Saturday, April 27, 2024
Homeព័ត៌មានជាតិបក្ស​ប្រឆាំង ប្រកាស​ជួប​ជុំ​មហា​ជន ថ្ងៃ តុលា​ការ​កាត់​ទោស​លោក​កឹម សុខា

បក្ស​ប្រឆាំង ប្រកាស​ជួប​ជុំ​មហា​ជន ថ្ងៃ តុលា​ការ​កាត់​ទោស​លោក​កឹម សុខា

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ ដែល ជាគណបក្សប្រឆាំង បានប្រកាសជួបជុំមហាជន នៅថ្ងៃដែលតុលាការ បើកសវនាការកាត់ទោស លោកកឹម សុខា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ ដែលធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនយល់ ថា បក្សប្រឆាំងប្រមូលផ្តុំកម្លាំងមហាជនមក ការពារលោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ដែលកំពុងសម្ងំលាក់ខ្លួនក្នុងទីស្នាក់ ការកណ្តាលគណបក្ស នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យោងតាមលិខិតរបស់ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោកម៉ន ផល្លា ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ គោរពជូនលោកអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ស្តីពីការជូន ដំណឹងស្តីពីការរៀបចំពិធីសំណេះសំណាលរវាង ថ្នាក់ដឹកនាំ ជាមួយរចនាសម្ព័ន្ធ និងមហាជន នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នឹងរៀបចំពិធីសំណេះសំណាលរវាង ថ្នាក់ដឹកនាំជាមួយរចនាសម្ព័ន្ធ និងមហាជន ក្នងនោះ មានសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ ក្រុមទ្រទ្រង់រាជធានី ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងគណៈកម្មាធិការប្រតិបត្តិរាជធានី ខណ្ឌ សង្កាត់ ភូមិ យុវជន ស្ត្រី និងប្រជាពលរដ្ឋជាច្រើនរយនាក់ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៨ៈ០០ ដល់ម៉ោង១២ៈ០០ថ្ងៃ ត្រង់។

បន្ថែមលើលិខិតនេះ លោកម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សារាជធានីភ៌្នំពេញ បានបញ្ជាក់ប្រាប់ នគរធំនៅ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ថា ការជួបជុំគ្នា នេះ គ្រាន់តែជាការសម្តែងមតិ និងឃ្លាំមើល  ដំណើការជំនុំជម្រះរបស់តុលាការ មកលើលោក កឹម សុខា ប៉ុណ្ណោះ ដោយមិនមានការហែក្បួន ឬធ្វើអ្វីឱ្យភ្ញាក់ផ្អើលនោះទេ។ ដូច្នេះលោកសុំ ឱ្យមហាជនកុំមានការព្រួយបារម្ភ ហើយក៏សង្ឃឹម ថា នឹងមានកិច្ចសហការពីអាជ្ញាធររាជធានីភ្នំពេញ។

លោកម៉ន ផល្លា មានប្រសាសន៍ថា បាទ! សាលារាជធានី អត់ទាន់ឆ្លើយតបទាក់ទងទៅ នឹងការជូនដំណឹងរបស់ខ្ញុំផ្ទាល់់ ដើម្បីរៀបចំ កម្មវិធី នៅថ្ងៃទី០៩ នៅឡើយទេ។ ជាគោលការណ៍នៅក្នុងច្បាប់គណបក្សនយោបាយ ហើយ មានកម្មវិធីធ្វើសំណេះសំណាលនៅក្នុងទីស្នាក់ការ អត់បាច់ធ្វើការសុំច្បាប់ទេ យើងគ្រាន់តែជូន ដំណឹងទៅអាជ្ញាធររដ្ឋពាក់ព័ន្ធ ដើម្បីសហការ ការពារនូវសន្តិសុខសណ្តាប់ធ្នាប់នៅអង្គពិធី ទាំងមូល។ អ៊ីចឹងហើយ ខ្ញុំបានធ្វើលិខិតទៅ សាលារាជធានី ដោយសារទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នៅជាប់នឹងផ្លូវជាតិលេខ ២ហ្នឹង គឺវាមានការហៀរមកខាងក្រៅ អ៊ីចឹង អាចធ្វើឱ្យចរាចរណ៍ហ្នឹងវាអាចចង្អៀត។ អ៊ីចឹង ហើយបានខ្ញុំធ្វើការជូនដំណឹងទៅសាលារាជធានី ដើម្បីឱ្យសាលារាជធានី ជ្រាបជាព័ត៌មាន ហើយសហការការងារ។ ទោះបីជាយ៉ាងណា ក៏យើងត្រូវតែធ្វើ ដោយសារជាធម្មតា នៅក្នុង ការជួបសំណេះសំណាលរវាងរចនាសម្ព័ន្ធជាមួយ ថ្នាក់ដឹកនាំ អត់មានអីជាបញ្ហាទេ

