Friday, November 15, 2024
Homeបរិយាយនីតិរដ្ឋ និង​សិទ្ធិ​មនុស្ស

នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស

បច្ចុប្បន្ន ដោយសារនិន្នាការនយោបាយប្រទង់ប្រទាញ “ប្រឆាំង និងមិនប្រឆាំង” បានធ្វើឱ្យអ្នកនយោបាយបញ្ចោញ សកម្មភាព ក៏ដូចជាការបកស្រាយខុសគ្នា គឺម្ខាងអះអាងថា “ការពារនីតិរដ្ឋ” ឯភាគីម្ខាងទៀតអះអាងថា “ការពារសិទ្ធិមនុស្ស” ដោយម្ខាងៗមានទឡ្ហីករណ៍ ឬគ្រឿងសំអាងឱ្យរឹងមាំដូចគ្នា។ បើអ្នកនយោបាយខ្វះការយោគយល់គ្នា ដណ្តើមគ្នាយកត្រូវ នោះ នឹងធ្វើឱ្យមានអស្ថិរភាពសង្គម ដែល “នគរធំ” សូមលើកពី “នីតិរដ្ឋ និងសិទ្ធិមនុស្ស” មកធ្វើប្រធានបទបរិយាយថ្ងៃ នេះ…។

ពាក្យថា “នីតិរដ្ឋ” មានន័យថា ប្រទេសដែលមានច្បាប់ មានឧបាយជាគ្រឿងណែនាំ បែបផែន ទំនឹមទំនៀមប្រពៃណី។ នីតិរដ្ឋពិតៗឈរលើការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញជាគោលចារឹក ដោយចែកអំណាចជា៣ គឺនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ សម័យនេះ ច្បាប់សារព័ត៌មានត្រូវចាត់ទុកជាអំណាចឯករាជ្យមួយដែរ ដោយមានសិទ្ធិសរសេរផ្តល់យោបល់កែលម្អសង្គម ឬរិះគន់អំពើអសកម្មនានារបស់មន្ត្រីអនុវត្តច្បាប់នីតិប្រតិបត្តិ។ នីតិរដ្ឋ មានអធិបតេយ្យ ដែលប្រទេសក្រៅគ្មានសិទ្ធិលូកដៃ ចូលកិច្ចការផ្ទៃក្នុងបានឡើយ ព្រោះបើមានការលូកដៃពីប្រទេសធំ ឬមហាអំណាច អាចធ្វើឱ្យរដ្ឋាភិបាលប្រទេសតូចៗ ពុំ អាចដឹកនាំការកសាង និងការពារមាតុភូមិបានស្រួលឡើយ។

ដោយឡែកពាក្យថា “សិទ្ធិមនុស្ស” មានន័យថា មនុស្សមានសេចក្តីសម្រេចសមតាមបំណង ឬធ្វើឱ្យបានសម្រេចប្រយោជន៍ អ្វីមួយស្របទៅតាមមាត្រាច្បាប់។ នៅក្នុងរដ្ឋធម្មនុញ្ញ ជំពូកទី៣ មាត្រា៣១ បានសរសេរថា “ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញៃនអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិ- មនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋ ខ្មែរ មានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌- សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាព នេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់”។

ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ រហូតមកទល់ពេលនេះ យើងឃើញរាជរដ្ឋាភិបាល ឬ បក្សកាន់អំណាច ព្យាយាមពង្រឹង “នីតិរដ្ឋ” ខណៈដែលបក្សប្រឆាំង ព្យាយាមពង្រឹង “សិទ្ធិមនុស្ស”។ គោលការណ៍២យ៉ាង នេះ ក៏មានការប៉ះទង្គិចគ្នាជាហូរហែ ពោលគឺបើមានសកម្មជនដីធ្លី នៅតំបន់បឹងកក់ បុរីកីឡា ថ្មគោល និងមកពីខេត្តនានា ទាមទារតវ៉ា ឬលេចចេញជាចលនា “ថ្ងៃចន្ទពណ៌ខ្មៅ” ឬចលនា “ការពារបរិស្ថាន” មានលើកបដាទាមទារតវ៉ាគគ្រឹកគគ្រេង នោះ ក៏មានការបង្ក្រាបទប់ស្កាត់ជាបន្ទាន់ពីសមត្ថកិច្ចរដ្ឋាភិបាល។ ការប្រឈមមុខដាក់គ្នានេះ គឺមកពីខាងរដ្ឋាភិបាល “ពង្រឹង នីតិរដ្ឋ” ចំណែកអ្នកប្រឆាំង “ពង្រឹងសិទ្ធិមនុស្ស” នេះឯង។ ថ្មីៗនេះ ក៏មានការប្រកាសតាមហ្វេសប៊ុកថា ក្រុមស្រឡាញ់ បរិស្ថាន គ្រោងជិះកង់យកកូនឈើគ្រញូង ទៅដាំនៅបរិវេណដីផ្នូរសពលោកបណ្ឌិតកែម ឡី ឯខេត្តតាកែវ ដោយមានសំណេរ ថា “យើងខ្ញុំជាអ្នកស្រឡាញ់បរិស្ថាន គោរពស្រឡាញ់លោកបណ្ឌិតកែម ឡី និងចូលចិត្តកីឡាជិះកង់ផង បានមូលមតិគ្នារៀបចំ កម្មវិធីជិះកង់ នាំយកកូនដើមគ្រញូងចំនួន៥១ដើម យកទៅដាំនៅតាមរបងដីទីបញ្ចុះសពលោកបណ្ឌិតកែម ឡី ដោយស្ម័គ្រ ចិត្ត នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦”។

ដូច្នេះយើងឃើញថា នៅពេលរាជរដ្ឋាភិបាល ពង្រឹងនីតិរដ្ឋកាន់តែខ្លាំង ក៏មានអ្នកពង្រឹងផ្នែកសិទ្ធិមនុស្ស ក៏កាន់តែខ្លាំង ដែរ ដែលនិន្នាការទាំងពីរនេះ ប្រៀបបាននឹងខ្សែទឹកស្ទឹងហូរបញ្ច្រាសទិសគ្នា លុះទៅដល់ចំណុចប្រសព្វ បណ្តាលឱ្យទឹកវិល។ ធម្មតា “ទឹកកួច ឬទឹកវិល” ផ្តល់គ្រោះថ្នាក់ណាស់ អាចធ្វើឱ្យមនុស្សលង់ស្លាប់ បើហ៊ានប្រថុយប្រថានចុះហែលកន្លែងគ្រោះ- ថ្នាក់នោះ។ ជាងនេះទៀត កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ខណៈបក្សប្រឆាំង រៀបគម្រោងធ្វើការហែញត្តិយកទៅ ដាក់តាមបណ្តាស្ថានទូតនៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ អាជ្ញាធរមានសមត្ថកិច្ច បានដាក់ រនាំងបាំងបិទផ្លូវគោលដៅ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានបដិសេធសំណើសុំហែញត្តិ ដោយលើកឡើងថា បក្សប្រឆាំង មិនបានគោរពតាមលក្ខខណ្ឌនិងនីតិវិធី និងព្រមានថា បើបក្សប្រឆាំងនៅតែជម្នះធ្វើសកម្មភាពហែញត្តិ ដោយបំពានច្បាប់ នោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ជាធរមាន។

ដូច្នេះយើងឃើញថា បញ្ហា “នីតិរដ្ឋ និងសិទ្ធិមនុស្ស” នេះ កំពុងប្រទង់ប្រទាញគ្នាខ្លាំងណាស់ ព្រោះតែអ្នកនយោបាយ ចេះតែបកស្រាយច្បាប់ខុសគ្នាប្រៀបបាននឹង “ពស់ក្បាល១ កន្ទុយ២”។ បក្សប្រឆាំងអាងលើសិទ្ធិសេរីភាពក្នុងការតវ៉ាស្រប តាមរដ្ឋធម្មនុញ្ញ មាត្រា៣១ ខណៈដែលរាជរដ្ឋាភិបាល សំអាងលើជំពូកទី១ នៃរដ្ឋធម្មនុញ្ញ ស្តីពី “អធិបតេយ្យ” ចាប់ពី មាត្រា១ ដល់មាត្រា៦។ តាមការកត់សម្គាល់កន្លងមក បើពួកប្រឆាំងធ្វើសកម្មភាពទាមទារតវ៉ាបញ្ហាអ្វីមួយ គេតែងលើក ឡើងពី “សិទ្ធិសេរីភាពនៃការបញ្ចោញមតិ” ខណៈដែលសមត្ថកិច្ចរដ្ឋាភិបាល ព្យាយាមទប់ស្កាត់ ដោយលើកឡើងថា “ការ តវ៉ានោះធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម ស្ទះចរាចរណ៍ បើហាមមិនស្តាប់ត្រូវតែចាប់ខ្លួនបញ្ជូនទៅតុលាការ”។ បើយកករណី នេះទៅពិចារណាឱ្យល្អិតល្អន់ទៅ “នីតិរដ្ឋ និងសិទ្ធិមនុស្ស” បានក្លាយជាគូបដិបក្ខនឹងគ្នាទៅហើយ គួរតែមានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដោយបែងចែកឱ្យបានច្បាស់លាស់ ដូចជាថា “តើសិទ្ធិមនុស្ស អាចធ្វើអ្វីបាន និងមិនអាចធ្វើអ្វីបាន?”។ ចំណែក “នីតិរដ្ឋ អាចបង្ក្រាបសកម្មភាពអ្វីខ្លះ ហើយសកម្មភាពអ្វីខ្លះមិនត្រូវបង្ក្រាប?” បើគ្មានការចែកឱ្យដាច់ពីគ្នាទេនោះ ជម្លោះ នយោបាយនឹងរកទីបញ្ចប់គ្មានទេ។

សព្វថ្ងៃយើងឃើញបណ្តាប្រទេសនានានៅអឺរ៉ុប អាមេរិក ជាដើម អ្នកប្រឆាំងមានសិទ្ធិរិះគន់ប្រធានាធិបតី ឬមន្ត្រីរដ្ឋា- ភិបាល ដោយប៉ូលិសមិនហ៊ានទប់ស្កាត់ទេ ប៉ុន្តែ បើអ្នកតវ៉ាទាំងនោះប្រើអំពើហិង្សា មានការគប់ដុំថ្ម ស្រែកជេរប្រមាថ ជាដើម សមត្ថកិច្ចត្រូវទប់ស្កាត់ដោយប្រើរថយន្តបាញ់ទឹក ឬកាំភ្លើងប្រើឧស្ម័នបង្ហៀរទឹកភ្នែកបំបែកហ្វូងបាតុករ។ មានន័យថា ប្រទេសគេមិនបិទសិទ្ធិតវ៉ា ឬការបញ្ចោញមតិតាមមាគ៌ាអហិង្សានោះទេ សូម្បីប្រធានាធិបតីអាមេរិក ឬប្រធានាធិបតីបារាំង ក៏ធ្លាប់រងការរិះគន់ដែរ ប៉ុន្តែ បើរិះគន់ស្របច្បាប់ ធ្វើចុះ កុំតែគប់ស្បែកជើង ដុតរូបទីងមោង ជាដើម ទើបប៉ូលិសបង្ក្រាប។ សកម្មភាពបែបនេះ គឺមកពីរដ្ឋធម្មនុញ្ញរបស់គេច្បាស់លាស់ ធ្លាប់ធ្វើវិសោធនកម្មបែបសុក្រឹត ទើបការអនុវត្តបានល្អ មាន ការបែងចែករវាង “នីតិរដ្ឋ និងសិទ្ធិមនុស្ស” ឱ្យនៅដាច់ពីគ្នា។

សរុបទៅ “នីតិរដ្ឋ និងសិទ្ធិមនុស្ស” សម្រាប់កម្ពុជា នៅតែមានភាពប្រទង់ប្រទាញរហូត ពុំដឹងថ្ងៃណាបញ្ចប់ទេ។ សព្វថ្ងៃ រាជរដ្ឋាភិបាល កំពុងអនុវត្តតាមរដ្ឋធម្មនុញ្ញ ជំពូកទី១ ស្តីពី “រដ្ឋអធិបតេយ្យ” ឯបក្សប្រឆាំង កំពុងយកជំពូកទី៣ ស្តីពី “សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ” មកអនុវត្តដែរ។ ក្នុងន័យនេះ “នគរធំ” មិនកាន់ជើងខាងណាទេ ព្រោះពិនិត្យច្បាប់ ហ្នឹងទៅឃើញថា ត្រឹមត្រូវស្របនឹងសកម្មភាពនៃការអនុវត្ត ពោលគឺសមត្ថកិច្ចរដ្ឋាភិបាលជាអ្នកបង្ក្រាបក៏ត្រូវ ឯបក្សប្រឆាំង ប្រើសិទ្ធិមនុស្ស ក៏មិនខុសអ្វីដែរ។ ទោះយ៉ាងណា បក្សធំៗទាំង២នេះ ត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ បើសិនជា ការអនុវត្តច្បាប់គ្មានឯកភាព តែយើងក៏ចង់ឃើញអ្នកនយោបាយចេះយោគយល់គ្នា គិតដល់ប្រយោជន៍ជាតិធំជាងប្រយោជន៍បក្ស ទើបមានឯកភាពជាតិ សន្តិភាព និងស្ថិរភាពសង្គម ព្រោះថា ទោះជាម្ខាងពង្រឹងនីតិរដ្ឋ ឯម្ខាងទៀតពង្រឹងសិទ្ធិមនុស្ស ក៏ លទ្ធផលនៅលើសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋឯណោះទេ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES