Sunday, November 24, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា ចង់បានកូនភ្លោះ

សារ៉ាយ សក្ខណា ចង់បានកូនភ្លោះ

តារាភាពយន្តល្បីឈ្មោះ អ្នកនាងសារ៉ាយ សក្ខណា នៅតែមិនដាច់អាល័យពីសិល្បៈ ក្រោយពេលមានប្តីនិងកូន ទៅរស់នៅសហរដ្ឋអាមេរិកនោះ ពោលគឺខណៈដែលមកបើកគ្លីនិកកែសម្រស់ នៅស្រុកខ្មែរ នាងនៅតែឆ្លៀតពេល ថតភាពយន្តជាបន្តបន្ទាប់ ហើយអំឡុងពេលនេះ នាងកំពុងបង្ហាញស្នាដៃតាមរយៈរឿង “សង្សារខ្ញុំក្រមុំកូន១” របស់ផលិតកម្ម Red Picture ដែល បានសម្ពោធដាក់បញ្ចាំងនៅគ្រប់រោងកុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

Sakhna1
សារ៉ាយ សក្ខណា និងស្វាមី

នៅក្នុងពិធីសម្ពោធរឿង “សង្សារខ្ញុំក្រមុំកូន១” នៅរោងកុន ឡងេនេដ ផ្សារស្ទឹងមានជ័យថ្មី សារ៉ាយ សក្ខណា បានថ្លែងឱ្យដឹងថា នាងមកស្រុកខ្មែរមួយរយៈនេះ បានទទួលថតខ្សែភាពយន្ត ខ្នាតធំចំនួនពីររឿង គឺរឿង “សង្សារខ្ញុំក្រមុំកូន១” ដែលចាប់បញ្ចាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ និងរឿង “ជួយអូនផង” ដែលគ្រោងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះផងដែរ។
សក្ខណា និយាយថា “ការពិតមានផលិតកម្ម និងបណ្តាស្ថានីយទូរទស្សន៍ជាច្រើនទៀត បានទាក់ទងឱ្យខ្ញុំថតជាតួឯកទាំងរឿងដុំនិងភាគ តែខ្ញុំទទួលថតតែ២រឿងខាងលើ ព្រោះខ្ញុំគ្មាន ពេលសម្តែងឱ្យគេទេ។ ម៉្យាងខ្ញុំក៏ត្រៀមចេញទៅរស់នៅសហរដ្ឋអាមេរិក វិញផងដែរ”។
ក្រោយចាយទុនជាច្រើនម៉ឺនដុល្លារ បើកដំណើរការគ្លីនិកកែសម្រស់ នៅម្តុំរង្វង់មូល ទួលគោក សារ៉ាយ សក្ខណា ក៏ត្រៀមហោះទៅរស់នៅសហរដ្ឋអាមេរិក វិញដែរ។
សក្ខណា និយាយថា “ខ្ញុំត្រូវចេញទៅសហរដ្ឋអាមេរិក វិញ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ហើយហាងកែសម្រស់ខ្ញុំទុកឱ្យ ក្រុមគ្រួសារមើលការខុសត្រូវ។ នៅទីនោះ ខ្ញុំគ្មានប្រកបការងារអ្វីទេ គឺនៅតែមើលថែកូន និងរៀនភាសាបរទេសតែប៉ុណ្ណោះ ហើយទៅលើក នេះមិនទាន់មានគម្រោងមកស្រុកខ្មែរឆាប់ៗនោះទេ”។
នៅពេលត្រូវសួរថា តើសក្ខណា មានគម្រោងយកកូនបន្ថែម ទៀតទេ?
សក្ខណា បញ្ជាក់ថា “ការពិតប្តីខ្ញុំចង់បានកូនតែមួយទេ តែខ្ញុំចង់បានកូនពីរនាក់បន្ថែមទៀត គឺប្រុសមួយ និងស្រីមួយ ទៀត ហើយអំឡុងពេលនេះខ្ញុំអត់បានពន្យារកំណើតអ្វីទេ គឺបើមានកាន់តែឆាប់គឺកាន់តែល្អ។ ជាពិសេសនោះ បើបាន កូនភ្លោះរឹតតែប្រសើរ ព្រោះពពោះតែម្តងទៀតគ្រប់ហ្មង”។

12729643_981966458560576_1707240921_n
សារ៉ាយ សក្ខណា បញ្ជាក់ថា នាងមិនបោះបង់វិស័យ សិល្បៈចោលទេ ពោលគឺពេលនាងមកស្រុកខ្មែរ លើក-ក្រោយទៀត ហើយបើមានពេលគ្រប់គ្រាន់ នាងនៅតែទទួលឱកាសការងារសិល្បៈជាធម្មតា។
សក្ខណា បន្ថែមថា “បើក្រុមផលិតករនៅតែត្រូវការខ្ញុំ ផ្តល់ឱកាសឱ្យខ្ញុំ ពេលខ្ញុំមកស្រុកខ្មែរម្តងទៀត ខ្ញុំនៅតែលេងសិល្បៈទៀត។ ម៉្យាងប្តីរបស់ខ្ញុំក៏មិនឃាត់ឃាំង រឿងខ្ញុំបន្តលេងសិល្បៈដែរ”។
សារ៉ាយ សក្ខណា ថតខ្សែភាពយន្តបានជាង៤០រឿងមកហើយ ទាំងភាពយន្តខ្នាតធំ និងរឿងភាគ ដាក់បញ្ចាំងនៅតាមស្ថានីយទូរទស្សន៍។ ប៉ុន្តែនៅអំឡុងកេរ្តិ៍ឈ្មោះ របស់នាងស្ទុះឡើងខ្លាំង នាងក៏បានសម្រេចចិត្តចូលនឹមអាពាហ៍ពិពាហ៍ នៅអំឡុងឆ្នាំ២០១៣ ជាមួយលោកកែវ ប៊ុនមេត្រី ដែលជាមេធាវីវ័យក្មេងនៅសហរដ្ឋអាមេរិក ហើយបើទោះបីនាងមានប្តីមានកូនរួចហើយក្តី នាងនៅតែត្រូវប៉ាន់តំណែងតួឯក ពោលគឺរាល់ពេលនាងមកលេងស្រុកខ្មែរម្តងៗ ត្រូវបានផលិតកម្ម ជាច្រើនប្រជែងគ្មាចង់បាននាងឱ្យសម្តែងជាតួឯក។ ប៉ុន្តែសក្ខណា ទទួលថតភាពយន្តតិចតួចបំផុត ដែលធ្វើឱ្យក្រុមផលិតករ មួយចំនួនខកចិត្តផងដែរ។

12531078_1776924589196418_1898819430_n
សក្ខណា បញ្ជាក់ថា នាងគ្មានពេលលេងសិល្បៈពេញទំហឹងដូចកាលនៅក្រមុំទេ គឺនាងគ្រាន់តែលេង សិល្បៈ កំដរអារម្មណ៍ពេលនាងមកលេងស្រុកខ្មែរ ម្តងម្កាលតែប៉ុណ្ណោះ ខណៈដែលនាងកំពុងតែចង់ បានកូនភ្លោះ…៕ សុខ ស៊ីឡាង

RELATED ARTICLES