អ៊ីវ៉ា ត្រូវបុរសម្នាក់ជូនកាដូធំ នៅមុនថ្ងៃបុណ្យសិទ្ធិនារី ៨មីនា ដែលធ្វើឱ្យតារាសាច់សខ្ចីរបស់សាន់ដេ រូបនេះ ត្រេកអររំភើបរីករាយ រហូតគេងមិនលក់ទៀតផង។
កាដូសម្រាប់អ៊ីវ៉ា នេះ មិនមែនលុយដុល្លារទាំងបាច់ៗនោះទេ តែវាគឺជារថយន្តម៉ាក Starex ពណ៌ខ្មៅ តម្លៃជាង២ម៉ឺនដុល្លារ យ៉ាងថ្មីសន្លាងតែម្តង ព្រោះម្ចាស់កាដូដឹងថា អ៊ីវ៉ា ត្រូវការរថយន្តដែលអាចដឹកអីវ៉ាន់ និងអ្នករាំបានច្រើនចុះតាមបណ្តាខេត្ត ហេតុនេះហើយបានជាទិញឡាននេះ ដើម្បីឱ្យតារាសាច់សដូចបណ្តូលចេករូបនេះរំភើប។
ទោះជាយ៉ាងណា នៅពេលសួររឿងនេះ លោកអ៊ូ វ៉ាវ ដែលជាឪពុករបស់អ៊ីវ៉ា បានទទួលស្គាល់ថា អ៊ីវ៉ា ពិតជាបានកាដូរថយន្តមួយគ្រឿង ពីប្រុសម្នាក់ប្រាកដមែន តែបុរសដែលជាម្ចាស់កាដូនោះ គ្មានអ្នកណាផ្សេងក្រៅពីលោកឡើយ។
ឪពុកអ៊ីវ៉ា បាននិយាយច្បាស់ៗថា “១០០% គឺរថយន្ត Starex ហ្នឹង ខ្ញុំទេជាអ្នកទិញឱ្យអ៊ីវ៉ា ទេ ! កុំសង្ស័យអី គ្មានអ្នកណាផ្សេងទិញឱ្យអ៊ីវ៉ា ក្រៅពីប៉ាវាហ្នឹងទេ ! ឡាន Starex ហ្នឹង ស៊េរីឆ្នាំ២០០៩ តម្លៃជាង២ម៉ឺនដុល្លារ ហើយខ្ញុំទិញឡានហ្នឹងឱ្យកូនខ្ញុំជិះ ព្រោះវាធំដាក់អីវ៉ាន់បានច្រើន ហើយចុះខេត្តអីដាក់ ក្រុមរាំទៅទាំងអស់គ្នាតែម្តង អ៊ីចឹងហើយបានជាអ៊ីវ៉ា សប្បាយចិត្តណាស់ពេលបានឡានហ្នឹង ព្រោះជិះបានគ្នាច្រើន”។
លោកអ៊ូ វ៉ាវ បានឱ្យដឹងថា “អ៊ីវ៉ា មានរថយន្តដល់ទៅ៤គ្រឿង សម្រាប់ជិះនៅផ្ទះញឹកញាប់ជាងគេ គឺឡានវីសស្តូល ចំណែកទៅច្រៀងជិះ Lexus RX330 និង Starex”។
ឪពុកតារាចម្រៀងសាន់ដេ រូបនេះ បានឱ្យដឹងទៀតថា “កូនស្រីគាត់ កញ្ញាអ៊ីវ៉ា មិនដែលមានបំណងចង់ហក់លោតលេងម៉ូដរថយន្តទំនើបៗ ចង់ជិះ Range Rover ឬ Lexus LX570 ទេ គឺធ្វើទៅតាមលទ្ធភាព ហើយអត់ខ្វល់រឿងឡាន បើនៅផ្ទះវិញ អ្នកណាក៏ដឹងថា អ៊ីវ៉ា ជិះវីសស្តូលដែរ អត់មានអីត្រូវខ្មាសគេទេ ។
អ៊ីវ៉ា បានសម្រចចិត្តបន្តច្រៀងនៅសាន់ដេ បើទោះជាមានផលិតកម្មហង្សមាស និងថោន ពេញចិត្ត និងព្យាយាមទាក់ទងក្តី ក៏មិនចេញពីទ្រនំចាស់ឡើយ ខណៈដែលលោកអ៊ូ វ៉ាវ បញ្ជាក់ថា “ល្អស៊ី កុំឱ្យតែល្អមើល”៕