Tuesday, April 16, 2024
Homeបរិយាយថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចៅ​សង្កាត់​ភ័យ​បុក​ពោះ

ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចៅ​សង្កាត់​ភ័យ​បុក​ពោះ

កាលពីប៉ុន្មានខែមុន “នគរធំ” បានចេញបទបរិយាយថ្ងៃនេះ ក្រោមប្រធានបទ “ជីវភាពចៅសង្កាត់និងមេឃុំ ដូចមេឃ និងដី” ដោយរៀបរាប់ពីគ្រួសារមេឃុំនៅជនបទ ប្រឈមនឹងការខ្វះខាត ជិះម៉ូតូកញ្ចាស់ទៅធ្វើការ ឯប្រពន្ធនៅផ្ទះលក់ចាប់ហួយ និងចិញ្ចឹមជ្រូក ផ្ទុយពីគ្រួសារចៅសង្កាត់ មានឡានជិះ ជីវភាពធូរធារ។ ឥឡូវថ្ងៃចុះឈ្មោះបោះឆ្នោត និងត្រៀមបោះ- ឆ្នោតជ្រើសមេឃុំ-ចៅសង្កាត់ កំពុងដំណើរការតាមប្រព័ន្ធកុំព្យូទ័រ ក៏លេចឮថា “ចៅសង្កាត់មួយចំនួន កំពុងភ័យបុកពោះ ខ្លាចធ្លាក់ឆ្នោត” ដែល “នគរធំ” សូមលើកមកបរិយាយបន្ថែមទៀត ពីជីវភាពមេឃុំ និងចៅសង្កាត់…។

“ឃុំ” គឺជាដែនដីចំណុះស្រុក បើស្រុកណាធំ មានប្រជាពលរដ្ឋច្រើន ចំនួនឃុំក៏ច្រើនដែរ។ រីឯ “សង្កាត់” គឺជាដែនដីចំណុះ ខណ្ឌ ឬចំណុះក្រុង មានភូមិសាស្ត្រមិនធំដូចឃុំទេ ប៉ុន្តែ សង្កាត់ជាកន្លែងប្រមូលផ្តុំមនុស្សកុះករ ផ្ទះថ្មជាប់ៗគ្នា និងមានផ្សារ- ផ្សោ យានយន្តបើកបរខ្វាត់ខ្វែង។ នៅរាជធានីភ្នំពេញ មានផ្ទៃដីទំហំ៦៧៨គីឡូម៉ែត្រក្រឡា ចែកជា១២ខណ្ឌ ស្មើនឹង៩៦ សង្កាត់ ប៉ុន្តែ សព្វថ្ងៃមានការបំបែកសង្កាត់ធំៗ ជាពីរជាបីទៀត ធ្វើឱ្យចំនួនសង្កាត់កើនច្រើនជាងនេះ។ ចំណែកទីក្រុងឯទៀត  (ទីរួមខេត្ត) ក៏មានសង្កាត់តិចឬច្រើនទៅតាមភូមិសាស្ត្រក្រុង ប៉ុន្តែ ក្រុងខ្លះពុំមែនជាទីរួមខេត្តទេ ដូចជា ក្រុងប៉ោយប៉ែត ក្រុងបាវិត ជាដើម មានសង្កាត់តិចណាស់ ផ្ទុយពីក្រុងបាត់ដំបង ក្រុងកំពង់ចាម ឬក្រុងតាខ្មៅ (ទីរួមខេត្ត) ដែលមានសង្កាត់ ច្រើន។

ក្រោយឆ្នាំ១៩៧៩ មេឃុំ និងចៅសង្កាត់ មានការតែងតាំងពីថ្នាក់លើ ពុំទាន់មានការបោះឆ្នោតនៅឡើយ ប៉ុន្តែ ក្រោយ ឆ្នាំ១៩៩៣ បន្ទាប់ពីមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សមក មេឃុំ-ចៅ- សង្កាត់ ក៏ត្រូវជ្រើសតាំងដោយការបោះឆ្នោតដែរ។ ការបោះឆ្នោតនោះ ធ្វើតាម “ប្រព័ន្ធសមាមាត្រ” បើរាស្ត្រស្រឡាញ់ បក្សណា ក៏បោះឱ្យបក្សនោះ ហើយឈ្មោះបេក្ខជនណានៅលើបញ្ជីតារាង ត្រូវជាប់ដោយស្វ័យប្រវត្តិ ផ្ទុយពីសង្គមមុន ដែល បោះឆ្នោតតាម “ប្រព័ន្ធឯកត្តនាម”។

ដូច្នេះយើងឃើញថា រហូតមកទល់ពេលនេះ ក៏មានមេឃុំ-ចៅសង្កាត់ខ្លះ ធ្វើការតាំងពីសក់ខ្មៅ ដល់សក់ស មិនទាន់ ឈប់ផង ដែលភាគច្រើនជាសមាជិកគណបក្សប្រជាជនកម្ពុជា។ មេឃុំនៅស្រុកស្រែ ដែលអាចរក្សាតំណែងបានយូរបែប នេះ ភាគច្រើនគឺមកពីគាត់ស្អាតស្អំ ស្គាល់ទុក្ខធុរៈប្រជាពលរដ្ឋ ដូចអ្វីដែល “នគរធំ” ធ្លាប់សរសេរពីមុនថា លោកមេឃុំ ម្នាក់នៅខេត្តពោធិ៍សាត់ ជិះម៉ូតូកញ្ចាស់ បង់កក្រមាទៅធ្វើការ ពឹងផ្អែកតែលើប្រាក់ខែសុទ្ធសាធ។ ពេលល្ងាចម៉ោង៥ចេញ ពីសាលាឃុំ គាត់ឆ្លៀតទៅថែទាំស្រូវប្រាំង ដែលមានទីតាំងក្បែរដងស្ទឹងពោធិ៍សាត់ លុះប្រមូលផលស្រូវបាន ក៏លក់យក ប្រាក់បង់ថ្លៃសាលាពេទ្យ ដែលកូនក្រមុំគាត់ទៅរៀន។ ប្រពន្ធគាត់គ្មានលក្ខណៈជាលោកស្រីអីទេ ដោយនៅផ្ទះឱ្យបាយជ្រូក លក់ដូរបន្លែបន្លុក ប្រហុក ផ្អក អំបិល ប៊ីចេង រកកម្រៃទប់ទល់ជីវភាព។ លោកមេឃុំនោះស្មោះត្រង់នឹងគណបក្សប្រជាជន កម្ពុជា មិនហ៊ានប្រព្រឹត្តអំពើពុករលួយ ធ្វើសំបុត្រស្នាមអីជូន រាស្ត្រ គាត់មិនដែលយកលុយកាក់។ ដល់អ៊ីចឹងទៅប្រជាពលរដ្ឋ ស្រឡាញ់គាត់គ្រប់គ្នា សូម្បីអ្នកគាំទ្របក្សប្រឆាំង ក៏ស្រឡាញ់គាត់ដែរ ព្រោះគាត់មិនប្រកាន់បក្ស ដូចជាពេលមានបុណ្យ សព គាត់ចូលដល់ក្តារមឈូសសពតែម្តង ដោយមិនគិតថា អ្នកស្លាប់នោះ បក្សណាជាបក្សណានោះទេ។

ផ្ទុយទៅវិញ ចៅសង្កាត់មួយចំនួននៅរាជធានីភ្នំពេញ មានជីវភាពខុសពីមេឃុំនៅជនបទដូចមេឃនិងដី។ គាត់មាន ឡានទំនើបជិះ មានអង្គរក្ស មានផ្ទះថ្មពីរបីកន្លែង ដីធ្លីរាប់ឡូត៍ ព្រឹកណាក៏ឃើញគាត់ក្នុងហាងគុយទាវ ជួនកាលគេឃើញ គាត់បន្លំខ្លួនក្នុងហាងស៊ីផឹក “មើលភ្លើង ស្តាប់ភ្លេង លេងភ្លៅ” ឯណោះ។ ដងវិថីក្នុងសង្កាត់ដែលគាត់គ្រប់គ្រង កន្លែងខ្លះ ក្រហេងក្រហូងដូចសម្បុកមាន់ គ្មានការជួសជុល កន្លែងខ្លះទៀត បណ្តែតបណ្តោយឱ្យមានការលក់ដូរ ឬចតរថយន្តរញ៉េរញ៉ៃ  រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវ បណ្តាលឱ្យស្ទះចរាចរណ៍ រហូតប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់តឹងទ្រូងពេក ស្រែកស្នើ សុំដល់នាយករដ្ឋមន្ត្រីចេញបញ្ជាឱ្យអាជ្ញាធរដែនដី រំដោះចិញ្ចើមផ្លូវផង។ សង្កាត់មួយចំនួន ជាប់លេខ១ខាងចោរកម្ម និង សម្បូរក្មេងពាលសេពថ្នាំញៀន បង្ក្រាបយ៉ាងណាក៏មិនឈ្នះ លុះមានអ្នកកាសែតទូរស័ព្ទទៅសួរ លោកចៅសង្កាត់ ក៏ឆ្លើយ ថា “រវល់ប្រជុំ”។

បើប្រៀបធៀបបុណ្យស័ក្តិមេឃុំ និងចៅសង្កាត់ ឃើញថា មិនលើសខ្វះគ្នាទេ ដែលពីសម័យបារាំង មានគោរមងារ ជា “ពញា” ក្នុងទី “ឃុន” ពាក់ “ស័ក្តិ៤ហ៊ូពាន់” ដូចជាឪពុកលោកតាមហាកវីង៉ុយ ឈ្មោះអ៊ុក មានងារជា “ពញាធម្មធារា” មេឃុំកំបូល ខេត្តភ្នំពេញ ខណៈដែលចៅសង្កាត់ខ្លះ មានងារជា “ពញារក្សាភិបាល” ដែលរាស្ត្រនិយមហៅថា “មេស្រុក”។ កាលពីសម័យសង្គមរាស្ត្រនិយម ការបោះឆ្នោតជ្រើសមេឃុំ-ចៅសង្កាត់ ធ្វើតាមប្រព័ន្ធឯកត្តនាម លុះត្រាតែបេក្ខជននោះ ធ្លាប់បួសរៀនច្រើនវស្សា មានគុណវុឌ្ឍីខ្ពស់ ទើបជាប់ឆ្នោត ដែលពួកគាត់រស់បានដោយសាររាជការឱ្យកាត់ប្រាក់ពន្ធជាភាគរយ ល្មមចិញ្ចឹមគ្រួសារបានសមរម្យដូចគេ។

ក្រឡេកមើលសម័យបច្ចុប្បន្នវិញ យើងឃើញថា ប្រាក់ខែមេឃុំ-ចៅសង្កាត់ តិចតួចស្តួចស្តើងណាស់ ប៉ុន្តែ ហេតុអ្វីជីវភាព មេឃុំ និងចៅសង្កាត់ ខុសគ្នាដូចមេឃនិងដី? សំណួរនេះយើងមិនបាច់ឆ្លើយទេ ដោយទុកជូនប្រជាពលរដ្ឋ ជាអ្នកផ្តល់ពិន្ទុ និងវាយតម្លៃ ព្រោះពេលគូសសន្លឹកឆ្នោតជិតមកដល់ហើយ។ តាមការលេចឮពីវេទិកាតុកាហ្វេនានា នៅរាជធានីភ្នំពេញ ថា “ថ្ងៃចុះឈ្មោះបោះឆ្នោត ចៅសង្កាត់ខ្លះភ័យបុកពោះ ខ្លាចរបូតតំណែង” ពាក្យលេចឮនេះ អាចជាការពិតសម្រាប់ចៅសង្កាត់ ខ្លះដែលមានជីវភាពខ្ពស់ ប៉ុន្តែ ចៅសង្កាត់ក្រីក្រ ក៏ដូចមេឃុំនៅជនបទជិះម៉ូតូកញ្ចាស់នោះ ប្រហែលមិនភ័យអ្វីទេ។ ដូចអ្វី ដែលយើងធ្លាប់បរិយាយរួចមកហើយថា មេឃុំចាស់ដែលស្គាល់ទុក្ខធុរៈប្រជាពលរដ្ឋ មិនងាយចាញ់ឆ្នោតទេ ដោយហេតុថា រាស្ត្រស្រឡាញ់គាត់ ទោះជារាស្ត្រនោះគាំទ្របក្សប្រឆាំងក្តី។ មុនបោះឆ្នោត រាស្ត្រនឹងពិចារណាថា មេឃុំចាស់ជាប់សាច់ញាតិ គ្នា ឬធ្លាប់ស្គាល់គ្នា ស្រួលពឹងពាក់ពេលធ្វើសំបុត្រស្នាមមិនយកលុយ ទោះជាលោកមេឃុំខាង CPP ក៏រាស្ត្រគាំទ្រ ហើយអ្នកគាំទ្រ CNRP ក៏សម្រេចចិត្តបោះឆ្នោតជូនមេឃុំចាស់ ព្រោះតែមនោសញ្ចោតនាបុគ្គល មិនគិតពីបក្ស ប៉ុន្តែ បើបោះឆ្នោតជ្រើសតំណាងរាស្ត្រ គាត់ជ្រើសយកបក្សដែលគាត់ស្រឡាញ់។ ទោះជាបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ក៏ដូចជាឯកត្តនាម ព្រោះ តែរាស្ត្រស្រឡាញ់បុគ្គល ទើបយើងឃើញមេឃុំខ្លះ ធ្វើការ២០-៣០ឆ្នាំហើយ អត់ធ្លាក់ទេ។

ដូច្នេះបើរាស្ត្របោះឆ្នោតជ្រើសបុគ្គលបែបនេះ បើសិនជាគណបក្សដាក់បុគ្គលពុករលួយ បក្ខពួកនិយម គ្រួសារនិយម មានឈ្មោះលើបញ្ជីតារាង អាចនឹងធ្លាក់មិនខាន ទោះជាបក្សណាក៏ដោយចុះ ជាពិសេស បេក្ខជនចៅសង្កាត់ដែលអសកម្ម។ ឧបមាថា បក្សកាន់អំណាច ដឹងដែរថា ចៅសង្កាត់ម្នាក់នោះ រាស្ត្រមិនពេញចិត្តដែរ នៅតែឱ្យឈរឈ្មោះលើគេ ខណៈដែល បក្សជាគូប្រជែងជ្រើសតាំង “អាចារ្យវត្ត” ឬ “ព្រឹទ្ធាចារ្យ” ស្គាល់បុណ្យបាបមកឱ្យឈរឈ្មោះនោះ រាស្ត្រច្បាស់ជាបោះឆ្នោត ជូនព្រឹទ្ធចារ្យនោះហើយ។ ចំណែកចៅសង្កាត់ចាស់ដែលល្បីខាងស៊ីញ៉េយកលុយ និងយូរៗដើរចែកអំណោយតិចតួច ទាក់ទាញ សន្លឹកឆ្នោតនោះ ប្រហែលជាមិនបានជោគជ័យទេ ព្រោះរាស្ត្រសម័យនេះ ចេះពិចារណាវែងឆ្ងាយណាស់។ អ៊ីចឹងហើយបាន ជាតាៗញៀនកាហ្វេពន្លយពាក្យថា “ថ្ងៃបោះឆ្នោត ចៅសង្កាត់ភ័យបុកពោះ” នោះមិនខុសទេ ប៉ុន្តែ ចៅសង្កាត់ស្អាតស្អំ ក៏ ដូចមេឃុំមានប្រជាប្រិយភាព គ្មានភ័យប៉ុនសរសៃសក់ទេ បើបក្សដាក់បេក្ខភាពគាត់ ច្បាស់ជាជាប់ទៀត។

សរុបទៅ “ថ្ងៃចុះឈ្មោះបោះឆ្នោត ចៅសង្កាត់ភ័យបុកពោះ” អាចជាការពិត ស្របតាមសុភាសិតខ្មែរថា “គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ” ដែលយើងមិនបាច់រៀបរាប់។ ទោះជាមានពាក្យលេចឮយ៉ាងនេះក្តី ក៏ពេលវេលានៅសល់ ជិត១ឆ្នាំទៀតឯណោះ គួរតែចៅសង្កាត់ដែលមានជីវភាពខ្ពស់ហួសមេឃុំ ព្យាយាមកែលម្អទៅ ព្រោះវាមិនទាន់ហួសពេល ទេ។ លោកចៅសង្កាត់នៅភ្នំពេញ គួរមើលផ្លូវផង កុំឱ្យសម្តេចនាយករដ្ឋមន្ត្រី ស្រែកថា “អាជ័យចាំចម្ការ” ទៀត។ បើកែប្រែ បានល្អ អាចនឹងជាប់ឆ្នោតទៀត តែបើមិនព្រមកែ នឹងបាត់បង់តំណែង ចៀសមិនរួចទេ ជាពិសេសចៅសង្កាត់បឹងសាឡាង សង្ឃឹមសន្លឹកឆ្នោតទៅ!…៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES