ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋជាច្រើនបានទទួលការខាតបង់ថវិកាអស់ជាច្រើនដោយសារតែការធ្វើចម្ការដាំដំឡូងមីមិនទទួលបានផលច្រើន ខណៈពួកគាត់ចាប់ផ្តើមដាំរួច មេឃក៏រាំង ភ្លៀងរហូតដល់ងាប់ដើម អស់ជាច្រើនលើកច្រើនសារ ។ ទើបក្រោយមកកសិករមួយចំនួនបានបោះបង់ការដាំដំឡូងមីចោល ហើយងាកបែរទៅដាំដំណាំម្នាស់វិញ ដោយប្រមូលផលបានច្រើនជាទីគាប់ចិត្តផងដែរ ។ ជាក់ស្តែងមានចម្ការម្នាស់មួយកន្លែងស្ថិតនៅចំណុចភ្នំដោះក្រមុំ ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ របស់កសិករម្នាក់ ឈ្មោះ ប្រុស ខុម ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានដាំម្នាស់ចំនួន៥ហិកតា ហើយទទួលបានផលច្រើនគួរសមផងដែរ ។
បើតាមប្រភពព័ត៌មានពីម្ចាស់ចម្ការខាងលើ ឈ្មោះ ខុម បានឱ្យដឹងថា ការដាំម្នាស់គឺទាមទារឱ្យមានទឹកស្រោច យូរៗម្តងដែរ ហើយម្នាស់ទាំង៥ហិកតារបស់គាត់នោះ តាំងពីដាំរហូតដល់ប្រមូលផលមិនមានការប្រើជីឬថ្នាំជំនួយអ្វីនោះឡើយ ដោយគ្រាន់តែបាញ់ថ្នាំកំចាត់ស្មៅកុំឱ្យដុះលិចដើមម្នាស់ប៉ុណ្ណោះ ។ ប្រភពបន្តទៀតថា ការដាំដំឡូងមី ត្រូវបាញ់ថ្នាំប៉ូវដើម ប៉ូវមើម និងជ្រើសរើសពូជល្អ ទើបទទួលបានផលច្រើន ។ ចំណែកម្នាស់វិញគឺងាយស្រួលក្នុង ការដាំ និងថែទាំ ហើយគាត់ប្រមូលផលម្នាស់ពីចម្ការ៥ហិកតារបស់ខ្លួន ដោយបេះលក់បណ្តើរៗជាបន្តបន្ទាប់ គិតជាទឹកប្រាក់ទទួលបានចំនួន៧ពាន់ដុល្លារ ។ លោកបញ្ជាក់ទៀតថា ការលក់វិញ បើយកទៅដល់ក្នុងផ្សារតែម្តង ផ្លែម្នាស់១ផ្លែអាចលក់បានថ្លៃ១៥០០រៀល ទៅ១៨០០រៀលដែរ ហើយក៏ពុំសូវឃើញមានគេដាំច្រើនប៉ុន្មានទេនៅក្នុងខេត្តប៉ៃលិន ដូច្នេះការលក់ដូរគឺដាច់ច្រើនជាងផ្លែឈើដទៃផ្សេងទៀត ដោយគេទិញយកទៅចិតសំបកហូប និងខ្លះទៀតយកទៅធ្វើម្ហូបទទួលទានផងដែរ ។
ចំណែកពលរដ្ឋមួយចំនួនទៀត ក៏ចង់សាកល្បងដាំ ដំណាំម្នាស់ដូចគ្នានេះដែរ ព្រោះគិតឃើញថា ចម្ការម្នាស់ពុំសូវមានច្រើនដូចចម្ការតាង៉ែន ឬចម្ការដំឡូងមីនោះឡើយ ដូច្នេះពួ កគាត់គិតថា វាមានការងាយស្រួលក្នុងរកទីផ្សារលក់ដូរផងដែរ ៕ ដោយ ៖ រតនៈ