Friday, April 26, 2024
Homeព័ត៌មានជាតិលោក​​ផៃ ស៊ីផាន បដិសេធ​​ព័ត៌​មាន​លោក ហ៊ុន ម៉ាណែត ចាញ់​ក្តី​មាជ សុវណ្ណារ៉ា នៅ អាមេរិក

លោក​​ផៃ ស៊ីផាន បដិសេធ​​ព័ត៌​មាន​លោក ហ៊ុន ម៉ាណែត ចាញ់​ក្តី​មាជ សុវណ្ណារ៉ា នៅ អាមេរិក

ភ្នំពេញ ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យ រដ្ឋាភិបាល បានប្រតិកម្មបដិសេធទៅនឹងព័ត៌មាន ដែលថាតុលាការអាមេរិក កាត់ក្តីឱ្យលោកហ៊ុន ម៉ាណែត បុត្រាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចាញ់ក្តីលោកមាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់ គណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ នោះ។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី02 ខែកញ្ញា ឆ្នាំ2016ថា “គោរពជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្ត ធពធស

នៅថ្ងៃនេះ បណ្តាញសារព័ត៌មាន និង បណ្តាញសង្គម បានផ្សព្វផ្សាយនៅក្រោមឥទ្ធិពល ព័ត៌មានប្រឌិត ដែលលើកឡើងថា តុលាការ អាមេរិក បានវិនិច្ឆ័យក្តីចំពោះឯកឧត្តមហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាល ចាញ់ក្តីនៅក្នុង ករណីនេះរួចហើយ។ ព័ត៌មានទុច្ចរិតនេះ ពុំបាន ស្តែងចេញអំពីការពិតនៅក្នុងបន្ទប់វិនិច្ឆិ័យក្តី នោះទេ ត្បិតនីតិវិធីតុលាការសហរដ្ឋអាមេរិក មានលក្ខខណ្ឌប្រហាក់ប្រហែលនឹងនីតិវិធីដូច កម្ពុជាផងដែរ។

នៅក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលស៊ើបសួរ តម្រូវឱ្យដើមបណ្តឹងត្រូវមាន ភ័ស្តុតាងនៃអង្គហេតុដែលមានទម្ងន់ជាមួយនិង អង្គច្បាប់ដែលជាធាតុផ្សំ ឱ្យចៅក្រមពិចារណា និងបន្តនីតិវិធីទៅពេលក្រោយទៀត។ ហើយ នៅក្នុងពេលនេះ គឺមិនមែនជាពេលកាត់សេចក្តី មានអ្នកឈ្នះ និងមានអ្នកចាញ់នោះទេ។ អាស្រ័យ ហេតុនេះ ព័ត៌មានបំពុលនិងទុច្ចរិត គឺជាអំពើ ឃោសនាអកុសលតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាល កម្ពុជា គឺមិនស្ថិតនៅក្រោមឥទ្ធិពលនៃអំណាច តុលាការរបស់សហរដ្ឋអាមេរិកនោះទេ ត្បិត រាជរដ្ឋាភិបាល គឺតំណាងឱ្យរដ្ឋអធិបតេយ្យភាព មិនចំណុះចំពោះមុខតុលាការបរទេសនោះទេ លើកលែងតែតុលាការអន្តរជាតិណាមួយដែលកម្ពុជា បានផ្តល់សច្ចាប័ន និងជាសមាជិកនៃ ស្ថាប័ននោះ។

ដូចនេះព័ត៌មានដែលបានផ្សព្វផ្សាយនោះ គឺគ្រាន់តែជាយុទ្ធនាការដាក់សម្ពាធ និងធ្វើឱ្យ បណ្តាញសារព័ត៌មានក្នុងស្រុក មានការយល់ច្រឡំតែប៉ុណ្ណោះ។

រីឯឯកឧត្តមហ៊ុន ម៉ាណែត គឺជាប្រជាពលរដ្ឋខ្មែរ និងជាឥស្សរជនខ្មែរ ដែលទទួលបាន កិច្ចការពារដោយច្បាប់កម្ពុជា ដែលមានអធិបតេយ្យភាពឯកជនរបស់ឯកឧត្តមផ្ទាល់ ដែល ខុសគ្នានិងលោកមាជ សុវណ្ណារ៉ា ដែលប្រព្រឹត្តនូវ សកម្មភាពដែលតុលាការកម្ពុជាមានអំណាច យុត្តាធិការគ្រប់គ្រាន់នៅក្នុងករណីនេះ។ សូម ជម្រាបផងដែរថា លោកមាជ សុវណ្ណារ៉ា ជា ពលរដ្ឋខ្មែរ និងក្រោមអាណត្តិតុលាការខ្មែរ នៅក្នុងករណីនេះ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកនេះ លោកផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី03 ខែកញ្ញា ឆ្នាំ2016 ថា អ្វីដែល លោកបានធ្វើការឆ្លើយតបតាមបណ្តាញសង្គម ហ្វេសប៊ុក គឺមានន័យគ្រប់គ្រាន់ ពាក់ព័ន្ធនឹង តុលាការអាមេរិកនោះ។ ប៉ុន្តែលោកសុំបញ្ជាក់ ឡើងវិញ ដោយផ្តោតសំខាន់3ចំណុច។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា  “អត់ មានបញ្ជាក់អីទេ គ្រាន់ថា ទី1 ការប៉ុនប៉ង ដែលបង្កើតករណីការប្តឹងប្តល់ដល់ឯកឧត្តមហ៊ុន ម៉ាណែត គ្រាន់តែជាការទិសដៅមួយ សេដ្ឋកិច្ច របស់មេធាវី និងក្រុមច្បាប់នោះទេ ដើម្បីប្រមូល លុយ ដែលបោកពួកហ្នឹងមក និងចំណុចទី2   គឺរឿងនយោបាយ។ រឿងនយោបាយយ៉ាង ម៉េច? បានសេចក្តីថា គេប្រើប្រាស់បណ្តាញ យុត្តិធម៌ ដើម្បីកិច្ចការពារនូវសណ្តាប់ធ្នាប់សង្គម ដែលគេប្រើប្រាស់នៅសហរដ្ឋអាមេរិក។ ក៏ដូច កម្ពុជា យើងនៅតែប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ដែលជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋនេះឯង។ ចំណុច ទី3 យើងយល់ឃើញថា តុលាការរបស់សហរដ្ឋអាមេរិក អត់មាននិត្យានុកូលភាព ឬអត់ មានយុត្តាធិការធ្វើសេចក្តីសម្រេចលើអ្នកណា ទេ។ ហេតុដូច្នេះហើយ បានយើងឃើញការ ជជែកគ្នាការពិភាក្សាគ្នា បានលើកឡើងយ៉ាង ច្បាស់ថា ការអនុវត្តហ្នឹងអាចអនុគ្រោះឱ្យគេ បន្តនីតិវិធីតទៅទៀតទេ? បានសេចក្តីថា តើ គេមានអំណាចក្នុងការធ្វើវិនិច្ឆ័យក្តីឬអត់ទេ? ដោយសារទី1 រាជរដ្ឋាភិបាល ជាអង្គការរដ្ឋមួយ ដែលមានសកម្មភាពទាក់ទងទៅនឹងការងារ អន្តរជាតិទេ បានស្ថិតនៅក្នុងតុលាការរបស់ សហរដ្ឋអាមេរិក។ ទី2 អធិបតីភាពឯកជនរបស់ ឯកឧត្តមហ៊ុន ម៉ាណែត គឺលោកជាឥស្សរជន ហើយលោកមិនបានទៅធ្វើអ្វីនៅក្នុងហ្នឹងទេ ហើយដោយសារប្រជាពលរដ្ឋខ្មែរហ្នឹង គាត់ត្រូវបានការពារដោយច្បាប់ខ្មែរ។ ដូច្នេះបាន ជាការប្រជែងតុលាការនៅសហរដ្ឋអាមេរិកហ្នឹង ប្រឹងប្រែងថាធ្វើយ៉ាងម៉េចស្វែងរកធាតុផ្សំក្នុង ការវិនិច្ឆ័យទៅលើតុលាការខ្លួនឯង ដែលមាន ដែនសមត្ថកិច្ចយុត្តាធិការ។ ដូច្នេះនៅក្នុងការ បើកការស៊ើបសួរហ្នឹង តុលាការខ្លួនឯងទេ គេ កំពុងស្វែងរកថា ធ្វើយ៉ាងម៉េចដើម្បីរកច្បាប់ ប្រយោគកន្លែងណាដែលនិយាយថា តុលាការ ហ្នឹងមានយុត្តាធិការមកលើឯកឧត្តមហ៊ុន ម៉ា- ណែត”។

គួរបញ្ជាក់ថា លោកមាជ សុវណ្ណារ៉ា មន្ត្រី ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលមានសញ្ជាតិ អាមេរិក និងបច្ចូប្បន្ន កំពុងជាប់ឃុំនៅពន្ធនាគារ ព្រៃស បានដាកពាក្យបណ្តឹងនៅអាមេរិក ប្រឆាំង នឹងលោកហ៊ុន ម៉ាណែត បុត្រាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយ ចោទពីបទ “ធ្វើភេរវកម្ម និងធ្វើទារុណកម្ម តាមរយ³ការឃុំខ្លួនស្រេចតែអំពើចិត្តក្រៅច្បាប់ និងរយ³ពេលយូរ”។ ពោលគឺ ក្នុងបណ្តឹងនោះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវចំពោះ អំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជា- ធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ2014 និង នាំឱ្យមានការចាប់ខ្លួន និងកាត់ទោសលោកឱ្យ ជាប់ពន្ធនាគារ20ឆ្នាំ។

ក្រោយការប្តឹងនោះ ក៏មានព័ត៌មានថា កាលពីថ្ងៃទី01 ខែកញ្ញា ឆ្នាំ2016 តុលាការ សហរដ្ឋអាមេរិក បានសម្រេចថា នឹងយកសំណុំ រឿងនេះ មកចាត់ការតាមនីតិវិធីសហរដ្ឋអាមេរិក ស្របពេលដែលព័ត៌មានខ្លះទៀតបានអះអាង ថា លោកហ៊ុន ម៉ាណែត ចាញ់ក្តីនៅអាមេរិក។ ប៉ុន្តែពេលនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន បានបញ្ជាក់ថា នេះគ្រាន់តែជាព័ត៌មាន ទុច្ចរិតប៉ុណ្ណោះ ពុំមែនជាការពិតទេ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES