនធានធម្មជាតិរបស់ជាតិសល់”។

ស្របទៅនឹងពុទ្ធដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ  សកម្មជនការពារសង្គម និងបរិស្ថាន ក៏បានរកឃើញថា សកម្មភាពទន្ទ្រានព្រៃឈើ នៅតំបន់ព្រៃឡង់ និងព្រៃសហគមន៍ជនជាតិ ដើមភាគតិចកួយ ខេត្តស្ទឹងត្រែង នៅតែកើត មាន ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធររដ្ឋា- ភិបាលឡើយ។ ពោលគឺអាជ្ញាធរមូលដ្ឋានថ្នាក់- ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹង- ត្រែង ហាក់មិនអើពើអនុវត្តបទបញ្ជាប្រមុខ- រដ្ឋាភិបាលនោះទេ ដែលនឹងនាំឱ្យពលរដ្ឋអស់ ជំនឿលើប្រសាសន៍ប្រមុខរដ្ឋាភិបាល ហើយ ជនជាតិដើមភាគតិចកួយ នៅតែរងគ្រោះពីការ បាត់បង់ធនធានធម្មជាតិដដែល។

ការរកឃើញនេះ បន្ទាប់ពីក្រុមយុវជន ការពារសង្គមនិងបរិស្ថាន បានចុះពិនិត្យស្ថាន- ភាពព្រៃឈើក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង- ត្រែង រយៈពេលមួយថ្ងៃ កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៦ ដើម្បីស៊ើបអង្កេតពីទិដ្ឋភាព ព្រៃឈើ និងការយកចិត្តទុកដាក់អភិរក្សព្រៃ- ឈើរបស់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ផ្អែកតាមប្រសាសន៍ប្រមុខរដ្ឋាភិបាល ដែលជំរុញ ឱ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ ចូលរួម សហការការពារអភិរក្សព្រៃឈើឱ្យមានប្រសិទ្ធ- ភាព។

តំណាងក្រុមយុវជនការពារសង្គមនិង បរិស្ថាន លោកជុំ ហួត សម្តែងការខកចិត្តយ៉ាង ខ្លាំង បន្ទាប់ពីប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល  មិនត្រូវបានអាជ្ញាធរថ្នាក់ក្រោមជាតិ អនុវត្ត ឱ្យមានប្រសិទ្ធភាព បង្កឱ្យមានបទល្មើសព្រៃ- ឈើទ្រង់ទ្រាយធំនៅតែកើត គឺក្រុមយុវជនប្រទះ ឃើញឈ្មួញសម្រុកកាប់រំលំដើមឈើធំៗ ដើម្បី យកដីប្រើប្រាស់ផ្ទាល់ខ្លួន និងធ្វើអាជីវកម្មនៅ តំបន់ព្រៃឡង់ និងព្រៃសហគមន៍អន្លង់ក្រមួន អស់រាប់ពាន់ហិកតារ ពុំមានការទប់ស្កាត់ពី សមត្ថកិច្ច និងអាជ្ញាធររាជរដ្ឋាភិបាល នោះទេ។ ដូច្នេះលោកបារម្ភថា ចលនាកាប់ទន្ទ្រាន នឹង កាន់តែរីកធំឡើង បើស្ថាប័នជំនាញមិនចុះ ទប់ស្កាត់ឱ្យទាន់ពេលទេ។

លោកជុំ ហួត ក៏បានបង្ហោះវីដេអូ និង សរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ លោក ទាក់ទននឹងការចុះទៅតំបន់ព្រៃឈើ រងការកាប់បំផ្លាញនោះថា “នេះជាសកម្មភាព នៅកណ្តាលព្រៃជ្រៅ ជាមួយនិងតំណក់ទឹក ភ្លៀង។ ទោះជាហាលថ្ងៃ ហាលភ្លៀង ក្តៅ រងា នៅកណ្តាលព្រៃជ្រៅ ក៏ពួកខ្ញុំនៅតែតស៊ូជាមួយ បងប្អូនសហគមន៍ជនជាតិដើមភាគតិចកួយ នៅ ព្រៃឡង់ ដើម្បីការពារព្រៃសហគមន៍ពួកគាត់ ដែលកំពុងរងការកាប់បំផ្លាញពីពួកឈ្មួញធំៗ ដែលសហការជាមួយពួកអាជ្ញាធរនៅទីនោះ។

