Wednesday, November 20, 2024
Homeតារាខ្មែរខាត់ សុឃីម ចង់ទិញចម្ការដូងក្រអូប នៅខេត្តពោធិ៍សាត់

ខាត់ សុឃីម ចង់ទិញចម្ការដូងក្រអូប នៅខេត្តពោធិ៍សាត់

អ្នកនាងខាត់ សុឃីម ដែលទើបទទួលបានជោគជ័យពុះដីឡូតិ៍លក់ នៅខេត្តព្រះសីហនុ ជាមួយតារាចម្រៀងឆាយ វីរៈយុទ្ធ នោះ បានបង្ហើបថា អ្នកនាងមានគម្រោងធំ នឹងទិញចម្ការដូងក្រអូបនៅខេត្តពោធិ៍សាត់ ហើយស្នើឲ្យមានការគាំទ្រចំពោះការវិនិយោគមួយនេះ ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ដើម្បីជាកំណប់ទ្រព្យតកូនចៅផងដែរ។

ការថ្លែងរបស់អ្នកនាងខាត់ សុឃីម បែបនេះ នៅពេលដែលតារាពហុជំនាញសិល្បៈរូបនេះ បានបង្ហាញខ្លួននៅក្រុងបាត់ដំបង កាលពីថ្ងៃទី៨ ខែមីនា ក្នុងព្រឹត្តិការណ៍ ”ឋានព្រះឥន្ទ”​ដែលអ្នកនាងសុឃីម ក៏មានបង្ហាញមហិច្ឆិតាក្នុងគម្រោងអចលនទ្រព្យយក្សរបស់ក្រុមហ៊ុនមួយនេះផងដែរ។

អ្នកនាងខាត់ សុឃីម បានឲ្យដឹងថា ជារឿងដ៍ល្អប្រសើរខ្លាំងណាស់ ដែលពេលនេះ នៅប្រទេសកម្ពុជា មានក្រុមហ៊ុនស្របច្បាប់ ពុះលក់ចម្ការជាហិកតារៗ ហើយថែមទាំងមានសេវាបង់រំលស់ មិនគិតការប្រាក់ ព្រមទាំងមានការមើលថែទាំដំណាំ ដោយមិនចាំបាច់ដាំដុះដោយខ្លួនឯងក៏បានដែរ។

អ្នកនាងសុឃីម បន្ថែមថា កន្លងមក អ្នកនាងធ្លាប់តែឮគម្រោងនេះ មាននៅប្រទេសមួយចំនួន ហើយចង់ឲ្យមាននៅស្រុកយើង ឥឡូវពិតជាអស្ចារ្យខ្លាំងណាស់ ព្រោះយើងមានគម្រោងនេះ នៅប្រទេសរបស់យើងដែរហើយ។

លោកហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ និងជាប្រធានគម្រោង ”ឋានព្រះឥន្ទ” បានឲ្យដឹងថា ការប្រកាសលក់គម្រោងនៅខេត្តបាត់ដំបង ក៏ដើម្បីប្រកាសលក់ក្រោយចម្ការដូង នៅខេត្ដសៀមរាប ដូចគ្នានឹងការប្រកាសកាលនៅប៉ោយប៉ែត ដែរ។ ក្រុមហ៊ុនមានផ្ទៃដីសរុបជិត១លានហិកតារ នៅខេត្តពោធិ៍សាត់ កំពត  មណ្ឌលគិរី  សៀមរាប និងបាត់ដំបង  តែនៅខេត្តបាត់ដំបង មិនទាន់រៀបចំពុះជាចម្ការៗទេ។

លោកថា​គម្រោងនេះមិនមែនជាដីជួល ឬដីសម្បទានទេ គឺពេលបង់ដាច់ក្រុមហ៊ុនធានាជូនប្លង់រឹង និងធានាមើលថែផលដំណាំ រយៈពេល៤ឆ្នាំ ហើយក្រោយ៤ឆ្នាំ អាចមើលថែដោយខ្លួនឯង ឬម៉ៅផលដំណាំចាំយកចំណេញក៏បាន។

គួរកត់សម្គាល់ថា សម្រាប់គម្រោងធ្វើឡើងនៅខេត្តបាត់ដំបង នេះ ក៏មានការអញ្ជើញចូលរួមគាំទ្ររបស់អភិបាលក្រុងបាត់ដំបង ផងដែរ ហើយលោកអភិបាលខេត្ត បានជំរុញឲ្យពលរដ្ឋគាំទ្រវិនិយោគលើគម្រោងមួយនេះ ឲ្យបានច្រើនផងដែរ ដើម្បីជាទ្រព្យរបស់កូនចៅពួកគេនៅពេលអនាគត។ កម្មវិធីនោះកាន់តែមានការចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលដែលមានការចូលរួមច្រៀងសម្ដែងលើឆាករបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និងអ្នកនាងខាត់ សុឃីម ព្រមៗគ្នា ដើម្បីអបអរសាទរចំពោះគម្រោងថ្មីនេះ៕

RELATED ARTICLES