Thursday, April 25, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្ត្រី​កម្ពុជា ជួប​សមា​ជិក សភា​ជប៉ុន

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ជួប​សមា​ជិក សភា​ជប៉ុន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអនុញ្ញាត ឱ្យលោកស្រី យូកុ អូប៊ូឈិ Yuko Obuchi សមាជិកសភាជប៉ុន និងជាប្រធានក្រុមមិត្តភាព សភាកម្ពុជាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឱ្យដឹង កាលពីល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ថា សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន រីករាយស្វាគមន៍ ANA AIR។ នៅរសៀលថ្ងៃទី២ ខែកញ្ញា នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យលោកជំទាវ Yuko Obuchi សមាជិកសភា ជប៉ុន និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

HUN-SEN1

លោកជំទាវ Yuko Obuchi បានគោរព ជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រី អំពីការហោះ ហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាណា អ៊ែឡាញ (ANA AIRLINE)មកកាន់ប្រទេស កម្ពុជា ដែលមានរយៈពេលហោះហើរ៦ម៉ោង។ លោកជំទាវបានថ្លែងអំណរគុណដល់សម្តេច តេជោ ដែលបានគាំទ្រនិងប្រឹងប្រែងជំរុញឱ្យ មានការហោះហើរត្រង់ពី ណារីតា មកកាន់ ទីក្រុងភ្នំពេញ ដោយផ្ទាល់ (Direct Flight)

ការហោះហើរត្រង់នេះ បានធ្វើឱ្យវិនិយោគិនជប៉ុន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជាមួយសក្តានុពលរបស់កម្ពុជា ដោយសារតែភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ស្ថិត នៅចំចំណុចកណ្តាលនៃបណ្តាប្រទេសអាស៊ាន  ហើយម៉្យាងទៀតកម្ពុជា មានស្ថិរភាពសេដ្ឋកិច្ច ល្អ និងមានកម្លាំងពលករច្រើន ដែលជាកត្តា ទាក់ទាញវិនិយោគិនជប៉ុន មកកម្ពុជា កាន់តែច្រើនឡើងៗ។ លោកជំទាវ Yuko Obuchi បានស្នើសម្តេចនាយករដ្ឋមន្ត្រី បន្តជួយគាំទ្រ ក្រុមហ៊ុន ANA ដើម្បីឱ្យមានដំណើរការកាន់តែល្អប្រសើរឡើង។ ទោះបីក្នុងដំណាក់ការ ដំបូង ក្រុមហ៊ុននៅមិនទាន់បានទទួលប្រាក់ ចំណេញ តែក្រុមហ៊ុនចង់ចូលរួមពង្រឹងមិត្តភាព រវាងប្រទេសទាំង២ឱ្យកាន់តែល្អ ដើម្បីជំរុញ ការកសាងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន ទៅមុខ

ទំព័រហ្វេសប៊ុកដដែលបន្តថាសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងអំណរគុណ ដល់លោកជំទាវ Yuko Obuchi និងគណៈប្រតិភូ ជាពិសេសរដ្ឋាភិបាលជប៉ុន ដែលបាន ជួយជំរុញឱ្យមានការហោះហើរត្រង់ពីជប៉ុន មកកាន់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ធ្លាប់បាន ជួបពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន កេស៊ូ អូប៊ូឈិ (Keizó Obuchi) ដែលត្រូវជា ឪពុករបស់លោកជំទាវ កាលពីឆ្នាំ២០០០ ដើម្បី ស្នើសុំឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី មានក្តីសប្បាយរីករាយ ណាស់ ដែលកិច្ចពិភាក្សាជាង១៦ឆ្នាំកន្លងមក នេះ បានលេចចេញជារូបរាងឡើងពិតប្រាកដ នៅថ្ងៃនេះ។ នៅក្នុងជំនួបពិភាក្សានេះ សម្តេច នាយករដ្ឋមន្ត្រីក៏បានអញ្ជើញលោកជំទាវភរិយា ឯកឧត្តម Keizó Obuchi ដែលត្រូវជាម្តាយ របស់លោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនាមជាភ្ញៀវរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ នាពេលខាងមុខ។

តាមរយៈការហោះហើរត្រង់នេះ នឹងធ្វើ្វ ឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត នោះ គឺតាមរយៈការភ្ជាប់បន្ថែមទៅលើទំនាក់ទំនងដែលមានស្រាប់ ហើយនេះគឺជាការតភ្ជាប់ ប្រកបដោយគុណភាពមួយតាមផ្លូវអាកាស ដែលកម្ពុជា បានចាប់ផ្តើមជាមួយមិត្តជប៉ុន។ សម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករកម្ពុជា នឹងជ្រើសរើស ការធ្វើដំណើរតាមអាកាសចរណ៍ជប៉ុន ANA AIR នៅពេលធ្វើដំណើរនាពេលខាងមុខនេះ

គួររំលឹកថា កាលពីរសៀលថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០១៦ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីបើក សម្ភោធជើងហោះហើរត្រង់ពីជប៉ុន ជាមួយ ស្ថានទូតជប៉ុន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) របស់ជប៉ុន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការសម្រេចបានជា ប្រវត្តិសាស្ត្រនូវការតភ្ជាប់ជើងហោះហើរត្រង់ ពីជប៉ុន មកកម្ពុជា គឺជាជោគជ័យដ៏ធំមួយរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្នើទៅលោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន កាលពីពេលកន្លងទៅ។

ការហោះហើរទ្រង់ពីជប៉ុន មកកម្ពុជា នឹង ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកើនឡើង ថែមទៀត ហើយទេសចរកម្ពុជាទៅទស្សនា នៅជប៉ុន ក៏នឹងមានការកើនឡើងដែរ។

គួរបញ្ជាក់ដែរថា យោងតាមប្រភពពី ក្រសួងទេសចរណ៍ឱ្យដឹងថា រយៈពេល៦ខែ ដើមឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវជប៉ុន ៩០៨៧៧នាក់ កើនឡើង ០,៣ភាគរយ ហើយ នៅឆ្នាំ២០២០ កម្ពុជានឹងទាញយកភ្ញៀវជប៉ុន ឱ្យបានជាង៣០ម៉ឺននាក់ ព្រមទាំងវិនិយោគិន ច្រើននាក់ទៀត៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES