Monday, December 23, 2024
Homeបរិយាយអ្នក​រត់​ក្នុង​ទី​ងងឹត ជំពប់​ច្រើន​ដង

អ្នក​រត់​ក្នុង​ទី​ងងឹត ជំពប់​ច្រើន​ដង

ព្រះភិក្ខុធម្មបាលខៀវ ជុំ សមណសាស្ត្រាចារ្យដ៏ល្បីកាលពីសង្គមចាស់ បានប្រមូលសុភាសិតសាកលជាច្រើន មកបោះផ្សាយជាសៀវភៅ ក្នុងនោះ ក៏មានសុភាសិតថា “អ្នករត់ក្នុងទីងងឹត ជំពប់ច្រើនដង” មានខ្លឹមសារជ្រាលជ្រៅណាស់ សម្រាប់ យកមកប្រៀបធៀបនឹងសកម្មភាពរាជរដ្ឋាភិបាល និងសកម្មភាពបក្សប្រឆាំង ក៏ដូចសកម្មជនដីធ្លី អង្គការសង្គមស៊ីវិលនានា កំពុងរត់ប្រណាំងជាមួយរាជរដ្ឋាភិបាល ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ជាទូទៅ ល្បែងបិទមុខបិទពួន ឬរត់ប្រណាំងគ្នា សម្រាប់ក្មេងៗនៅស្រុកស្រែក្នុងពេលខែភ្លឺ ជួនកាលមានកន្លែងខ្លះភ្លឺ កន្លែងខ្លះងងឹត។ កន្លែងភ្លឺ គឺមកពីរស្មីព្រះចន្ទចាំងជះបានសព្វ ឯកន្លែងងងឹត មកពីមានដើមឈើខ្ពស់ៗបាំងពន្លឺព្រះចន្ទ មិន ឱ្យចាំងសព្វកន្លុកកន្លៀតបាន។ លុះពេលរត់ប្រណាំងគ្នា ក្មេងៗណារត់ប៉ះកន្លែងងងឹត តែងជំពប់ដួលជាញឹកញាប់ ដោយប៉ះ នឹងដុំដី អង្កត់អុស ដុំថ្ម ជាដើម ខណៈដែលក្មេងរត់កន្លែងភ្លឺ មើលឃើញច្បាស់ កម្រដួលណាស់។

យ៉ាងណាមិញ រាជរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោត តាមប្រជាធិបតេយ្យ សេរី ពហុបក្ស មានអាសនៈនៅ អង្គការសហប្រជាជាតិ និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនោះ ប្រៀបបាននឹងអ្នករត់ក្នុងទីភ្លឺ មានពន្លឺព្រះចន្ទ ចាំងចូលសព្វចន្លោះ។ រីឯបក្សប្រឆាំង អង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចសកម្មជនដីធ្លី ការពារបរិស្ថាន សិទ្ធិមនុស្ស ជាដើម ប្រៀបបាននឹងអ្នករត់ក្នុងទីងងឹត។ មុនដំបូង បក្សប្រឆាំងដែលមានតំណាងរាស្ត្រ៥៥រូប ចូលធ្វើការក្នុងរដ្ឋសភា ដោយស្រប- ច្បាប់នោះ ក៏មានឈ្មោះថា “រត់ក្នុងទីភ្លឺ” ដែរ ប៉ុន្តែ ពេលនេះដោយសារបក្សប្រឆាំងធ្វើពហិការ និងធ្វើសកម្មភាពក្រៅសង្វៀន ជាមួយបក្សកាន់អំណាច ប្រៀបបាននឹងអ្នករត់ក្នុងទីងងឹត។ ធម្មតាអ្នករត់ក្នុងទីងងឹត ចៀសមិនរួចពីការជំពប់ដួល ដោយ ប៉ះនឹងដុំថ្ម គល់ឈើ ឬធ្លាក់ជង្ហុកមិនខានឡើយ ខណៈដែលរាជរដ្ឋាភិបាល រត់កន្លែងភ្លឺ មិនដែលឃើញជំពប់។

ជាទិដ្ឋភាពជាក់ស្តែង យើងឃើញថា លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានបក្សប្រឆាំង ដែលប្រើ យុទ្ធសាស្ត្រនយោបាយក្រៅរដ្ឋសភា ត្រូវរងនូវការប្តឹងផ្តល់ពីមន្ត្រីរាជរដ្ឋាភិបាល ប្រឈមមុខនឹងតុលាការ រហូតដល់រស់នៅ និរទេស និងឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្ស។ ចំណែកសមាជិកព្រឹទ្ធសភា រដ្ឋសភា ខ្លះទៀត ដូចជា លោកហុង សុខហួរ លោកអ៊ុំ សំអាន កំពុងជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសជាក់ស្តែង ខណៈដែលលោកស្រីថាក់ ឡានី កំពុងប្រឈមមុខនឹងការចាប់ខ្លួន។ រីឯសកម្មជនដីធ្លីបឹងកក់ បុរីកីឡា ដែលប្រែក្លាយពីការតវ៉ារឿងដីមិនបានសម្រេច ក៏ លេចចេញជា “ចលនាថ្ងៃចន្ទពណ៌ខ្មៅ” ក៏ជំពប់ដួលដូចគ្នា ព្រោះតែការរត់ប្រណាំងចង់យកឈ្នះរដ្ឋាភិបាល នេះឯង។

ដូច្នេះ ការរត់ក្នុងទីងងឹត មិនមែនស្រួលទេ ទោះជាពេលជំពប់នឹងគល់ឈើបែកឈាមកក្លាក់ ស្រែកហៅឱ្យគេជួយនោះ ក៏អ្នកនៅឆ្ងាយពិបាកជួយណាស់ ព្រោះកន្លែងងងឹត មានពស់ ក្អែបផងនោះ គេមិនហ៊ានទៅជិត។ យ៉ាងណាមិញ ករណីអ្នក ជំពប់ដួលជាប់ពន្ធនាគារ សុំអន្តរាគមន៍ពីសហគមន៍អន្តរជាតិនោះ គេមានមកជិតឯណា? បានតែស្រែកពីចម្ងាយហ្នឹង! ជាក់- ស្តែងសហភាពអឺរ៉ុប អាមេរិក បានត្រឹមអំពាវនាវឱ្យរដ្ឋាភិបាល ដោះលែងពួកមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងពិចារណា កំហុសពួកប្រឆាំងប៉ុណ្ណោះ យើងមិនដែលឃើញសហភាពអឺរ៉ុប អាមេរិក ឬតំណាង អ.ស.ប មកបើកទ្វារគុកដោះលែងទណ្ឌិត នោះទេ ព្រោះបើហ៊ានធ្វើបែបនេះ ឈ្មោះថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យ។

មធ្យោបាយដែលល្អបំផុតសម្រាប់អ្នករត់ប្រណាំងលើផ្លូវប្រជាធិបតេយ្យ លុះត្រាតែអ្នកនយោបាយគ្រប់និន្នាការ កុំរត់ តាមផ្លូវងងឹត ពោលគឺមានតែផ្លូវភ្លឺ មានពន្លឺព្រះចន្ទចែងចាំងសព្វចន្លោះ ទើបមិនជំពប់។ គ្មានអ្វីដែលប្រសើរជាងការរួបរួម គ្នាធ្វើការចូលគ្នាក្នុងរដ្ឋសភា នោះទេ ព្រោះស្ថាប័ននេះ បើកសិទ្ធិឱ្យអ្នកតំណាងរាស្ត្រឡើងបញ្ចោញមតិដោយសេរី និងមាន សំឡេងឆ្នោតស្រប ប្រឆាំង និងអនុបវាទ សម្រេចយកសំឡេងភាគច្រើនទុកជាបានការ។ ទោះជាបក្សប្រឆាំង មានសំឡេង ភាគតិច ក៏មានឈ្មោះថា បានរត់ក្នុងទីភ្លឺ វាលស្រឡះ មិនខ្លាចជំពប់គល់ឈើ ឬដុំថ្មទៀតទេ ជាពិសេស “ការជជែកគ្នា១ ម៉ោង ប្រសើរជាងការសរសេរ៥០ដង”។ សព្វថ្ងៃយើងសង្កេតឃើញថា សំណេរក្នុងហ្វេសប៊ុក ជេរអ្នកនយោបាយមិន ឈប់ នោះ ក៏ចាត់ទុកថា ជា “អ្នករត់ក្នុងទីងងឹតដែរ” ផ្ទុយពីសារព័ត៌មាន វិទ្យុ ទូរទស្សន៍ ជា “អ្នករត់ក្នុងទីភ្លឺ” មានអាជ្ញាប័ណ្ណ ត្រឹមត្រូវ។

