ព្រាប សុវត្ថិ នឹងត្រូវដឹកដៃកូនប្រុសទាំង៣ រួមមាន សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ចេញទៅច្រៀងសម្តែងរួមគ្នានៅសហរដ្ឋអាមេរិក ក្នុងការប្រគំតន្ត្រី ដែលមានឈ្មោះថា “Us Mega Tour Concert” អំឡុងពេលចូលឆ្នាំខ្មែរ នៅខែមេសា ខាងមុខនេះ ដោយអ្នកចម្រៀងល្បីរបស់ហង្សមាស រូបនេះ ក៏បានយកភ្លេងទៅជាមួយដែរ។
ប៉ុន្តែមិនទាន់បានឡើងយន្តហោះផង ស្រាប់តែព្រាប សុវត្ថិ ត្រូវបានអាណិកជនខ្មែរមួយចំនួន បានព្រមានកំពូលតារាចម្រៀងរូបនេះ ដោយមិនទៅទស្សនាការសម្តែងរបស់លោកឡើយ។
តាមរយៈរូបថតព្រាប សុវត្ថិ និងកូនប្រុសទាំង៣ រួមជាមួយក្រុមភ្លេង និងតារាចូលរួមសម្តែងរួមគ្នាដែលជាម្ចាស់ Sponsor លោកហង្ស ឈា អតីតតារាសម្តែងនោះ ត្រូវបានគេខ្វែងបួនជ្រុងចោល ហើយមានម្ចាស់គណណីហ្វេសប៊ុកមួយចំនួន បានព្រមានមិនស្វាគមន៍ការទៅដល់របស់ព្រាប សុវត្ថិ ទៀតផង ក្នុងនោះ មានដូចជា ឈ្មោះ Bruce Yin, Meas key និង Bopha Tep ជាដើម។ ប៉ុន្តែយ៉ាងណា ពួកគេមិនបានប្រាប់ឡើយថា តើការព្រមានមិនទៅទស្សនាការច្រៀងសម្តែងរបស់ព្រាប សុវត្ថិ ដោយសាររឿងអ្វីឡើយ?
អតីតតារាសិល្បករមួយចំនួន ដែលកំពុ រស់នៅសហរដ្ឋអាមេរិក ដែលអ្នកយកព័ត៌មានយើងបានទាក់ទងកាលពីពេលថ្មីៗនេះ សួរមូលហេតុអ្វីបានជាព្រាប សុវត្ថិ មិនទាន់បានទៅដល់អាមេរិក ផង តែមានគេមិនចូលចិត្តលោកនោះ?
ត្រូវបានពួកគេនិយាយសុំមិនឱ្យដាក់ឈ្មោះថា អាចមកពីរឿងជាប់ពាក់ព័ន្ធនយោបាយ ព្រោះមិនថាតែព្រាប សុវត្ថិ ទេ តារាណាក៏ដោយឱ្យតែហែបក្ស អ្នកនៅអាមេរិក មិនសូវពេញចិត្តឡើយ។
ប្រភពនោះបានឱ្យដឹងថា អំឡុងពេលដែលឱក សុគន្ធកញ្ញា ចេញទៅច្រៀងសម្តែងនៅអាមេរិក កាលពីឆ្នាំមុន ជាមួយអាឡិច ចាន់ត្រា នោះ ក៏មិនសូវមានអ្នកគាំទ្រច្រើនដែរ ហេតុនេះហើយបានជា ពេលនេះ សុគន្ធកញ្ញា មិនចង់ទៅច្រៀងសម្តែងនៅក្រៅស្រុកដូចមុនទៀត។
ទោះជាយ៉ាងណា មហាជនយល់ថា ការមិនពេញចិត្តព្រាប សុវត្ថិ របស់អាណិកជនខ្មែរ នៅអាមេរិក អាចមានតិចជាងអ្នកដែលស្រលាញ់ចូលចិត្តតារាល្បីជាង២ទសវត្សន៍នេះ ហេតុនេះហើយ គេជឿថា ព្រាប សុវត្ថិ នៅតែចេញទៅច្រៀងសម្តែងនៅអាមេរិក នៅខែមេសា នេះ តាមគម្រោងជាមិនខានឡើយ៕