Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិវិស័យ​វាយ​ណភ័ណ្ឌ​កម្ពុជា​ កាន់​តែ​ធ្វើ​ពិពិធ​កម្ម​ តាម​រយៈ​ការ​ផលិត​ផល​ មាន​តំលៃ​ថ្លៃ​ជាង​មុន

វិស័យ​វាយ​ណភ័ណ្ឌ​កម្ពុជា​ កាន់​តែ​ធ្វើ​ពិពិធ​កម្ម​ តាម​រយៈ​ការ​ផលិត​ផល​ មាន​តំលៃ​ថ្លៃ​ជាង​មុន

ភ្នំពេញ ៖ វិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង ដែលជាកំលាំងជំរុញសេដ្ឋកិច្ចនាំមុខរបស់កម្ពុជា កាន់តែធ្វើពិពិធកម្មផលិតផលរបស់ខ្លួន តាមរយៈការផលិតផលិតផលដែលមានតំលៃថ្លៃជាងមុន ដែលធ្វើឲ្យវិស័យនេះទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់។

68

ឯកឧត្តមវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ទំហំនៃការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងបានថយចុះជាងឆ្នាំមុន ប៉ុន្តែទំហំទឹកប្រាក់មានការកើនឡើង ដោយសារវិស័យនេះផលិតផលិតផលកាន់តែមានគុណភាព និងមានតំលៃកាន់តែខ្ពស់ ដែលធ្វើឲ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញកាន់តែច្រើន។ឯកឧត្តមបន្តថា វិស័យនេះនៅតែរក្សាបាននូវសក្តានុពលរបស់ខ្លួន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា។

ក្រៅពីវិស័យវាយណភ័ណ្ឌ វិស័យសេវាកម្ម និងអាជីវកម្មនានានៅកម្ពុជាក៏មានភាពរីកចំរើនគួរឲ្យកត់សំគាល់ផលដែរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

67

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានថ្លែងថា អ្វីដែលជាការព្រួយបារម្ភពីមុនមកថា វិស័យនេះមិនសូវល្អមិនមែនជាការពិតនោះទេ គឺវិស័យនេះបានធ្វើពិពិធកម្មផលិតផលរបស់ខ្លួន តាមរយៈការបង្កើនតំលៃបន្ថែមលើផលិតផលរបស់ខ្លួន ដែលធ្វើឲ្យវិស័យនេះនៅតែមានសក្តានុពលខ្ពស់ក្នុងសេដ្ឋកិច្ចកម្ពុជា។លោកបន្តថា ទោះជាវិស័យដទៃទៀតដូចជាវិស័យពាណិជ្ជកម្ម សេវាកម្មរីកចំរើនក្តី តែវិស័យវាយណភ័ណ្ឌនៅតែមានភាពរឹងមាំ និងមិនអាចមើលរំលងបាននោះទេ។

លោកបន្តថា តាមរយៈការជួបជាមួយក្រុមអ្នកវិនិយោគជប៉ុន ក៏បានរកឃើញថា កម្មករកម្ពុជា ជាក្រុមដែលធ្វើការងារជាក្រុមបានល្អ ឲ្យតែនិយោជកធ្វើការអប់រំ និងបណ្តុះបណ្តាលពួកគេបានល្អ។

ទោះជាយ៉ាងណាលោកកាំង ម៉ូនីកាអគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងថា ការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងនៅតែកើនឡើងនៅឆ្នាំនេះ ប៉ុន្តែបើធៀបនឹងឆ្នាំមុនទំហំនៃកំណើននាំចេញឆ្នាំនេះ មានទាបជាងឆ្នាំមុន ដែលជាសញ្ញាមិនល្អក្នុងវិស័យនេះនោះទេ។លោកបន្តថា ឧស្សាហកម្មនេះ ទាមទារកំណើនល្អដូចកាលពី៤ទៅ៥ឆ្នាំមុន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចយើងមានកំនើនរឹងមាំ និងផ្តល់ការងារដល់យុវជនវ័យក្មេង ដែលត្រូវចូលប្រឡូកក្នុងទីផ្សារពលកម្មកាន់តែច្រើន។

លោកបន្តថា វិស័យនេះកំពុងរងសម្ភាពផងដែរ ដោយសារការកើនឡើងនូវតំលៃប្រាក់ឈ្នួល ប៉ុន្តែផលិតភាពការងារមិនកើនឡើងនោះទេ មានតែថយចុះ ទោះបីជាតំលៃពលកម្មកើនឡើងក្តី។លោកបន្តថា វិស័យនេះក៏ប្រឈមនឹងការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយប្រទេសភូមា វៀតណាម និងប្រទេសបង់ក្លាដេសផងដែរ៕

ដោយ  ៖ គង់ លាងហួរ

RELATED ARTICLES