តារាចម្រៀងសេន យូរី របស់ផលិតកម្មសាន់ដេ ទើបតែដឹកដៃប្រុសស្នេហ៍ លោកប៊ីម៉ូ មកពីការច្រៀងសម្ដែងនៅប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ហើយទោះជានៅកូរ៉េ ខែនេះ ត្រជាក់យ៉ាងណា ក៏យូរី មិនរងាដែរ ព្រោះនាងមានភួយសាច់ដាក់តាមការពារជាប់ខ្លួនគ្រប់ពេល។
ប៉ុន្ដែនៅរដូវធ្លាក់ភ្លៀងខាងមុខនេះ យូរី នឹងត្រៀមដើរចោលសង្សារក្មេងប្រុសសង្ហា ប៊ីម៉ូ ជាលើកដំបូង ដោយហោះច្រៀងសម្ដែងនៅអាមេរិក រយៈពេលដល់ទៅជាង៣ខែឯណោះ ខណៈដែល ប៊ីម៉ូ ថា នឹងបើកដៃឲ្យយូរី ទៅច្រៀងសម្ដែងដោយសេរី ហើយលោកមិនចាំបាច់តែតាមគ្រប់ជំហ៊ានឡើយ។
សង្សារក្មេងរបស់យូរី លោកប៊ីម៉ូ បានឲ្យដឹងថា ”មានប្រទេសផ្សេងៗនៅប៉ែកអឺរ៉ុប គេចង់បានយូរី ទៅច្រៀងសម្ដែងជាច្រើនលើកច្រើនសាមកហើយ។ ប៉ុន្ដែយូរី អាចនឹងចេញទៅច្រៀងសម្ដែងនៅអាមេរិក នៅក្រោយចូលឆ្នាំខ្មែរ ពេលខែធ្លាក់ភ្លៀង បើខែហ្នឹង រវល់ក្នុងស្រុក មិនអាចចេញទៅបានទេ។ រឿងចេញទៅអាមេរិក ហ្នឹង ខ្ញុំនិងយូរី បាននិយាយជាមួយខាង Sponsor បានខ្លះៗហើយ មិនទាន់ច្បាស់១០០%ទេ តែអាចទៅ។ សម្រាប់ខ្ញុំវិញ បើយូរី ចេញទៅច្រៀងនៅអាមេរិក ដោយអត់មានខ្ញុំ ក៏ខ្ញុំឲ្យគាត់ទៅដែរ ខ្ញុំបើកចិត្តទូលាយ មិនមានការបារម្ភច្រើនទេ ព្រោះថា គាត់ចេញទៅធ្វើការទៅច្រៀង មិនអីទេ”។
យូរី ពិតជាមិនធម្មតាមែន គឺរកបានសង្សារថ្មី លោកប៊ីម៉ូ ជាប្រុសក្មេងរូបសង្ហា ហើយចេះយល់ចិត្ត និងមិនចេះហួងហែងប្រចណ្ឌនាងផ្ដេសផ្ដាសចំពោះនាងទៀតផង។
អ្នកសិល្បៈជាច្រើនបានសរសើរថា យូរីនិងប៊ីម៉ូ ពិតជាស័ក្តិសមគ្នាទាំងការសម្ដែងលើឆាក និងរឿងស្នេហារបស់ពួកគេនៅក្រៅឆាក គឺខុសគ្នាស្រឡះ បើប្រៀបធៀប យូរី អំឡុងពេលភ្ជាប់ស្នេហ៍ជាមួយអតីតអ្នកដឹកនាំសម្ដែងសាន់ដេលោករ៉េត ដែលគិតតែប្រចណ្ឌហួងហែងយូរី ខ្លាំងពេក រហូតដល់ទម្លាយរូបស្នេហាស្រើបស្រាលនៅលើគ្រែផ្អើលពេញផ្ទៃប្រទេសទៀតផង ទើបពេលលោករ៉េត រៀបការប្រពន្ធថ្មីនោះ យូរី សប្បាយចិត្តដូចដកបន្លាចេញពីទ្រួងអីចឹង។
តារាមួយចំនួនជំរុញឲ្យយូរី ប្រញាប់ដឹកដៃប៊ីម៉ូ ចូលរោងការ ដើម្បីកុំឲ្យចាញ់អតីតសង្សារ តែគូស្នេហ៍យុវវ័យ១គូនេះ ជ្រកក្រោមដំបូលសាន់ដេនេះ អះអាងថា ពួកគេមិនទាន់ចង់រៀបការឆាប់ៗនេះឡើយ៕