សម្រាប់រដូវក្តៅនេះ ក្រុមតារាចម្រៀងល្បីៗបានហៅថា ជារដូវ “ផ្ការីក” ព្រោះពួកគេអាចកើបលុយបានជាច្រើនពីការច្រៀងសម្តែង នៅតាមបណ្តា Concert ទាំងឡាយ ដែលមមាញឹកខ្លាំង ចាប់ពីខែវិច្ឆិកា-មេសា។ គេកត់សម្គាល់ថា សម្រាប់តារាចម្រៀងដែលត្រូវប៉ាន់រកលុយបានខ្ពស់ជាងគេ នៅឆ្នាំ2019 នេះ គឺមានតែ5ដួងប៉ុណ្ណោះ ដែលប្រាក់ចំណូលរបស់ពួកគេគិតជាមធ្យម មិនក្រោម6ម៉ឺនដុល្លារឡើយ ក្នុង1ខែៗ។
ព្រាប សុវត្ថិ ៖ ថ្វីត្បិតតែមានវ័យរាងជ្រេបន្តិចមែន តែព្រាប សុវត្ថិ នៅតែជាតួឯករបស់ផលិតកម្មរស្មីហង្សមាស ដដែល គិតតាំងពីឆ្នាំ1997ដល់2019 (22ឆ្នាំ)។ ការដែលព្រាប សុវត្ថិ បានយកកូនប្រុសទាំង3 គឺ សុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ច្រៀងនៅហង្សមាស និងឡើងឆាករួមគ្នា ដែលមានអ្នកខ្លះសន្និដ្ឋានជាមុនថា ព្រាប សុវត្ថិ ចប់ហើយនោះ នៅទីបំផុត តារាដែលកំព្រាឪពុកតាំងពីសម្រាលរូបនេះ នៅតែមិនទាន់មានអ្នកចម្រៀងណាផ្តួលបានដដែល គិតត្រឹមឆ្នាំ2019 នេះ ទោះជាពេលនេះ លោកមិនសូវមានបទចម្រៀងបែបយុវវ័យល្បីដូចមុនទៀតក៏ដោយ។ ព្រាប សុវត្ថិ ច្រៀង1កម្មវិធី ស៊ីថ្លៃចាប់ពី 3000ដុល្លារឡើង ហើយនៅរដូវក្តៅ លោកត្រូវបានគេកក់ក្នុង1ខែ មិនក្រោម20កម្មវិធីឡើយ។
ខេមរៈ សិរីមន្ត ៖ លោកខេម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត រាងចុះខ្សោយបន្តិច ពេលចេញពីសាន់ដេ ចូលហង្សមាស គឺមិនអាចធ្វើព្យុះភ្លៀងបានដូចកាលនៅសាន់ដេ ដែលធ្វើឱ្យព្រាប សុវត្ថិ រង្គោះរង្គើតំណែងម្តងៗនោះបានទៀតឡើយ។ យ៉ាងណា តារាចម្រៀងមានកូន3 ខេមរៈ សិរីមន្ត ដែលមិនទាន់ហ៊ានរៀបការជាចំហជាមួយភរិយា អ្នកនាងផល្លី នេះ នៅតែមានភាពប្រដមប្រសងជាមួយព្រាប សុវត្ថិ ដដែល ហើយក៏មិនទាន់មានតារាប្រុសណាអាចមកប្រជែងតំណែងនេះបានទេ។ ខេមរៈ សិរីមន្ត មានតម្លៃខ្លួនច្រៀងប្រហាក់ប្រហែលព្រាប សុវត្ថិ ដែរ គឺច្រៀង1កម្មវិធី ស៊ីថ្លៃ 3000ដុល្លារ ហើយក្នុង1ខែ ក៏អាចរកលុយបានមិនក្រោម6ម៉ឺនដុល្លារដែរ។
ឱក សុគន្ធកញ្ញា ៖ តារាជើងខ្លាំងរូបនេះឈរនាំមុខគេ ក្នុងចំណោមតារាចម្រៀងស្រីនៅហង្សមាស 9ឆ្នាំមកហើយ ដែលមិនទាន់មានតារារួមដំបូលរូបណាអាចផ្តួលនាងបានឡើយ។ ឱក សុគន្ធកញ្ញា ដែលនឹងរៀបការជាមួយលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នៅខែឧសភា ឆ្នាំ2019 នេះ ត្រូវគេជឿថា នាងនឹងកាន់តែមានឥទ្ធិពលនិងអំណាចខ្លាំងថែមទៀត ពេលដែលក្លាយជាប្អូនថ្លៃថៅកែហង្សមាស នេះ។ សុគន្ធកញ្ញា មិនចាញ់ខេមរៈ សិរីមន្ត ឡើយ នាងច្រៀង1កម្មវិធីស៊ី ថ្លៃ3000ដុល្លារ ហើយប្រាក់ចំណូលប្រចាំខែ មិនតិចជាង 6ម៉ឺនដុល្លារឡើយ។
មាស សុខសោភា ៖ តារាចម្រៀងសំនៀងផ្អែម មាស សុខសោភា ត្រូវបានមហាជនទទួលស្គាល់សមត្ថភាពនាងថា ទៅដល់ផលិតកម្មណា ក៏នៅតែល្បីដែរ។ សោភា មានព័ត៌មានចុងក្រោយថា នាងកាន់តែខិតកៀកក្នុងការចូលជាសមាជិករបស់ហង្សមាស ទៅហើយ ព្រោះកំពុងតែចរចាគ្នាតែអ្នកគាំទ្រតារាចម្រៀងរូបនេះ ចង់ឱ្យនាងនៅបន្តច្រៀងនៅផលិតកម្មថោន និងផលិតកម្ម Camtax ច្រើនជាងចូលហង្សមាស ព្រោះពួកគេគិតថា ហង្សមាស មានតួឯកទៅហើយ គឺឱក សុគន្ធកញ្ញា។ មាស សុខសោភា មានតម្លៃខ្លួនប្រដមប្រសងឱក សុគន្ធកញ្ញា ដែរគឺច្រៀង1កម្មវិធី ចាប់ពី3000ដុល្លារឡើង ហើយនៅខែក្តៅនេះ សោភា រវល់យ៉ាងហោចណាស់20ថ្ងៃ ក្នុង1ខែៗ ហេតុនេះហើយប្រាក់ចំណូលរបស់នាង គឺមិនក្រោម60000ម៉ឺនដុល្លារទេ ក្នុង1ខែ។
ពេជ្រ សោភា ៖ ថ្វីត្បិតតែបរាជ័យស្នេហាជាបន្តបន្ទាប់ក្តី តែពេជ្រ សោភា នៅតែឈរជើងក្នុងអាជីពចម្រៀង និងស្ថិតក្នុងចំណោមតារាចម្រៀងស្រីជួរមុខគេ នាពេលបច្ចុប្បន្នដែរ។ ពេជ្រ សោភា ក្រៅពីត្រូវប៉ាន់កើបលុយធំពីការច្រៀងតាម Concert ជាច្រើន នៅរដូវក្តៅនេះ នាងក៏ជាតារាស្ពតរបស់ក្រុមហ៊ុនធំៗមួយចំនួនដែរ។ ពេជ្រ សោភា មិនចាញ់ សុគន្ធកញ្ញា និងសោភា ទេ គឺច្រៀង1កម្មវិធី ស៊ីថ្លៃចាប់ពី3ពាន់ដុល្លារឡើងដែរ អ៊ីចឹងគឺប្រាក់ចំណូលរបស់នាងក៏មិនអន់ជាងតារាស្រីទាំង2ដួងខាងលើដែរ គឺ6ម៉ឺនដុល្លារ ក្នុង1ខែ។
ទោះជាយ៉ាងណា សម្រាប់តារាចម្រៀង 5ដួងខាងលើ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកចម្រៀងលំដាប់ Grade A នេះ មានប្រាក់ចំណូលខ្ពស់តែរដូវក្តៅប៉ុណ្ណោះ នៅរដូវធ្លាក់ភ្លៀងពួកគេ ក៏ធ្លាក់ចំណូលដូចតារាចម្រៀងផ្សេងៗទៀតដែរ”