លោកជុំ ហួត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ថា លោក គាំទ្រពុទ្ធដីការបស់ព្រះតេជគុណប៊ុត ប៊ុនតិញ ដែលថា មន្ត្រីក្រោមឱវាទប្រមាទប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រីនោះ ព្រោះលោកសង្កេត ឃើញជាក់ស្តែង អ៊ីចឹងមែន។

លោកជុំ ហួត បានលើកឡើងថា “អារឿង ហ្នឹង ខ្ញុំបានគិតដែរ ការពិតអាជ្ញាធរថ្នាក់ក្រោម មិនបានគោរពអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រី គាត់ផ្គើននូវពាក្យសម្តីដែលសម្តេចបានមាន ប្រសាសន៍ថា ចូលក្នុងព្រៃសហគមន៍ ដើម្បី ការពារព្រៃឈើ ការពារបរិស្ថាន បែរជាអាជ្ញាធរ កាប់បំផ្លាញ។ អាហ្នឹងជាអ្វីដែលអាជ្ញាធរក្រោម ឱវាទហ្នឹង មិនគោរពនូវអ្វីដែលសម្តេចមាន ប្រសាសន៍។ ដោយសារតែធ្វើការជាមួយសហ- គមន៍រងគ្រោះ ខ្ញុំគិតថា ពួកគាត់សំខាន់ណាស់ ដែលអាជ្ញាធរថ្នាក់ក្រោមត្រូវតែធ្វើទៅតាមអ្វី ដែលសម្តេចមានប្រសាសន៍ ដើម្បីការពារដី ភូមិគាត់ ដើម្បីការពារដីសហគមន៍គាត់ ដើម្បី ការពារអ្វីដែលនៅសេសសល់”។

ជាមួយគ្មានោះដែរ ជនជាតិដើមភាគតិច  និងអង្គការសង្គមស៊ីវិលរកឃើញថា ចលនា កាប់ទន្ទ្រានដីព្រៃមកប្រើប្រាស់ជាសម្បត្តិឯកជន និងធ្វើអាជីវកម្ម កំពុងបន្តកើតឡើងយ៉ាងអនា- ធិបតេយ្យអស់រាប់ពាន់ហិកតារនៅគ្រប់ស្រុក ទាំង៥ នៃខេត្តស្ទឹងត្រែង ក្នុងនោះក៏មានការ កាប់បំផ្លាញព្រៃសហគមន៍ជនជាតិដើមភាគតិច  និងព្រៃការពារដែរ។ ជាពិសេស ប៉ះពាល់ដល់ ប្រពៃណីចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច កួយ ដូចជាបោចវល្លិ រកឃ្មុំ បរបាញ់សត្វ បេះ បន្លែ ផ្លែឈើ និងដងជ័រ ជាដើម ដែលជាដង្ហើម នៃរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋជនជាតិដើម ភាគតិចកួយ តាំងពីដើមមក។ ការថែរក្សា ព្រៃឈើឱ្យគង់វង្ស គឺជាបំណងប្រាថ្នារបស់ ជនជាតិដើមភាគតិច និងជាផ្នែកមួយជួយអភិ- រក្សបរិស្ថានធម្មជាតិ ហើយពួកគាត់បានស្នើសុំ ដល់អាជ្ញាធរធ្វើការស៊ើបអង្កេត ដោយត្រឹមត្រូវ ដើម្បីចាប់ជនល្មើសកាប់ទន្ទ្រានដីព្រៃឈើ និង ព្រៃសហគមន៍ មកផ្តន្ទាទោសតាមច្បាប់។

ទោះបីយ៉ាងណា ទាក់ទងនឹងបញ្ហាខាង លើនេះ មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ពីអាជ្ញាធរខេត្តស្ទឹងត្រែង និងមន្ត្រីជំនាញពាក់- ព័ន្ធបានទេ កាលពីម្សិលមិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES