ស្រីស្អាតសាច់សខ្ចី រ៉េត ស៊ូហ្សាណា ដែលក្លាយទៅជាតារាចម្រៀងស្រីវ័យក្មេងសំខាន់របស់ហង្សមាស នោះ កំពុងត្រូវប៉ាន់ទាំងទីផ្សារចម្រៀង និងស្ពតពាណិជ្ជកម្មធំៗ ដែលតារាស្រីរួមជំនាន់នៅហង្សមាស ពិបាកក្នុងការទប់ទល់ ឬមានគីឡូប្រជែងជាមួយនាងបាន។
សុខ ស្រីនាង, ឈីន រតនៈ, ឈិន ស្រីនិច្ច (ម៉ានិច្ច),ប៉ាច គីមមួយ, បាន មុនីល័ក្ខ និងម៉ង ចាន់កញ្ញា ជាដើម ដែលសុទ្ធតែជាអ្នកចម្រៀងវ័យក្មេងរបស់ហង្សមាស នោះ គឺចាញ់ប្រៀបស្រីស្អាតស៊ូហ្សាណា ខ្លាំងណាស់ ក្នុងអាជីពចម្រៀង ព្រោះតាមបណ្តា Concert ធំៗ គឺពួកគេយូរៗទើបមានឱកាសលេចមុខបានចេញច្រៀងម្តង។ ប៉ុន្តែ រ៉េត ស៊ូហ្សាណា វិញ នាងចេញស្ទើរគ្រប់ Concert ទាំងអស់ ហេតុនេះហើយបានជាទស្សនិកជននិងអ្នកសិល្បៈមួយចំនួន យល់ថា ហង្សមាស ហាក់ប្រឹងប្រែងលើករ៉េត ស៊ូហ្សាណា ជាងតារាផ្សេងៗទៀត សូម្បីតែម្ចាស់ពាននៅហង្សមាស មួយចំនួន ក៏គ្មានយីអ៊ុនល្អដូចហ្សាណា ដែរ។
ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានពេជ្រ សោភា ជាតារាជើងចាស់នៅហង្សមាស ច្រានចោល ដោយសោភា ថា ហង្សមាស មិនបានលើកស៊ូហ្សាណា ជាងគេទេ គឺបណ្តាក្រុមហ៊ុនទាំងឡាយនោះជាអ្នកត្រូវការហ្សាណា ជាងគេ ហើយគេចុចយកឈ្មោះហ្សាណា ដោយខ្លួនឯង។
ដោយឡែក អ្នកដឹកនាំសម្តែងខារ៉ាអូខេនៅផលិតកម្មរស្មីហង្សមាស ម្នាក់ សុំមិនបញ្ចោញឈ្មោះបានឱ្យដឹងថា តាមរយៈការធ្វើការជាមួយស៊ូហ្សាណា កន្លងមក ក្រុមការងារសម្លឹងមើលឃើញថា ហ្សាណា ជាក្មេងល្អគោរពពេលវេលាធ្វើការ និងមានការតុបតែងខ្លួនបែបយុវវ័យ គួរឱ្យទាក់ទាញ ហេតុនេះហើយបានជាក្រុមហ៊ុនធំៗ ចូលចិត្តហៅនាងច្រៀង និងថតស្ពត។
បុរសនោះបានញ្ជាក់ថា មិនមែនហ្សាណា ថៅកែហង្សមាស លើកជាងគេទេ លោកថៅកែរវល់ខ្លាំងណាស់ ភាគច្រើនចេញចូលនៅបរទេសជាងក្នុងស្រុក គ្មានពេលឯណា ទៅប្រឹងលើកអ្នកណា ទម្លាក់អ្នកណាទេ តែតារាដែលជោគជ័យនៅហង្សមាស គឺភាគច្រើន គេប្រឹងប្រែងខ្លួនឯងដែរ ។
រ៉េត ស៊ូហ្សាណា ខុសពីតារាមួយចំនួនទៀតនៅហង្សមាស ដែលអាចឡើងច្រៀងនៅប៉ុស្តិ៍ទូរទស្សន៍ណាក៏បាន ដោយស្រេចតែពួកគេមានចិត្តចង់។ ប៉ុន្តែតាមព័ត៌មានថា ស្រីស្អាតហ្សាណា ត្រូវថៅកែហង្សមាស ហាមឡើងច្រៀងនៅប៉ុស្តិ៍ណាផ្សេង ក្រៅពីហង្សមាស ហើយអនុញ្ញាតិឱ្យនាងច្រៀងបានតែនៅទូរទស្សន៍បាយ័ន មួយគត់។
អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីជាច្រើន បានលើកឡើងថា ហ្សាណា មិនអាចឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍, CTN, Mytv, CTN, Tv5 ឬ PNN បានឡើយ ព្រោះក្នុងលក្ខខណ្ឌកុងត្រាជាមួយហង្សមាស នោះ នាងបានយល់ព្រមលើចំណុចទាំងអស់នេះហើយ ហេតុនេះហើយបានជារយៈពេលជាង២ឆ្នាំនេះ គេមិនដែលឃើញហ្សាណា ឡើងច្រៀងប៉ុស្តិ៍ណា ក្រៅពីហង្សមាស និងបាយ័ន ឡើយ។
អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មហង្សមាស បានទេ កាលពីពេលថ្មីៗនេះ ព្រោះ ទូរស័ព្ទមិនអាចទាក់ទងបានឡើយ។
តាមតារារួមក្រុមបានឱ្យដឹងថា ហ្សាណា មានភាពទាក់ទាញជាងគេក្នុងចំណោមតារាស្រករគ្នា ហេតុនេះហើយ បានជាហង្សមាស មិនចង់ឱ្យនាងច្រៀងនៅប៉ុស្តិ៍ផ្សេងឡើយ។
ប្រភពបានឱ្យដឹងថា ហ្សាណា ស៊ីថ្លៃច្រៀង១កម្មវិធី ជាង១ពាន់ដុល្លារ នៅឆ្នាំ២០១៩នេះ។
រ៉េត ស៊ូហ្សាណា មិនទាន់ប៉ះរឿងអាស្រូវស្នេហាឡើយ បើទោះជាមានមន្ត្រីធំៗជាច្រើន ជ្រួលជ្រើមសម្រស់ស្រីស្អាតនេះក្តី។ ហ្សាណា មានទម្លាប់ឱ្យឪពុកម្តាយរបស់នាងតាមការពារជាប់ជានិច្ច ហេតុនេះហើយប្រុសៗទាំងឡាយចង់ឆក់ស្នេហ៍ គឺមិនអាចទៅរួចឡើយ៕