ការប្រកួតប្រជែងរកការគាំទ្រពីប្រជាពលរដ្ឋ បើអ្នកនយោបាយ ឬឃោសនិកចេះឃោសនាផ្សំគ្រឿង ដោយយកសភាវៈ- ធម្មជាតិមកប្រៀបធៀប នឹងធ្វើឱ្យប្រជាពលរដ្ឋឆាប់យល់ មិនបាច់ពិចារណាយូរ។ យ៉ាងណាមិញ សុភាសិតខ្មែរថា “ឆ្នាំងចាស់ បាយឆ្ងាញ់” បើបក្សកាន់អំណាច ចេះយកមកបកស្រាយពន្យល់ជាលក្ខណៈឧបមានវិធី អាចនឹងយកប្រៀបលើបក្សប្រឆាំង បាន ប៉ុន្តែ បើប្រឹងតែបញ្ចោញនូវអ្វីដែលថ្មីពេក ឬអួតតែឆ្នាំងថ្មីនោះ បក្សឯទៀត ក៏គេមានឆ្នាំងថ្មីដែរ ដែល “នគរធំ” សូម លើករឿង “ឆ្នាំង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“ឆ្នាំង” គឺជាប្រដាប់សម្រាប់ចម្អិនម្ហូបអាហារ មានច្រើនប្រភេទ ខ្លះធ្វើពីដី ដែក ស្ពាន់ ដោយចែកជាឆ្នាំងបាយ ឆ្នាំងសម្ល ឆ្នាំងរបួល (ឆ្នាំងដែលចោះបាតជារន្ធច្រើនអន្លើ សម្រាប់ចំហុយនំផ្សេងៗ)។ ឆ្នាំង មានខ្នាតតូចធំមិនស្មើគ្នាទេ ដែលជំនាន់មុន ដូនតាខ្មែរចូលចិត្តប្រើឆ្នាំងដី លុះចូលមកដល់សម័យឯករាជ្យ ទើបមានការនាំចូលឆ្នាំងដែក ពីប្រទេសក្រៅ ហើយខ្មែរយើង ក៏ចេះផលិតឆ្នាំងដោយខ្លួនឯងដែរ ដូច “រោងចក្រឆ្នាំង” នៅជិតតំបន់បឹងកក់ (ភ្នំពេញ) ជាដើម។ ឆ្នាំងចាស់ ដែលប្រើអុស ដុតនោះ ឡើងពណ៌ខ្មៅញូញ ដាំបាយឆ្ងាញ់ណាស់ ជាពិសេសបាយក្តាំងដែលជាប់បាតឆ្នាំងស្រួយស្រឹប អ្នកណាក៏ចង់ហូបដែរ។ សព្វថ្ងៃឆ្នាំងចាស់ ច្រើនមាននៅតាមវត្តអារាមនានា សម្រាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ សូម្បីតែក្មេងវត្ត ដែលស្នាក់អាស្រ័យ ក្នុងវត្ត ដើម្បីបន្តការសិក្សា ក៏រស់ដោយសារឆ្នាំងចាស់នេះដែរ។
មានគ្រួសារមួយនៅខេត្តពោធិ៍សាត់ បានរក្សាទុកឆ្នាំងដែកកញ្ចាស់មួយ សេសសល់តាំងពីសម័យប៉ុល ពត វាក្រពឹតដោយ អន្លើ ជាប្រភេទឆ្នាំងលេខ៨ ដែលចុងភៅធ្លាប់ដាក់សម្លព្រលឹត ឱ្យអ្នកលើកទំនប់ ជីកប្រឡាយហូប។ លុះបែករបបប៉ុល ពត គ្រួសារនេះបានរើសឆ្នាំងចេញពីរោងបាយសហករណ៍មួយ យកទៅប្រើប្រាស់ដាំបាយរហូតមក តាំងពីកូនៗពួកគាត់នៅដណ្តើម បាយកកគ្នា ដែលឥឡូវពួកគេមានគូស្រករ ដុះស្លាបហើរចោលសម្បុកអស់ហើយ។ សព្វថ្ងៃគ្រួសារនោះ បានប្រើប្រាស់ឆ្នាំងថ្មី សស្គុស មានទាំងឆ្នាំងអគ្គិសនីទៀតផង ប៉ុន្តែ ពេលកូនចៅមកជួបជុំគ្នាក្នុងពិធីបុណ្យចូលឆ្នាំ ឬភ្ជុំបិណ្ឌម្តងៗ បុរសចំណាស់ជា ឪពុកនិងជីតា តែងយកឆ្នាំងចាស់ក្រពឹតដែលផ្កាប់ចោលនោះ មកលាងសម្អាត ច្រកអង្ករដាំបាយដុតអុស។ ឆ្នាំងនោះ មាន អាយុកាលជាង៤០ឆ្នាំហើយ ដោយគិតតាំងពីសម័យសង្គមរាស្ត្រនិយមមក ពេលដាំបាយបរិភោគជួបជុំគ្នានោះ អ្នកណាក៏ សរសើរថា បាយឆ្ងាញ់ដែរ ឯចៅៗខ្លះដណ្តើមកោសបាយក្តាំង។ ឆ្នាំងចាស់នោះ គេនៅបន្តប្រើការបាន ដោយសារធ្លាប់មាន ប្រយោជន៍ និងមិនទាន់ពុកផុយ (ពុករលួយ) តែបើពុកផុយ ប្រាកដជាគេបោះចោលទៅកៀនរបង ឬលក់ឱ្យអេតចាយ មិនខាន។
ផ្ទុយទៅវិញ ឆ្នាំងថ្មីសស្គុស ប្រើធ្យូងចម្អិន ឬប្រើចរន្តអគ្គិសនី វាមានអនាម័យក៏ពិតមែន ប៉ុន្តែ រសជាតិបាយចាញ់ឆ្នាំងចាស់ ឆ្ងាយណាស់ ហើយក៏គ្មានបាយក្តាំងស្រួយស្រឹប ឱ្យក្មេងៗដណ្តើមគ្នានោះដែរ។ បើគេយកឆ្នាំងចាស់និងឆ្នាំងថ្មីដណ្តាំបាយ ទន្ទឹមគ្នា លុះពេលបាយឆ្អិន បើកឱ្យអ្នកហូបដួសខ្លួនឯងតាមការចូលចិត្តនោះ ច្បាស់ជាអ្នកហូបដណ្តើមគ្នាដួសតែបាយឆ្នាំង ចាស់ហ្នឹងឯង។
យ៉ាងណាមិញ បើយករឿងឆ្នាំង មកប្រៀបធៀបនឹងយុទ្ធសាស្ត្រនយោបាយ យើងអាចសន្និដ្ឋានបានថា មន្ត្រីរាជការចាស់ មេឃុំចាស់ ដែលបម្រើជាតិតាំងពីសក់ខ្មៅ រហូតដល់សក់សនោះ យើងមិនគួរមើលរំលងគាត់ទេ។ និយាយឱ្យត្រង់ទៅ គាត់ មានការពិសោធឆ្អែតឆ្អន់ តាំងពីរបបប៉ុល ពត ដួលរលំ ដែលកាលនោះមូលដ្ឋាននីមួយៗ ចាប់ផ្តើមកសាងតាំងពីបាតដៃទទេ។ កម្ពុជា ទើបនឹងងើបពីរណ្តៅនរកប៉ុល ពត សាលារៀន វត្តអារាមខ្ទេចខ្ទាំ ផ្លូវជាតិ ផ្លូវលំក្រហេងក្រហូង តម្រូវឱ្យមន្ត្រីរាជការ មេភូមិ មេឃុំ លាត់ជើងខោ មូរដៃអាវ ប្រឹងប្រែងធ្វើការមិនសំចៃកម្លាំង តាំងពីបានរបបជាអង្ករ ម្សៅពោត ក្រណាត់ សាប៊ូ ប្រេងកាត ខ្វះខាតមួយចប់ ដែលយើងមិនបាច់រំព្ញកវែងឆ្ងាយ។ ឥឡូវកម្ពុជា កំពុងឈានលើទីតាំងអភិវឌ្ឍន៍ទៅហើយ ក៏នៅ មានមន្ត្រីរាជការចាស់ មេភូមិ មេឃុំចាស់ រហូតដល់រដ្ឋមន្ត្រីចាស់ ក៏ដូចថ្នាក់ដឹកនាំប្រទេស កំពុងបន្តការងារគាត់មិនទាន់ចូល និវត្តន៍នៅឡើយ។ មន្ត្រីទាំងនោះ ប្រៀបបាននឹង “ឆ្នាំងចាស់បាយឆ្ងាញ់” នេះឯង មិនត្រូវភ្លេចពួកគាត់ទេ ដែលមន្ត្រីរាជការ ក្មេងៗ ឬមន្ត្រីបក្សឯទៀតគ្មានបទពិសោធដូចគាត់។
ដូច្នេះ បើបក្សកាន់អំណាច រំព្ញករឿងដើមពីភាពកម្សត់កម្រ តស៊ូរួមរស់ជាមួយប្រជាពលរដ្ឋ តាំងពីឆ្នាំ១៩៧៩ ដោយ មិនភ្លេចយករឿងឆ្នាំងចាស់ មកនិយាយនោះ អាចធ្វើឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ស្រមៃដល់អតីតកាលមិនខានឡើយ។ នៅក្នុងតៀមកាហ្វេមួយកន្លែង នារាជធានីភ្នំពេញ ក៏មានតាៗញៀនកាហ្វេខ្លះនិយាយថា “ឆ្នាំងថ្មី ដាំបាយមិនឆ្ងាញ់ដូចឆ្នាំង ចាស់ទេ យើងមិនគួរភ្លេចឆ្នាំងចាស់នោះឡើយ”។ តាម្នាក់ទៀត ងក់ក្បាលពោលចាក់បណ្តោយថា “ផ្ទះខ្ញុំ ក៏មានឆ្នាំងដែកកញ្ចាស់ មួយ រក្សាទុកជិត៣០ឆ្នាំហើយ ប្រពន្ធខ្ញុំចង់លក់វាឱ្យអេតចាយ តែខ្ញុំមិនឱ្យលក់ ទុកសម្រាប់ដាំបាយម្តងៗ ពេលកូនចៅជួប- ជុំគ្នា បាយឆ្ងាញ់ណាស់”។ តាម្នាក់ទៀត ក៏ស៊កគន្លឹះនយោបាយថា “អើ! មេឃុំ-ចៅសង្កាត់ចាស់ ក៏ដូចឆ្នាំងចាស់ អ៊ីចឹង កុំទាន់ អាលភ្លេចពួកគាត់! ឯរឿងចៅសង្កាត់ខ្លះ ធុំក្លិនមិនស្រួលនោះ មកពីគាត់ជាឆ្នាំងថ្មី ដាំបាយខ្លោចតែម្តង!”។
ផ្តើមចេញពីការសន្ទនានេះ យើងឃើញថា ប្រជាពលរដ្ឋភាគច្រើន នៅតែមានមនោសញ្ចោតនាអាណិតស្រឡាញ់មន្ត្រី រាជការ មេឃុំ ចៅសង្កាត់ រហូតដល់រដ្ឋមន្ត្រីចាស់ៗ ដោយមិនគិតពីនិន្នាការនយោបាយ។ សុភាសិតបារាំងថា “ចេះតែសរសើរ ដដែលៗ ជាសញ្ញាយ៉ាប់បំផុត” 9ជ៌សេត នុ ងរានដ សិងនេ ដេ មដៃិចៀរិតៃ ឆុេ ដេ លៀុរេ តៀញុៀរុស មៀដរៃមៃនេតប។ បានន័យថា បើសរសើរគាត់ពេក ធ្វើឱ្យគាត់ភ្លេចខ្លួន ឬស្រវឹងយសភ្លេចអតីតកាល ចែករបបអង្ករ ម្សៅពោត ឬថា “បាន ឆ្នាំងថ្មី ភ្លេចឆ្នាំងចាស់”។
ហេតុនេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏មនុស្សចេះពិចារណារកប្ញសគល់ផ្តល់តម្លៃដល់ “កតញ្ញូ និងកតវេទី” (ការដឹងគុណ និងការតបគុណ) ពោលគឺប្រជាពលរដ្ឋធ្លាប់រស់រានមានជីវិតដោយសារឆ្នាំងចាស់ ទោះជាបានឆ្នាំងថ្មី ក៏មិន ភ្លេចអតីតកាល ចាំបាច់ត្រូវតែតបស្នងសងគុណ ប៉ុន្តែ “យើងធ្វើគុណលើគេកុំសម្តែង គេធ្វើគុណលើឯងកុំបំភ្លេច”។ ដូច្នេះ បើបក្សកាន់អំណាច ចង់ឈ្នះឆ្នោត លុះត្រាតែកុំភ្លេចយុទ្ធសាស្ត្រ “ឆ្នាំងចាស់បាយឆ្ងាញ់” ដោយកុំប្រឹងអួតពី “ឆ្នាំងថ្មី” ពេក ព្រោះថាបក្សប្រឆាំង ក៏ដូចបក្សឯទៀត សុទ្ធតែប្រភេទ “ឆ្នាំងថ្មី” ទាំងអស់ បើឃោសនាអួតសរសើរឆ្នាំងថ្មីដូចគ្នានោះ អាច ប្រដមប្រសងគ្នា។ រដូវបោះឆ្នោតមេឃុំ-ចៅសង្កាត់ ជិតមកដល់ហើយ “នគរធំ” គ្រាន់តែជួយបង្ហាញផ្លូវប៉ុណ្ណោះ ពោលគឺ “បើចង់បាយឆ្ងាញ់ គ្មានអ្វីប្រសើរដល់ឆ្នាំងចាស់នោះទេ ប៉ុន្តែ បើម្ចាស់ឆ្នាំងមិនចេះថែទាំ បណ្តោយឱ្យច្រែះស៊ីឆ្នាំងនោះ យក ទៅដាំបាយក៏មិនកើតដែរ”។
សរុបទៅ “ឆ្នាំងចាស់ បាយឆ្ងាញ់” មានន័យយ៉ាងនេះឯង សំដៅដល់មនោសញ្ចោតនាប្រជាពលរដ្ឋ ដែលធ្លាប់កម្សត់អត់ ឃ្លាន មិនទាន់ភ្លេចអនុស្សាវរីយ៍អតីតកាល។ បើឃោសនិកប៉ិនប្រសប់ យកតែចំណុចនេះទៅឃោសនា នឹងបានចំណេញធំ-ណាស់ ព្រោះថា ឆ្នាំងចាស់ មានតែបក្សកាន់អំណាចប៉ុណ្ណោះ ដែលសេសសល់មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ចាស់ ខណៈដែល បក្សឯទៀត សុទ្ធតែឆ្នាំងថ្មី៕
ដោយ ៖ អាចារ្យថាំ