តារាចម្រៀងសួស វីសា ដែលមានសង្សារប្រុសក្មេង ប៊ុនថុល ប៊ុនថង ហៅថមមី ដែលពួកគេបានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចប្តីប្រពន្ធ ទើបរៀបការហើយថ្មោងថ្មីនោះ ទីបំផុត នៅតែមានជនទី3 តាមជ្រៀតជ្រែកស្នេហ៍។
អ្នកដែលលូកដៃព្យាយាមចង់ឆក់បេះដូងវីសា ពីលោកថមមី នោះ មានមន្ត្រីធំៗ និងអាណិកជនខ្មែរ នៅបរទេសជាច្រើនរូបផងដែរ ទើបធ្វើឱ្យប្រុសក្មេងថមមី ភ័យបុកពោះ។ ប៉ុន្តែ រឿងដែលសួស វីសា ឈឺក្បាលខ្លាំងនោះ គឺមានស្រីៗមួយចំនួនបានព្យាយាមតាមសុំស្នេហ៍អ្នកចម្រៀងសំនៀងផ្អែមរូបនេះ ពីប្រុសក្មេងផងដែរ ទើបធ្វើឱ្យវីសា មួម៉ៅជាខ្លាំង ព្រោះខ្លាចចំណងស្នេហានាងជាមួយលោកថមមី រង្គោះរង្គើ។
សួស វីសា និយាយលាយឡំសំណើចថា “និយាយឱ្យត្រង់ទៅ ទោះជាគេដឹងថា ខ្ញុំមានសង្សារហើយ ក៏មានប្រុសៗផ្សេងៗទៀតហ្នឹង តាមស្រលាញ់ដែរ។ តែរឿងដែលហួសចិត្តហ្នឹង មានស្រីៗមកតាមសុំស្រលាញ់យើងដែរ អ៊ីចឹងខ្ញុំធុញដែរតើ! ខ្ញុំមិនចូលចិត្តស្រីៗអ៊ីចឹងទេ ខ្ញុំស្រលាញ់ប្រុសមិនមែនស្រលាញ់ស្រីទេ”។
សួស វីសា ថា មនុស្សស្រីដូចនាងពិបាកណាស់ រកប្រុសដែលត្រូវចិត្ត តែលោកថមមី វិញ គឺដឹងសុខទុក្ខធុរៈនាងគ្រប់យ៉ាង ហេតុនេះហើយបានជានាងជ្រើសរើសប្រុសក្មេងនេះ។ ប៉ុន្តែចំពោះគម្រោងរៀបការវិញ វីសា ថា មិនអាចប្រព្រឹត្តទៅឆាប់ៗបានឡើយ ដោយសារនាងគិតថា ទាន់ពេលវេលានៅមានឱ្យនាង និងថមមី អាចរកលុយបាន អ៊ីចឹងត្រូវតែប្រឹងរកលុយសិន ចាំគិតគូររៀបការនៅពេលវេលាសមស្របណាមួយ នាពេលខាងមុខនេះ ព្រោះចំណងស្នេហានាងត្រូវក្រុមគ្រួសារទាំងសង ខាងបានដឹងឮអស់ទៅហើយ។
វីសា បញ្ជាក់ថា នាងមិនចង់ភ្ជាប់ពាក្យជាមួយថមមី ទេ គឺចង់ដល់ពេលរៀបការយកតែម្តង៕