ខេមរៈ សិរីមន្ត ត្រូវបានហង្សមាស លើកឱ្យធ្វើជាគណៈកម្មការកម្មវិធី X Factor Cambodia រដូវកាលទី១ ចាប់ដៃជាមួយឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធ និងសុខ សីឡាលីន។ ការដែលក្រុមហ៊ុនហង្សមាស ប្រគល់តំណែងថ្មី ឱ្យខេមរៈ សិរីមន្ត នៅពេលនេះ គឺចំពេលដែលសិរីមន្ត ត្រូវបានមហាជននិយាយថា កេរ្តិ៍ឈ្មោះរបស់អ្នកចម្រៀងរូបនេះ ហាក់ចុះខ្សោយជាងមុនបន្តិច ពេលដែលរូបគេដើរចេញពីសាន់ដេ ចូលហង្សមាស ហេតុនេះហើយបានជាមានការលើកឡើងថា តើពេលបានតំណែងគណៈកម្មការនេះ សិរីមន្ត នឹងស្ទុះឡើងខ្លាំងក្លាដូចកាលនៅសាន់ដេ ឬក៏តំណែងនេះមិនអាចជួយអតីតតារាចម្រៀង U2 នេះបានច្រើនទេ ?
លោកនូ ស៊ឹប អតីតតារាចម្រៀងផលិតកម្មហង្សមាស បានឱ្យដឹងថា លោកមិនទាន់ហ៊ានសន្និដ្ឋានទុកជាមុនទេថា សិរីមន្ត នឹងធ្វើបានប៉ុនណា ហើយកាន់តែល្បីថែមទៀត ឬយ៉ាងណានោះ គឺទាល់តែរង់ចាំមើលកម្មវិធី X Factor Cambodia នោះចេញមកសិន ទើបមើលដឹង។
លោកនូ ស៊ឹប សង្កត់ថា “រឿងហ្នឹងមិនទាន់និយាយបានទេ ចាំមើលថា ពេល សិរីមន្ត កាន់កម្មវិធីហ្នុងសិនថា តើគេអាចជៀមមនេត ឱ្យបេក្ខជនបានប៉ុនណា ហើយមហាជនគិតយ៉ាងណាចំពោះសមត្ថភាពរបស់សិរីមន្ត ពេលធ្វើជាគណៈកម្មការនោះ។ សម្រាប់ខ្ញុំយល់ថា គណៈកម្មការកម្មវិធីប្រលងចម្រៀងរបស់ហង្សមាស កន្លងមកឃើញ Coach និងគណៈកម្មការនិយាយស្រដៀងគ្នាទៅបេក្ខជន គឺប្អូនធ្វើបានល្អហើយ ជូនពរឱ្យប្អូនបានជោគជ័យ។ មើលទៅយើងមិនទាន់ដូចគេហ៊ាននិយាយចំៗពីចំណុចខ្លាំង និងខ្សោយចំៗរបស់បេក្ខជនទេ។ ចំពោះសិរីមន្ត ដែលចេញពីសាន់ដេ មក ហង្សមាស នេះ ខ្ញុំគិតថា គេមិនធ្លាក់ទេ ព្រោះថា សមត្ថភាពដល់ចំណុចមួយទៅហើយ។ អ្នកខ្លះថា សិរីមន្ត មក ហង្សមាស មិនសូវខ្លាំងដូចនៅសាន់ដេ ខ្ញុំគិតថាធម្មតា យើងមកដំបូងគឺអ៊ីចឹងហើយ ព្រោះថា ហង្សមាស មានព្រាប សុវត្ថិ ដែរ អ៊ីចឹងគេគង់តែលើកពេលណាទេ ដូចជានៅពេលនេះ គេឱ្យតំណែងគណៈកម្មការហ្នឹងហើយតើ !”។
លោកនូ ស៊ឹប បន្ថែមទៀតថា ដោយសារហង្សមាស មានតារាចម្រៀងព្រាប សុវត្ថិ យូរហើយ ហេតុនេះហើយការមកដល់របស់ខេមរៈ សិរីមន្ត ពេលនេះគឺហង្សមាស នឹងមិនទាន់លើកអ្នកថ្មីខ្លាំងជាងអ្នកចាស់នោះទេ។ ប៉ុន្តែ លោកថា សិរីមន្ត និង ព្រាប សុវត្ថិ ជាតារាដែលមានសមត្ថភាពល្អម៉្យាងៗម្នាក់ៗទេ ហើយយុទ្ធសាស្ត្ររបស់ហង្សមាស គឺប្រមូលអ្នកល្បីៗចូលផលិតកម្មនេះឱ្យអស់។
ខេមរៈ សិរីមន្ត បាត់ខ្លួនទាំងស្រុងពីឆាកតន្ត្រីធំៗនៅរដូវក្តៅនេះ ព្រោះជាប់កាន់ទុក្ខ១០០ថ្ងៃ ប្អូនស្រីខេមរៈ ស្រីពៅ ដែលទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ សិរីមន្ត នឹងឡើងឆាកកាន់ក្បាលមីក្រូវិញនៅ ដើមខែមេសា ឆ្នាំ២០១៩ នេះ តាមរយៈការចេញមុខធ្វើជាគណៈកម្មការរបស់ X Factor Cambodia ផងនោះ គេជឿថា សិរីមន្ត នឹងមានការចាប់អារម្មណ៍ច្រើនពីមហាជនជាមិន ខានឡើយ។
ប៉ុន្តែ សិរីមន្ត ដែលមានភរិយាអ្នកនាងផល្លី និងកូន៣នោះ នៅតែមិនទាន់មានគម្រោងរៀបការតាមប្រពៃណីខ្មែរ ជាចំហនោះទេ បន្ទាប់ពីបានប្រកាសថាបានរៀបការម្តងហើយ កាលពីឆ្នាំ២០០៩ តែមិនសូវមានអ្នកជឿឡើយ៕