Tuesday, April 23, 2024
Homeព័ត៌មានជាតិបើក​រថយន្ត​ធ្លាក់​ប្រឡាយ ឈ្លក់​ទឹក ស្លាប់​៣​នាក់

បើក​រថយន្ត​ធ្លាក់​ប្រឡាយ ឈ្លក់​ទឹក ស្លាប់​៣​នាក់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បាន បើករថយន្តដឹកមិត្តភក្តិ២នាក់ ដោយល្បឿន យ៉ាងលឿន រួចព្យាយាមវ៉ាជែងរថយន្តមួយ គ្រឿងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ ធ្វើឱ្យរថយន្ត បានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទឹកប្រឡាយ បណ្តាលឱ្យលិចរថយន្តចូលក្នុងទឹក ឈ្លក់ស្លាប់ទាំង ៣នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យ ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

FB1

ជនរងគ្រោះទាំង៣នាក់ដែលបើករថយន្ត ធ្លាក់ប្រឡាយ បណ្តាលឱ្យឈ្លក់ទឹកស្លាប់នោះ រួមមាន ទី១-ឈ្មោះឃួន ឡាសាន់ អាយុ៣២ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកូការកូឡា រស់នៅភូមិ ព្រែកជីក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី (ជា អ្នកបើករថយន្ត) ទី២-ឈ្មោះសេម តុលា អាយុ ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកូការកូឡា រស់នៅ ភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី (ជាអ្នករួមដំណើរ) និងទី៣-ឈ្មោះជុគ ជាតិ អាយុ៣២ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សា  ប្ញស្សីក្រោក រស់នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី (ជាអ្នករួមដំណើរ)។

លោកសួន នីប៉ូ ប្រធានផ្នែកចរាចរណ៍ ផ្លូវគោក បានឱ្យដឹងថា តាមសម្តីសាក្សីបានបញ្ជាក់ ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយ គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករ បើកបរដោយ ល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុច កើតហេតុខាងលើ បានព្យាយាមជែងវ៉ារថយន្ត មួយគ្រឿងទៀត ដែលបើកក្នុងទិសដៅស្របគ្នា ទាំងស្ថានភាពគ្រោះថ្នាក់ លុះវ៉ាមិនផុត ក៏បណ្តាល ឱ្យរថយន្តកាមរីឆ្លាមរេចង្កូត ក្រឡាប់ធ្លាក់ចូល ទៅក្នុងទឹកប្រឡាយក្បែរចិញ្ចើមផ្លូវ លិចរថយន្ត ចូលទៅក្នុងទឹក បង្កឱ្យជនរងគ្រោះទាំង៣នាក់ នៅក្នុងរថយន្តបានឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុបានព្យាយាមមុជទឹក ជួយទាញជនរងគ្រោះទាំង៣នាក់ ចេញពីក្នុង  រថយន្តដែរ តែដោយចំណាយពេលយូរពេក ទើបបណ្តាលឱ្យជនរងគ្រោះឈ្លក់ទឹកស្លាប់ទាំង អស់គ្នា។

សពជនរងគ្រោះទាំង៣នាក់ ត្រូវបាន សមត្ថកិច្ចទាក់ទងផ្តល់ដំណឹងដល់ក្រុមគ្រួសារ  មកទទួលដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំ ធ្វើបុណ្យរៀងៗខ្លួន។ ចំណែករថយន្តដែលលិច ចូលក្នុងទឹក សមត្ថកិច្ចបានយករថយន្តស្ទូច មក ស្ទូចចេញពីក្នុងទឹក រួចអូសយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នង ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បី រង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

ដោយ ៖ ចាន់ សុខលន់

RELATED ARTICLES