សុគន្ធ និសា ដែលមមាញឹកឡើងឆាកតន្ត្រី ស្ទើរតែគ្មានពេលនៅក្បែរប្តីនោះ ស្រាប់តែហោះទៅដើរលេងដល់ប្រទេសសាំងហ្គាពួរ ដល់ទៅ4ថ្ងៃ ដោយគ្រាន់តែចុះពីលើយន្តហោះភ្លាម និសា បានទៅភ្លក្សរសជាតិម្ហូបឥណ្ឌា មុនគេ។ យ៉ាងណា និសា មិនបានបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍ជាមួយប្តីរបស់នាង លោកចៅ សម្បត្តិ ហៅសាំបា ឡើយ ហើយនាងនិយាយថា ទៅសាំងហ្គាពួរ តែម្នាក់ឯងទេ តាំងពីថ្ងៃទី25 ខែកុម្ភៈ ម៉្លេះ។
នៅពេលអ្នកគាំទ្រសួរថា ហេតុអីមិនយកប្តីទៅជាមួយ? និសា មិនឆ្លើយតបឡើយ គ្រាន់តែថា ត្រូវមានពេលវេលាខ្លះលំហែអារម្មណ៍។
ថ្វីត្បិតតែសុគន្ធ និសា អះអាងថា ទៅលេងសាំងហ្គាពួរ តែម្នាក់ឯងក្តី ប៉ុន្តែនៅក្នុងសន្និសីទកាសែតមួយរបស់ក្រុមហ៊ុន Manu-life កាលពីថ្ងៃទី23 ខែកុម្ភៈ នេះ លោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយកផ្នែកប្រតិបត្តិរបស់មេនយូឡាយស៍ នោះ មិនបានទៅបង្ហាញ ខ្លួនដូចមុនឡើយ។
បុគ្គលិករបស់ក្រុមហ៊ុននោះ អះអាងថា មេ សាំបា) ជាប់ធុរៈនៅក្រៅប្រទេស ជាមួយគ្រួសារគាត់ ដែលអាចទំនងទៅដើរកម្សាន្តអារម្មណ៍ជាមួយនិសា គ្រាន់តែ ពួកគេមិនចង់បង្ហាញពីភាពផ្អែមល្ហែមស្នេហ៍នោះប៉ុណ្ណោះ។
សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរអាមេរិក រស់នៅរដ្ឋឡូវែល៍ កាលពីថ្ងៃទី01 ខែធ្នូ ឆ្នាំ2017 ហើយពេលនេះ និសា មិនទាន់ហ៊ានយកកូនឡើយ។ ការពន្យារពេលពពោះកូនលើកដំបូង របស់សុគន្ធ និសា នៅពេលនេះ ត្រូវគេរំពឹងថា នាងខ្លាចធ្លាក់កូដ តែនិសា វាចាថា នាងបានត្រៀមចិត្តនិងកាយាអស់ទៅហើយ គឺមិនខ្លាចបាត់បង់ការគាំទ្រនោះទេ គ្រាន់តែមិនទាន់ដល់វេលាយកកូន ព្រោះនាងរង់ចាំបានវីសាពីទូតអាមេរិក សិន។ ការថ្លែងបែបនេះរបស់សុគន្ធ និសា ត្រូវបានគេរំពឹងថា និសា ចង់ផ្តល់កំណើតកូនលើកដំបូងយកសញ្ជាតិអាមេរិក តែម្តង ព្រោះថា ពេលមានវីសាហើយ និសា នឹងចេញទៅរស់នៅតាមស្វាមីលើដីអាមេរិក ជាមិនខានឡើយ។
សុគន្ធ និសា មុនពពោះកូនទី1 នេះ នាងបានសម្រុកថតរឿងដល់ទៅ3រឿងជាប់គ្នាឱ្យ ហង្សមាស គឺរឿង “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក” ដែលការងាកមកថតកុនផ្ទួនៗរបស់និសា នៅពេលនេះ ត្រូវបានគេជឿថា ដោយសារនិសា ចង់បន្សល់ស្នាដៃសិល្បៈបានច្រើន នៅពេលដែលនាងចាកចេញពីអាជីពសិល្បៈ នាពេលខាងមុខដ៏ឆាប់ៗនេះ។
សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងដែរថា ពេលនាងលាឈប់ពីសិល្បៈ គឺត្រូវតែមានមុខរបរផ្ទាល់ខ្លួនឯងមួយ ក្រៅពីសិល្បៈមិនពឹងលើប្រាក់ចំណូលរបស់ស្វាមីទាំងស្រុងនោះទេ។
ក្រោយមានប្តីនេះ គេសង្កេតឃើញថា ទីផ្សារចម្រៀងរបស់សុគន្ធ និសា ហាក់ស្ងប់ស្ងាត់ជាងមុន ខណៈដែលតំណែងធំជាគ្រូបង្វឹក The Voice Kids Camboia នោះ ក៏ត្រូវបានហង្សមាស ដកចេញ និងដាក់ជំនួសដោយសួស វីសា វិញ ទើបធ្វើឱ្យនិសា កាន់តែពិបាកប្រឈមមុខ។
ប៉ុន្តែយ៉ាងណា គេជឿថា សុគន្ធ និសា ដែលមានស្វាមីជាអ្នកជំនួញធំនោះ ទោះជានាងឈប់លេងសិល្បៈ ក៏ត្រូវស្វាមីទំនុកបម្រុងមិនឱ្យនាងខ្វាយខ្វល់ចិន្តាឡើយ៕