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ បក្សប្រឆាំង បានប្រកាសជួបជុំមហាជននៅទីស្នាក់ការគណបក្ស ចំថ្ងៃតុលាការ កាត់ទោសលោកកឹម សុខា ដែលព្រឹត្តិការណ៍ទាំងពីរនេះ ប្រៀបបាននឹងការរត់ក្នុងទីងងឹត និងទីភ្លឺ។ ករណីការប្តឹងលោក កឹម សុខា ពាក់ព័ន្ធរឿងស្រី ហើយត្រូវតុលាការចាត់ការតាមនីតិវិធី គឺរត់កន្លែងភ្លឺ ឯផ្លូវប្រណាំងនោះ ក៏ចូកចាំងពង្រាប បានល្អ គ្មានក្រួសរវានអ្វីទេ។ ផ្ទុយទៅវិញ បក្សប្រឆាំងដែលកៀងគរមនុស្សមកធ្វើរបងការពារលោកកឹម សុខា អាចនឹង មានបញ្ហាចៀសមិនផុត ដោយហេតុថា សាលារាជធានី បានព្រមានរួចហើយពីករណីស្ទះចរាចរណ៍ បង្កឱ្យបាត់បង់សណ្តាប់- ធ្នាប់សាធារណៈ។ បើអ្នកនយោបាយព្យាយាមប្រណាំងប្រជែងគ្នាបែបនេះ អ្នកវិភាគមើលឃើញថា មិនឈ្នះអ្នករត់ក្នុងទីភ្លឺ នោះទេ ប៉ុន្តែអ្នកចាញ់ដែលរត់ក្នុងទីងងឹត ជំពប់គល់ឈើបែកឈាមនោះ នៅតែកើតទុក្ខមិនសុខចិត្ត ក្រោកឡើងរត់តទៅ ទៀត រហូតដល់ដួលក្រោកលែងរួចក៏ថាបាន។

សង្គ្រាមនៅកម្ពុជា ជិត៣ទសវត្ស ដែលស្ងប់រលត់ទៅនោះ អ្នកធ្លាប់ឆ្លងកាត់បានឃើញយ៉ាងច្បាស់ថា កងទ័ពឧទ្ទាមខ្មែរ- ក្រហម ដែលសម្ងំធ្វើសកម្មភាពក្នុងព្រៃ មិនអាចយកប្រៀបលើកងកម្លាំងរដ្ឋាភិបាលបានឡើយ ដោយហេតុថា រដ្ឋាភិបាល នៅខាងភ្លឺ ចំណែកពួកឧទ្ទាមនៅខាងងងឹត។ លុះមានការបង្រួបបង្រួមជាតិ តម្រូវឱ្យពួកព្រៃចូលធ្វើសមាហរណកម្ម មកនៅ កន្លែងភ្លឺទាំងអស់គ្នានោះ ទើបបានឈ្នះទាំងអស់គ្នា លើមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស។ ទោះយ៉ាងណា ក៏អ្នករត់- ប្រណាំងមានឈាមជ័រជាខ្មែរដូចគ្នាទេ គួរតែមានការយោគយល់គ្នា កុំរត់ប៉ែងជើងគ្នា ឬថាបបួលគ្នារត់ពេលថ្ងៃវិញ កុំលេង ពេលយប់។ យុទ្ធសាស្ត្រនយោបាយសព្វថ្ងៃ បើមានការយោគយល់គ្នាជាភាតរភាព ម៉្លេះសមគ្មានអ្នករត់ជំពប់ជើងដួលនោះ ទេ ដែលជាលទ្ធផលនៃការបែកបាក់សាមគ្គីគ្នានេះឯង។ នៅប្រទេសគេដែលកំពុងកើតសង្គ្រាម ក៏មានការប្រជែងនយោបាយ លើផ្លូវភ្លឺ និងងងឹតដែរ ដូចនៅអ៊ីរ៉ាក់ លីប៊ី ស៊ីរី អាហ្វហ្គានីស្ថាន ជាដើម ដែលភាគីនៅខាងទីងងឹត មិនអាចយកប្រៀបលើ រដ្ឋាភិបាល ដែលនៅខាងភ្លឺ។

សរុបទៅ “អ្នករត់ក្នុងទីងងឹត ជំពប់ច្រើនដង” មានន័យយ៉ាងនេះឯង។ បក្សប្រឆាំង ដែលរត់ផ្លូវងងឹត យើងឃើញជំពប់ ដួលរហូត ខណៈដែលបក្សកាន់អំណាច មានការងាររលូនទៅមុខមិនដែលជួបឧបសគ្គអ្វីទេ។ ហេតុនេះ ដើម្បីឯកភាពជាតិ និងផលប្រយោជន៍ជាតិជាធំ លុះត្រាតែអ្នកនយោបាយរត់ប្រណាំងតាមផ្លូវភ្លឺទាំងអស់គ្នា ឬថា “ត្រឡាចវារទៅ ល្ពៅវារមក” ពោលគឺបោះទង បោះដៃទៅទាំងអស់គ្នា រាប់រកគ្នាជាបងប្អូន ទើបធានាថា នឹងគ្មានអ្នករត់ក្នុងទីភ្លឺ ឬទីងងឹតតទៅទៀត៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES