ព្រាប សុវត្ថិ បានអាក់ខាកចេញទៅច្រៀងសម្តែងនៅប៉ែកអឺរ៉ុប មួយរយៈធំ ដោយសារដោះខ្លួនមិនរួចពីការច្រៀងសម្តែងនៅក្នុងស្រុក តាមរយៈការកុងត្រាជាមួយក្រុមហ៊ុនមួយចំនួននៅរដូវក្តៅ។ ប៉ុន្តែសម្រាប់បុណ្យចូលឆ្នាំខ្មែរ នៅខែមេសា ខាងមុខនេះ ព្រាប សុវត្ថិ នឹងបាត់ខ្លួនពីការច្រៀងសម្តែងក្នុងស្រុក ព្រោះត្រូវជាប់ភារកិច្ចនាំកូនប្រុសទាំង៣ គឺ សុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ និងក្រុមភ្លេងផ្ទាល់ខ្លួនរបស់លោក (Preap Sovath Band) នឹងចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក តាមរយៈម្ចាស់ Sponsor អតីតតារាសម្តែងលោកហង្ស ឈា។
តាមរយៈការផ្សព្វផ្សាយរបស់អតីតតារាសម្តែង ហង្ស ឈា ដែលមានប្រពន្ធកូននៅអាមេរិក និងជាអ្នកធានាលោកព្រាប សុវត្ថិ និងកូនប្រុសទាំង៣ រួមទាំងក្រុមភ្លេងនោះ បានបង្ហាញថា ការប្រគំតន្ត្រីនោះ មានឈ្មោះថា US Mega Tour Concert ហើយការច្រៀងសម្តែង គឺនៅអំឡុងពេលចូលឆ្នាំខ្មែរ ខាងមុខនេះហើយ។
សម្រាប់ព្រាប សុវត្ថិ ការចេញទៅច្រៀងសម្តែងនៅលើទឹកដីអាមេរិក គឺមានជាច្រើនលើកច្រើនសាមកហើយ ដែលកន្លងមក ធ្លាប់ត្រូវបានខាងម្ចាស់ Sponsor បង្ហើបឱ្យដឹងថា ព្រាប សុវត្ថិ ស៊ីថ្លៃខ្ពស់ជាងគេ ហើយលោកទៅខុសពីតារាចម្រៀងផ្សេង គឺត្រូវតែនាំយកក្រុមភ្លេងរបស់លោកទៅជាមួយគ្នាដែរ ដើម្បីងាយស្រួលក្នុងការចាប់យកបទចម្រៀងរបស់លោក និងជាការលើកមុខមាត់តារាចម្រៀងពីស្រុកខ្មែរ ទៅច្រៀងនៅបរទេសផងដែរ។
ដោយឡែក សម្រាប់លោកព្រាប សុវត្ថិ ការនាំយកកូនប្រុសទាំង៣ ចេញទៅច្រៀងសម្តែងនៅអាមេរិក ជាលើកទី១សម្រាប់លោក ហេតុនេះហើយ ទើបមានការលើកឡើងថា ពេលនេះ ព្រាប សុវត្ថិ កំពុងតែត្រួសត្រាយផ្លូវឱ្យកូនៗរបស់លោក ទទួលយកបទពិសោធន៍ទាំងការច្រៀងក្នុងស្រុក និងក្រៅប្រទេស។
ទស្សនិកជនជឿថា កូនៗរបស់ព្រាប សុវត្ថិ ទាំង៣នាក់ ដែលសុទ្ធតែជាបុរសរូបសង្ហានោះ នឹងទាក់ទាញក្រមុំៗនៅអាមេរិក ជាច្រើនមិនខានឡើយ ដែលនឹងចូលទៅទស្សនាការច្រៀងសម្តែងរបស់កំពូលតារាចម្រៀងរូបនេះ ជាមួយកូនប្រុសរបស់លោករួមគ្នា។
ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងដែលមានទ្រព្យស្តុកស្តម្ភ មិនចាញ់តារាបរទេសឡើយ តាមរយៈការរស់នៅយ៉ាងហ៊ឺហា វីឡាស្កឹមស្កៃ ក្បែរផ្សារទួលគោក។ ព្រាប សុវត្ថិ ជិះរថយន្តម៉ាក Range Rover និង Ford ១២កៅអី ហើយតាមព័ត៌មានថា លោកមានដីធ្លីនៅខេត្តរតនគិរី និងតំបន់ភូមិបៃតង ភ្នំពេញថ្មី ផងដែរ។ ប៉ុន្តែ ព្រាប សុវត្ថិ ដែលឈានជើងចូលរកស៊ីផ្នែកអចលនទ្រព្យពេលនេះ មិនដែលអួតអាង ឬតាំងចិត្តថា លោកជាអ្នកមានឡើយ គឺតែងតែដាក់ខ្លួនជានិច្ច។
តាមប្រភពថា សម្រាប់ការច្រៀង Concert នៅរដូវក្តៅនេះ ព្រាប សុវត្ថិ រកបានប្រាក់ចំណូលយ៉ាងហោចណាស់ក៏៦ម៉ឺនដុល្លារ ដែរក្នុង១ខែ ព្រោះតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃ៣០០០ដុល្លារឡើង ហើយក្នុង១ខែ លោកចេញច្រៀងមិនក្រោម២០កម្មវិធីឡើយ។
គេថា ព្រាប សុវត្ថិ ប្រៀបដូច “ខ្ញីចាស់កាន់តែហិរ” ហេតុនេះហើយ ទោះជាព្រាប សុវត្ថិ បានបញ្ចោញកូនប្រុសទាំង៣ ច្រៀងរួមគ្នាទាំងនៅផលិតកម្ម និងលើឆាកមែន តែព្រាប សុវត្ថិ នៅមិនទាន់ធ្លាក់ស្រុតចុះទេ គិតត្រឹមឆ្នាំ២០១៩ នេះ។ តែការដែលព្រាប សុវត្ថិ យកកូនប្រុសទាំង៣ច្រៀងអមនេះ មានន័យថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឱ្យកូនៗរបស់លោកស្នងតំណែងនាពេលខាងមុខ នៅពេលដែលលោកសម្រេចចិត្តឈប់កាន់ក្បាលមីក្រូឡើងឆាកនោះ៕