Wednesday, April 24, 2024
Homeព័ត៌មានជាតិលោក​អ៊ូ វីរៈ ជួប​បុត្រា​មេ​បក្ស​កាន់ អំណាច ល្បី​សុំ​ជួយ​រំលត់​បណ្តឹង​បរិហា​រ​កេរ្តិ៍

លោក​អ៊ូ វីរៈ ជួប​បុត្រា​មេ​បក្ស​កាន់ អំណាច ល្បី​សុំ​ជួយ​រំលត់​បណ្តឹង​បរិហា​រ​កេរ្តិ៍

ភ្នំពេញ ៖ ប្រធានវេទិកាយុវជន ដើម្បី អនាគត និងជាអ្នកវិភាគនយោបាយ លោកអ៊ូ វីរៈ បានជួបជាមួយលោកហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលជាបុត្រាសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ក្រោយពីមានជំនួបមិនធ្លាប់មាននេះ ក៏លេចឮ ល្បីថា លោកអ៊ូ វីរៈ បានស្នើសុំឱ្យលោកហ៊ុន ម៉ានី ជួយអន្តរាគមន៍សម្របសម្រួលរំលត់បណ្តឹង បរិហារកេរ្តិ៍ ដែលប្តឹងដោយគណបក្សប្រជាជន កម្ពុជា ដែលមានលោកសុខ ឥសាន ជាតំណាង នោះ។

លោកអ៊ូ វីរៈ បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ថាជួបបាយថ្ងៃត្រង់ ជាមួយប្អូនម៉ានី បាន ជជែកគ្នាច្រើនអំពីប្រទេសកម្ពុជា ដ៏កម្សត់។ យើង យល់ស្របគ្នាត្រង់យើងត្រូវតែប្រឹង ត្រូវតែ ឈានទៅមុខ ត្រូវតែរកឯកភាពជាតិ និងត្រូវ ផ្តោតរកដំណោះស្រាយ ជាជាងការឈ្លោះគ្នា។ នេះមិនមែនជាលើកដំបូងទេ ហើយសង្ឃឹមថា ការរាប់អាន និងការសន្ទនាគ្នា ក្លាយជាវប្បធម៌

គួររំលឹកថា លោកអ៊ូ វីរៈ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់ អំណាច តំណាងដោយលោកសុខ ឥសាន អ្នកនាំពាក្យដាក់ពាក្យប្តឹងទៅតុលាការ កាលពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ពីបទបរិហារកេរ្តិ៍ជាសាធារណៈទាក់ទងនឹងការលើកឡើង ជុំវិញបញ្ហានយោបាយ។

ក្រោយពីមានពាក្យបណ្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ នោះមក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  លោកសៀង សុខ ក៏បានចេញដីកាកោះអញ្ជើញ លោកសុខ ឥសាន ជាដើមបណ្តឹងចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ ដើម្បីសាកសួរ ស្តាប់ចម្លើយពីដំណើររឿងប្តឹងឈ្មោះអ៊ូ វីរៈ ពី បទបរិហារកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

ចំណេកលោកអ៊ូ វីរៈ ក៏ត្រូវ បានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះ អញ្ជើញឱ្យចូលទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៦ ដើម្បីសាកសួរពីដំណើររឿងឈ្មោះ សុខ ឥសាន ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ហើយ ទាំងលោកសុខ ឥសាន ជាដើមបណ្តឹង និង លោកអ៊ូ វីរៈ ជាជនសង្ស័យបានចូលខ្លួនទៅ បំភ្លឺតុលាការតាមដីកាកោះរួចមកហើយ។

រហូតមកដល់ពេលនេះ រឿងក្តីនេះហាក់ ដូចជាស្ងប់ស្ងាត់ តែមជ្ឈដ្ឋានតាមដាននយោបាយ យល់ថា មិនទាន់បញ្ចប់ទេ គឺតុលាការនឹងបន្ត នីតិវិធីទៀត។ ដូច្នេះមជ្ឈដ្ឋានទាំងនោះ មាន ការចាប់អារម្មណ៍ថា ការដែលលោកអ៊ូ វីរៈ ជួបជាមួយលោកហ៊ុន ម៉ានី បុត្រាសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន និងជាតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា អាចក្នុងគោលបំណងស្នើសុំឱ្យ បុត្រារបស់មេបក្សកាន់អំណាចរូបនោះ ជួយ អន្តរាគមន៍សម្របសម្រួលឱ្យមានការរំលត់ បណ្តឹងបរិហារកេរ្តិ៍នេះ។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការយល់ឃើញ របស់មជ្ឈដ្ឋានអ្នកតាមដានសង្គមខាងលើនេះ លោកអ៊ូ វីរៈ បានបញ្ជាក់ប្រាប់នគរធំនៅ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ថា ក្នុងជំនួប នោះ លោកមិនបានលើកឡើងពីបណ្តឹងរបស់ គណបក្សប្រជាជនកម្ពុជានោះទេ ហើយលោក ក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះលោកមិន បានធ្វើអ្វីខុស ដូច្នេះស្រេចនៅលើយុត្តធិការ របស់តុលាការ។

លោកអ៊ូ វីរៈ បានមានប្រសាសន៍ថា វា ២ករណីដោយឡែក ខុសគ្នាឆ្ងាយណាស់ ព្រោះអីការជួបជាមួយប្អូនម៉ានី ជាការជួបសន្ទនាគ្នា ជជែកគ្នាពីបញ្ហាជាច្រើន ហើយជាទូទៅ តាម ពិតមិនមែនជាការជួបលើកទី១ទេ យើងធ្លាប់ ជួបពីមុនៗរួចទៅហើយ។ ហើយជារឿងធម្មតា ទេ ហើយវាមិនមានអីប្លែកទេ។ តាមពិត ការ ជួបគ្នាបែបហ្នឹង វាជារឿងធម្មតា ហើយគួរតែ បន្តជួបគ្នាជាញឹកញាប់ ហើយខ្ញុំមើលទៅ អត់ មានអីប្លែកទេ ការរាប់អានគ្នា ការជួបគ្នា ដើម្បី ជជែកគ្នា ជារឿងធម្មតាចំពោះខ្ញុំ ហើយអ្វីដែល ខ្ញុំចង់បានជាងគេនោះ គឺប្រជាជាតិ បានន័យថា ឈប់ចាត់ទុកគ្នាជាសត្រូវទៅ យើងរៀនឈប់ ចាត់ទុកគ្នាជាសត្រូវទៅ ខ្ញុំថាជាជំហានមួយដ៏ សំខាន់មែនទែន

លោកអ៊ូ វីរៈ មានប្រាសាសន៍បន្តថា  “រឿង ហ្នឹងអត់បាននិយាយផង ជារឿងដាច់ដោយឡែក ទេ។ គ្រាន់ថាជារឿងការជួបគ្នា ការរាប់អាន គ្នា ក្លាយជាវប្បធម៌ បានន័យ័ថា វារាលដាល ដល់សង្គមយើងទាំងមូល។ ខ្ញុំឃើញការជេរគ្នា  ការលាបពណ៌គ្នានៅក្នុងសង្គម ធ្វើឱ្យការព្រួយ របស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា នឹងមានការបញ្ចប់ នូវវប្បធម៌ជេរគ្នា លាបពណ៌គ្នា ឈ្លោះគ្នា ចុង បញ្ចប់ សុទ្ធតែខ្មែរខាតទាំងអស់។ អ៊ីចឹងនេះ គឺជាអ្វីមួយដែលខ្ញុំ ហើយនិងប្អូនម៉ានី គឺយើង យល់ស្របគ្នា ហើយយើងប្រឹងទាំងអស់គ្នា ក្នុងការធ្វើការងារ ដើម្បីប្រទេសជាតិ។ ទោះ បីយើងមានគំនិតខុសគ្នាតិចតួច ប៉ុន្តែយើង មិនអាចចាត់ទុកគ្នាជាសត្រូវ ហើយយើងឃើញ ជួបគ្នាទៅ អ្នកខ្លះក៏លាបពណ៌ថាអ៊ីចេះអ៊ីចុះ សុទ្ឌតែរឿងមានបញ្ហាអី រឿងលក់ខ្លួន រឿង សត្រូវ មើលទៅ វាសុទ្ធតែប៉ះពាល់ដល់ផលប្រយោជន៍ជាតិយើង ផលប្រយោជន័ឯកភាពជាតិ យើង ហើយជាពិសេស នៅពេលដែលប្រទេស ជាតិយើងកំពុងមានប្រឈមនឹងបញ្ហាអីនីមួយៗ យើងត្រូវតែរកឯកភាពជាតិហើយ។ ឯរឿង បណ្តឹងខ្ញុំៗអត់មានបានធ្វើអីខុសផង អ៊ីចឹងខ្ញុំ អត់មានអីត្រូវព្រួយបារម្ភ ទុកឱ្យតុលាការ គាត់ គិតមើលទៅ

ដោយឡែក លោកសុខ ឥសាន បានបញ្ជាក់ ប្រាប់ នគរធំថា ជំហររបស់គណបក្សប្រជាជនកម្ពុជា នៅតែរក្សាពាក្យបណ្តឹងនោះ គឺនៅ តែរង់ចាំស្វាគមន៍យុត្តាធិការរបស់តុលាការ ប៉ុណ្ណោះ។

លោកសុខ ឥសាន មានប្រសាសន៍ថា ខ្ញុំ យល់ថា ជំហររបស់គណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះ មិនមានការផ្លាស់ប្តូរអីទេ មិនមានថយក្រោយទេ មានតែទៅមុខ។ បណ្តឹង នេះ ស្ថិតនៅក្នុងដៃតុលាការវាអាស្រ័យទៅ លើយុត្តាធិការរបស់តុលាការទេ យើងខ្ញុំដែល ជាគូភាគីដើមចោទអាហ្នឹងរង់ចាំលទ្ធផលនៃ ការអនុវត្តរបស់តុលាការ

លោកសុខ ឥសាន មានប្រសាសន៍បន្តថា ខ្ញុំយល់ថា គួរតែសួរសាមីជន ឯកឧត្តម ហ៊ុន ម៉ានី ល្អជាង ខ្ញុំមិនដឹងថា គាត់ជួបគ្នាលក្ខណៈ យ៉ាងណា អាហ្នឹងយើងមិនដឹងទេ ក៏ប៉ុន្តែក្នុង នាមខ្ញុំជាដើមបណ្តឹងជំនួសឱ្យគណបក្សទាំងមូល ខ្ញុំមិនមានអីកែប្រែទេ។ ខ្ញុំយល់ថា គាត់ លើកនេះ គ្រាន់តែថាសម្រាលសភាពការណ៍ ទេ ក៏ប៉ុន្តែពាក្យចាស់បានពោលហើយថា បើយល់ ញាតិឃ្លាតច្បាប់ អាហ្នឹងមិនអាចធ្វើបានទេ យើងមិនអាចកសាងប្រទេសយើងទៅជានីតិរដ្ឋ បានទេ។ ខ្ញុំយល់ថា រហូតមកដល់ពេលនេះ ជំហររបស់គណបក្សប្រជាជនកម្ពុជា អត់មានអី កែប្រែទេ ចំពោះករណីបរិហារកេរ្តិ៍របស់លោក អ៊ូ វីរៈ មកលើគណបក្សប្រជាជនកម្ពុជា យើង រង់ចាំស្វាគមន៍ចំពោះយុត្តាធិការរបស់តុលាការ

ដោយ ៖ កុលបុត្រ

RELATED ARTICLES