ពិធីការិនីជីមមី ដែលត្រូវប៉ាន់ចេះដល់ទៅ៤ភាសា គឺខ្មែរ, អង់គ្លេស, ថៃ និងចិន នោះ លេចមុខធ្វើជាពិធីការិនី ( MC) ឃោសនាកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ នៅក្នុងកម្មវិធីសន្និសីទកាសែត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបើកជាផ្លូវការនូវព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ អាន់ឆ័រ លើកទី២ នៅកម្ពុជា ដោយមានទាំងកីឡាករក្នុងនិងក្រៅស្រុកចូលរួម។
កញ្ញាជីមមី បានឱ្យដឹងថា “បន្ទាប់ពីប្រកួតពេលថ្ងៃ ក៏មានការប្រគំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រ ដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិ ព្រមទាំងតារាល្បីៗនៅកម្ពុជា ដូចជា ឱក សុគន្ធកញ្ញា, សុខ ស្រីនាង, ទេព បូព្រឹក្ស, សួស វីសា, ពេជ្រ សោភា, សុគន្ធ និសា, លោកឆន សុណ្ណារាជ, ហ្សូណូ, នី រតនា, នីកូ, ឌីជេ តូតូ និងតារាជាច្រើនទៀតផងដែរ”។
នៅថ្ងៃសន្និសីទកាសែតនោះ គេឃើញមានការអញ្ជើញចូលរួមពីឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមបណ្ឌិតសភាចារ្យ សំ សោភាន់ អនុសហព័ន្ធកីឡាបាល់ទះកម្ពុជា, លោក Samson Wong នាយកគ្រប់គ្រងស្រាបៀរអាន់ឆ័រ និងលោក CHRIS LIU ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB)។
ពិធីការិនី ជីមមី បានឱ្យដឹងថា “កម្មវិធីប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិលើកទី២ នេះ ចាប់ផ្តើមនៅថ្ងៃទី២១ កុម្ភៈ ដល់ថ្ងៃទី១៦ មេសា នៅទូទាំងខេត្តក្រុង ចំនួនប្រាំពីរ គឺ ១. រាជធានីភ្នំពេញ ថ្ងៃទី២១ ដល់២៤កុម្ភៈ, ២.ខេត្តព្រះសីហនុ ថ្ងៃទី២ ដល់៣មីនា, ៣. ខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ដល់១០មីនា, ៤. ខេត្តសៀមរាប ថ្ងៃទី២១ ដល់២៤មីនា, ៥.ក្រុងប៉ោយប៉ែត ថ្ងៃទី៣០ ដល់៣១ មីនា, ៦. ខេត្តបាត់ដំបង ថ្ងៃទី៤ ដល់៧ មេសា និង ៧- ខេត្ត កំពង់ចាម ថ្ងៃទី១៤ ដល់១៦ មេសា”។
អ្នករៀបចំកម្មវិធីបានឱ្យដឹងថា “រង្វាន់សរុបមានទឹកប្រាក់រហូតដល់ទៅ៦០០០០ដុល្លារអាមេរិក ហើយការប្រកួតបើកឆាក ចាប់ផ្តើមពីម៉ោង៩ព្រឹក ដល់៥ល្ងាច ថ្ងៃទី២១ ខែកុម្ភៈ នៅបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។
ជីមមី ដែលមានឈ្មោះដើមថា ម៉េង ឃុននី ហៅ Jimmy Meng ស្ថិតក្នុងចំណោមពិធីការិនីដែលត្រូវប៉ាន់ធ្វើ MC តាមកម្មវិធីធំៗ ដូចខៀវ សានសាណា និង Vj ណាណា ដែរ។ ជីមមី ស៊ីថ្លៃ១កម្មវិធី ចាប់ពី៦៥០ទៅ១០០០ដុល្លារ ឬធ្វើ MC ១ម៉ោង ស៊ីថ្លៃ៥០០ដុល្លារឡើង ហេតុនេះហើយ ក្នុង១ខែៗ នាងអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារពីអាជីពពិធីការិនីនេះ៕