តារាចម្រៀងឆ័យលី ដាឡែន នឹងត្រៀមចេញបទចម្រៀងមួយបទ មានចំណងជើងថា ”អ្នកណាខ្លះបាក់ទឹកចិត្ត” ជាស្នាដៃនិពន្ធដោយលោកវីរៈ ពន្លក ដែលកន្លងមក ធ្លាប់និពន្ធបទចម្រៀងឲ្យតារាចម្រៀងទូច ស្រីលក្ខណ៍ ច្រៀង ដូចជាបទ ”អាចរួមទុក្ខ ម្ដេចមិនអាចរួមសុខ?“, ”នឹកបានត្រឹមឆែកមើល Profile” ជាដើម។
ឆ័យ លីដាឡែន សង្ឃឹមនិងជឿជាក់លើការនិពន្ធលោកវីរៈ ពន្លក ថា បទចម្រៀងនោះចេញទៅ នឹងត្រូវចិត្តអ្នកស្ដាប់ច្រើនជាមិនខាន ព្រោះលោកពន្លក ធ្លាប់សរសេរបទចម្រៀងល្បីៗជាច្រើនបទមកហើយ ។
ដោយឡែក តារាសម្ដែងស៊ីណាវ៉ាត់ត្រា បានអះអាងថា លោកវីរៈ ពន្លក ត្រូវជាបងធម៌របស់លោក ដែលមានការរាប់អានគ្នាជាច្រើនឆ្នាំមកហើយ តែមិនសូវបានជួបគ្នាទេ គឺទើបតែពេលនេះ បានដឹងថា បងធម៌ជាអ្នកនិពន្ធល្បីឈ្មោះម្នាក់ តែលោកគ្មានបំណងធ្វើជាតាជាតារាចម្រៀងអាជីពទេ គឺសូមតែសម្ដែងប៉ុណ្ណោះ។
លោកណាវ៉ាត់ត្រា បានឲ្យដឹងទៀតថា នៅពេលដែលលោកពន្លក សរសេរបទចម្រៀងឲ្យឆ័យលី ដាឡែន ច្រៀងក្នុងពេលឆាប់ៗនេះ លោកមានអារម្មណ៍រីករាយខ្លាំងណាស់ ព្រោះថា ទំនាក់ទំនងលោកនិងដាឡែន គឺបានរាប់អានគ្នាដូចជាបងប្អូនបង្កើតអីចឹង។
ឆ័យលី ដាឡែន ជាអតីតតារាចម្រៀងផលិតកម្មតោមាស រៃមាស តែផលិតកម្មនេះបិទទ្វារនាងក៏ងាកមកសម្ដែងភាពយន្ដ ច្រើនជាងច្រៀងនៅពេលនេះ។ ប៉ុន្ដែពេលនេះ ដាឡែន បានធ្វើបទចម្រៀងចេញដោយខ្លួនឯងវិញ តាមរយៈការជួយអន្ដរាគមន៍ពីលោកវីរៈ ពន្លក ដែលជាបងធម៌លោកណាវ៉ាត់ត្រា ៕