អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា ដែលផ្តើមពីទុនត្រឹម៣០០ដុល្លារ តាមរយៈការលក់ជើងមាន់ជ្រក់តាម Online ហើយឈានទៅលក់គ្រឿង Cosmetic កាក់កបខ្លាំង រហូតសម្ពោធហាងតម្លៃ១០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នោះ ពេលនេះនាងបានឱ្យដឹងថា នាងកំពុងប្រឹងសន្សំប្រាក់ទិញផ្ទះ១ល្វែង នៅឆ្នាំ២០២០ ហើយនៅឆ្នាំនោះ ក៏ជាឆ្នាំដែលនាងគិតគូររឿងរៀបការជាមួយម្ចាស់ចិត្តតារាសម្តែងរូបសង្ហា លោកឆានុន ផងដែរ។ ទោះជាយ៉ាងណា ម៉ូលីកា មិនទាន់ហ៊ានកំណត់ថ្ងៃចូលរោងការជាក់លាក់នៅឡើយ។
ស្រីស្អាតម៉ូលីកា ដែលក្លាយទៅជាថៅកែហាង Molika Cosmetic វាចាថា “ពេលនេះ ហាង Cosmetic របស់ខ្ញុំដំណើរការល្អ ព្រោះក្នុង១ថ្ងៃ ខ្ញុំ Live ៤ទៅ៥ដង ហើយឱ្យតែ Live គឺមានគេទិញហើយ។ ចំពោះមុខរបរជើងមាន់វិញ ខ្ញុំនៅតែលក់អ៊ីចឹង ហើយ១ថ្ងៃ ខ្ញុំលក់ដាច់ពី២០ទៅ៣០គីឡូដែរ ! តែមុខរបរហ្នឹង ខ្ញុំបានឱ្យគ្រួសារខ្ញុំជួយលក់ ព្រោះខ្ញុំរវល់ច្រើនខាង Cosmetic ជាង។ នៅឆ្នាំក្រោយនេះ ខ្ញុំអាចគិតគូសន្សំលុយទិញផ្ទះ តែយើងធ្វើទៅតាមលទ្ធភាពរបស់យើងជាក់ស្តែង។ ចំពោះគម្រោងរៀបការវិញ ក៏អាចគិតគូនៅឆ្នាំហ្នុង (២០២០) ហ្នឹងដែរ”។
តារាសាច់សខ្ចី ម៉ូលីកា ធ្លាប់ត្រូវបានប្រុសៗអ្នកមានមួយចំនួនតាមស្រលាញ់នាង ដោយថែមទាំងសុំចិញ្ចឹមឱ្យនាងរស់នៅ ដោយមិនចាំបាច់ប្រឹងធ្វើការអី ក៏មានលុយចាយមិនចេះអស់ដែរ។ ប៉ុន្តែនៅទីបំផុត ម៉ូលីកា បានជ្រើសផ្លូវរស់នៅដោយសេរីភាពផ្ទាល់ខ្លួន ហើយនាងជ្រើសរើសប្រុសសង្ហាតារាសម្តែង លោកហុង មានុន ហៅឆានុន ដែលពួកគេបានស្រលាញ់គ្នាជាង៣ឆ្នាំមកហើយ និងធ្លាប់មានប្រវត្តិតស៊ូកម្សត់ជិះម៉ូតូលក់ជើងមាន់ជាមួយគ្នាទៀតផង។ ប៉ុន្តែពេលនេះ ម៉ូលីកា បានទិញរថយន្តទំនើប Lexus RX 330 តម្លៃជាង២ម៉ឺនដុល្លារ ហើយនាងអះអាងថា មិនចោលអាជីពចាស់ឡើយ គឺនឹងត្រៀមចេញបទចម្រៀងថ្មីៗ ហើយវិលរកឆាកតន្ត្រីក្នុងពេលឆាប់ៗនេះវិញ។
ម៉ូលីកា បញ្ជាក់ថា “ខ្ញុំមិនចូលច្រៀងនៅផលិតកម្មណាទេ ខ្ញុំនឹងធ្វើបទចម្រៀងដោយខ្លួនឯង ហើយចេញតាម Youtube និង Page។ បទចម្រៀងថ្មីៗ យើងកំពុងរៀបចំ ខ្ញុំនៅតែស្រលាញ់អាជីពសិល្បៈ អ៊ីចឹងទោះជាពេលនេះ យើងរវល់ច្រើនលើការរកស៊ីផ្នែក Cosmetic ហ្នឹងក្តី”៕