Wednesday, November 20, 2024
Homeតារាខ្មែរមាស សាលី មិនទាន់ចង់រៀបការជាមួយនារីនៅអាមេរិក

មាស សាលី មិនទាន់ចង់រៀបការជាមួយនារីនៅអាមេរិក

មាស សាលី តារាចម្រៀងជើងចាស់របស់ផលិតកម្មសាន់ដេ បានឱ្យដឹងថា ទោះជាលោកនិងនារីម្នាក់នៅអាមេរិក បានស្គាល់គ្នាជាង២ឆ្នាំទៅហើយក្តី តែលោកមិនអន្ទះសារចង់ភ្ជាប់ពាក្យ ឬប្រញាប់ដឹកដៃអាណិកជនខ្មែរអាមេរិកនោះ ចូលរោងការឡើយ ព្រោះថា នៅមិនទាន់ច្បាស់លាស់១០០%ទេ។

ទោះ ជាយ៉ាងណា មាស សាលី បានឱ្យដឹងដែរថា លោកនឹងត្រៀមទៅសម្តែងនៅអាមេរិក មួយជើងទៀត​​ នៅពេលខាងមុខនេះ ហើយសង្ឃឹមថា នឹងបានជួបនារីរូបនោះម្តងទៀតជាមិនខានឡើយ។

មាស សាលី អះអាងថា “យី ! មានពីណាថា គាត់ (នារីខ្មែរ-អាមេរិក) ហ្នឹង អាយុ៣០ឆ្នាំជាង គ្នាទើបជាង២០ឆ្នាំសោះ។ និយាយអ៊ីចឹងៗអី គេមើលឃើញ ខ្លាចតែគេអន់ចិត្តតើ ! ខ្ញុំបានស្គាល់គាត់ពេលខ្ញុំទៅច្រៀងសម្តែងនៅអាមេរិក ឆ្នាំមុន ហើយគាត់ចុះមកស្រុកខ្មែរ ជួបខ្ញុំទៅ។ យើងមិនទាន់បានភ្ជាប់ពាក្យ ឬត្រៀមចូលរោងការអីទេ។ អាចនិយាយបានថា ពេលនេះរាប់អានគ្នា តែស្គាល់គ្នាជាង២ឆ្នាំហើយ”។

មាស សាលី បានបណ្តើរនារីអាណិកជនខ្មែរ នៅអាមេរិក រូបនោះ ទៅចូលរួមបុណ្យសពប្អូនស្រីខេមរៈ សិរីមន្ត គឺកញ្ញាខេមរៈ ស្រីពៅ កាលពីពេលថ្មីៗនេះ ហើយតាមរយៈសកម្មភាពរបស់ពួកគេគឺជាគូសង្សារ។ ប៉ុន្តែមាស សាលី ថា មិនទាន់ច្បាស់លាស់១០០%ទេ។

មាស សាលី បន្ថែមថា ពេលនេះលោកផ្តោតលើការពង្រឹងអាជីពសិល្បៈច្រើនជាងស្នេហា ហើយថ្មីៗនេះ ទើបបាននាំប្អូនប្រុសបង្កើតដែលធ្លាប់ធ្វើការនៅកូរ៉េ ឱ្យមកចូលច្រៀងនៅផលិតកម្មសាន់ដេ ផងដែរ គឺលោកវេហាស៍ ម្ចាស់បទ “ធៀបការ Calling”។

ម្ចាស់បទ  “អង្គរក្សបេះដូង” រូបនេះ បានឱ្យដឹងដែរថា ក្រៅពីអាជីពចម្រៀងលោក ក៏បានចាប់ដៃជាមួយតារាចម្រៀងជុំ លីណូ បើកវង្សតន្ត្រីសម័យផងដែរ ហើយឃើញថា កាក់កបគ្រាន់បើ ព្រោះថា ពេលនេះលោកម្នាក់ឯងត្រូវចាយវាយប្រចាំខែ មិនក្រោម១ពាន់ដុល្លារទេ ហើយត្រូវបង់រំលស់ផ្ទះទៀត អ៊ីចឹងត្រូវតែបង្កើនមុខរបរ ទើបទៅរួច៕

RELATED ARTICLES