លោកម៉ន ផល្លា មានប្រសាសន៍បន្តថាជាការងារមួយដែលគណបក្សសង្គ្រោះជាតិ ថ្នាក់ជាតិ និងរាជធានីយើង បានរៀបចំកម្មវិធី នេះ ហើយក៏ជាការឃ្លាំមើំលផងដែរ សម្រាប់ ការអនុវត្តនូវសាលក្រមរបស់តុលាការ ទាក់ទាង ទៅនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ។ អ៊ីចឹង ហើយ យើងរៀបចំនេះ គឺផ្សាយព័ត៌មានទៅ ដល់សកម្មជន រចនាសម្ព័ន្ធយើង នៅតាមភូមិ នៅតាមសង្កាត់ ឱ្យបានជ្រាបផង ហើយឱ្យគាត់ អញ្ជើញមក គឺដើម្បីទទួលព័តមានថ្មី ហើយ នឹងចាំតាមដាននូវព័ត៌មានទាក់ទងទៅនឹងការ កាត់សេចក្តីផង។ ដូច្នេះខ្ញុំបាទផ្ទាល់ ដែលបាន ដាក់លិខិតទៅសាលារាជធានី ទាក់ទងទៅនឹង ការរៀបចំរបស់ថ្នាក់ដឹកនាំ ជួបជាមួយរចនាសម្ព័ន្ធនេះ ជាគោលការណ៍ គឺយើងគ្រាន់តែធ្វើការថ្លែងសុន្ទរកថា និងផ្តល់សារទៅដល់សកម្មជនរបស់យើង ដើម្បីមកចូលរួមនៅក្នុងការស្តាប់ ហើយមួយវិញទៀត គឺយើងមិនមានសកម្មភាព ហែជាក្បួនអីនោះទេ គឺយើងគ្រាន់តែជួបជុំគ្នា ហើយយើងនឹងចប់ទៅវិញនៅម៉ោង១២។ អ៊ីចឹង ហើយសុំឱ្យបងប្អូនមិនបាច់មានការភ័យព្រួយ មិនមានការព្រួយបារម្ភអ្វីទេ ដោយយើងអត់ ធ្វើអ្វីដែលខុសឆ្គង ហើយយើងនឹងធ្វើតាមតែអ្វី ដែលគណបក្សមានជាសកម្មរាល់ថ្ងៃជាប្រចាំ ដូច ជានៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រអ៊ីចឹងដែរ

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលលិខិតរបស់គណបក្ស សង្គ្រោះជាតិហើយ ប៉ុន្តែមិនទាន់សម្រេចយ៉ាង ម៉េចទេ រង់ចាំការអញ្ជើញគណបក្សសង្គ្រោះជាតិ មកជួបប្រជុំពិភាក្សាគ្នាសិន។

សូមបញ្ជាក់ថា លោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទបដិសេធក្នុងការ ចូលខ្លួនបន្ទាប់ពីលោកមិនបានបង្ហាញខ្លួន តាមដីកាកោះរបស់តុលាការចំនួន២លើក ឱ្យ ចូលបំភ្លឺក្នុងឋានៈជាសាក្សីក្នុងសំណុំរឿងសញ្ចារកម្មពាក់ព័ន្ធនឹងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប គឺលោកតុ វ៉ាន់ចាន់ និងលោកពិន រតនា តាមបណ្តឹងរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មាន ទំនាក់ទំនងផ្លូវភេទជាមួយលោកកឹម សុខា ដោយមានតំណាងរាស្ត្រ២រូបខាងលើ ជាមេអណ្តើក ហើយពេលនេះសំណុំរឿងលោកកឹម សុខា ត្រូវបានតុលាការសម្រេចបើកសវនាការ ជំនុំជម្រះ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា សម្រាប់ការជំនុំជម្រះ របស់តុលាការ ខាងមុខនេះ លោកកឹម សុខា នៅតែរក្សាជំហរមិនចូលខ្លួនតាមដីការបស់ តុលាការទេ។ ដូច្នេះហើយ ទើបគណបក្ស រៀបចំកម្មវិធីជួមជុំមហាជននេះឡើង ដើម្បី តាមដានដំណើរការលើរឿងក្តីនេះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES