ទើបតែបោះជំហានចូលប្រឡូកសិល្បៈ បានជាងមួយឆ្នាំប៉ុណ្ណោះ នាងម៉ៃយ៉ា កូនកាត់ខ្មែរអាល្លឺម៉ង់ វ័យ២០ឆ្នាំ ដែលមានរូបឆោមល្អស្រស់គួរឱ្យចង់គយគន់នោះ ហាក់ស្ទុះឡើងកូដខ្លាំង នាពេលចុងក្រោយនេះ ដោយក្រសោបបានតំណែងតួកឯកនៅក្នុងខ្សែភាពយន្តជាបន្តបន្ទាប់។ ជាក់ស្តែង អំឡុងពេលនេះ នាងកំពុងសម្រុកថតខ្សែភាពយន្តជាតួឯក៣រឿងព្រមគ្នា ដូចជារឿង “កញ្ញាអម្ពិលផ្អែម”, “ទាយាទអាគម” និងរឿង “ក្រមុំឆ្នាស់” ហើយក៏ជាពិធីការិនីនៅក្នុងកម្មវិធីផ្សាយផ្ទាល់ “ប៉ូការីស្វេត” របស់ CNC ផងដែរ។
ខណៈដែលកំពុងឡើងកូដ ជាមួយនិងរូបសម្រស់ទាក់ទាញមានមន្តស្នេហ៍ផងនោះ មានដំណឹងថា កញ្ញាម៉ៃយ៉ា មានបុរសៗសម្បូរទ្រព្យជាច្រើន តាមចោមរោមថ្ពក់ស្នេហ៍។ ក្នុងនោះក៏មានឧកញ៉ាម្នាក់ ប៉ងបោះនុយធំស្ទូចចិត្តកាយនាងផងដែរ។ ពោលគឺបើនាងយល់ព្រមទទួលស្នេហ៍ ឧកញ៉ារូបនោះ ធានា ជ្រោមជ្រែងលើជីវិតនាងគ្រប់បែបយ៉ាង។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ តារារូបសម្រស់ឆើតឆាយ ម៉ៃយ៉ា បានទទួលស្គាល់ថា ពិតជាមានបុរសជាច្រើនតាមស្រលាញ់នាងមែន រួមទាំងមន្ត្រីធំ និងឧកញ៉ាផងដែរ។
ម៉ៃយ៉ា ប្រាប់ថា “ក្រោយពេលខ្ញុំលេងសិល្បៈមួយប្រាវកន្លងមកនេះ ពិតជាមានបុរសជាច្រើនតាមស្រលាញ់ខ្ញុំមែន គឺមានទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រីធំ និងឧកញ៉ាទៀតផង តែខ្ញុំពុំបានទទួលសំណើស្នេហ៍បុរសណាម្នាក់ទេ”។
ម៉ៃយ៉ា បន្ថែមថា “រឿងថា មានឧកញ៉ាចង់ចិញ្ចឹមអីហ្នឹង ពិតជាមានមែន តែខ្ញុំមិនចាប់អារម្មណ៍ទេ ហើយក៏មិនទទួលដែរ ព្រោះខ្ញុំមិនចង់បានស្នេហាបែបហ្នឹងទេ”។
តារារូបស្រស់សម្បូរប្រុសចោមស្នេហ៍នាង ម៉ៃយ៉ា បានអះអាងថា នាងបានច្រានចោលសំណើស្នេហ៍ជាបន្តបន្ទាប់ ព្រោះនាងខ្លាចជួបស្នេហាលោតឆត្រនាំឱ្យជួបទុក្ខព្រួយ ហើយបច្ចុប្បន្ននេះ គឺបេះដូងនាងនៅទំនេរស្អាត មិនទាន់ជំពាក់ស្នេហ៍លើបុរសណា ម្នាក់ឡើយ ខណៈដែលនាងកំពុងប្រឹងលេងសិល្បៈ កសាងកេរ្តិ៍ឈ្នោះ ឱ្យលេចធ្លោជាងនេះសិន។
ខណៗដែលកំពុងឡើងកូដ ឆក់បានតំណែងតួឯកជាបន្តបន្ទាប់ ក៏មានដំណឹងដែរថា ម៉ៃយ៉ា បានបន្ទាប តម្លៃខ្លួនចាប់យកឱកាសការងារទាំងនោះ ដើម្បីសាងកេរ្តិ៍ឈ្មោះល្បី។ ប៉ុន្តែ ម៉ៃយ៉ា បញ្ជាក់ថា នាងពុំបានបន្ថោកតម្លៃខ្លួនដូចការលេចឮនោះទេ។
ម៉ៃយ៉ា បន្ថែមថា “ការពិតខ្ញុំទទួលបានឱកាស ការងារទាំងនោះ តាមរយៈសមត្ថភាពនិងទេពកោសល្យ សិល្បៈរបស់ខ្ញុំ ពុំមែនដោយសារតែខ្ញុំបន្ទាបតម្លៃខ្លួននោះទេ ពោលគឺខ្ញុំទទួលបានតម្លៃខ្លួនគួរសមដូចតារាសម្តែងដទៃដែរ ហើយដំណឹងទាំងនេះ ទំនងជាលេចចេញពីក្រុមអ្នកច្រណែន និងចង់ឈ្នានីសខ្ញុំ”។
ស្របពេលកេរ្តិ៍ឈ្មោះកំពុងស្ទុះឡើងថ្មីៗនេះ ម៉ៃយ៉ា ក៏បានរបូតតំណែងតួឯកនៅក្នុងរឿង “ហង្ស បាក់ស្លាប” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ផង ដែរ ដែលមានពាក្យខ្សឹបខ្សៀវថា ដោយសារតែម៉ៃយ៉ា មានចំណុចខ្វះខាតមួយចំនួនមិនអាចថតភាពយន្តនោះបាន។ ប៉ុន្តែម៉ៃយ៉ា បានអះអាងថា ការរបូតតំណែងតួឯកនៅក្នុងរឿង “ហង្សបាក់ស្លាប” ពុំមែនពាក់ព័ន្ធនាងគ្មានសមត្ថភាពដូចពាក្យលេចឮនោះទេ។ ម៉ៃយ៉ា ថ្លែងទាំងមិនសប្បាយចិត្តថា “ការពិតគេបានរុះរើ អ្នកដឹកនាំផលិតរឿងនោះ ហើយតួសម្តែងសំខាន់ៗនៅក្នុងរឿងនោះក៏ត្រូវផ្លាស់ប្តូរជាច្រើនផងដែរ ពុំមែនតែខ្ញុំម្នាក់ឯងនោះទេ ហើយខ្ញុំក៏មិនសប្បាយចិត្តចំពោះរឿងនេះដែរ ព្រោះពេលផ្លាស់ប្តូរតួអង្គពុំបានផ្តល់ដំណឹងឱ្យខ្ញុំសូម្បីតែបន្តិច”។
យ៉ាងណា ម៉ៃយ៉ា អះអាងថា នាងមិនចង់បញ្ចោញប្រតិកម្មណាមួយចំពោះបញ្ហានេះទេ ព្រោះនាងមិនចង់ឱ្យមានបញ្ហាវែងឆ្ងាយ។ ម៉្យាងបើទោះបីគេហៅឱ្យនាងទៅថតរឿងនោះវិញ ក៏នាងមិនទទួលដែរ ត្បិតអី អំឡុងពេលនេះ នាងទទួលបានឱកាសការងារស្ទើរតែរើខ្លួនមិនរួចទៅហើយ។
ចំពោះរឿងប្រុសតាមចោមស្រលាញ់ ម៉ៃយ៉ា បញ្ជាក់ថា នាងមិនទទួលការឧបត្ថម្ភជ្រោមជ្រែងពីបុរសណាម្នាក់ នៅក្នុងផ្លូវស្នេហាឡើយ ខណៈដែលគ្រួសារ របស់នាងមានជីវភាពធូរធារ ដែលមានឪពុកជាដុកទ័រ នៅប្រទេសអាល្លឺម៉ង់ ហើយអំឡុងពេលនេះ នាងក៏មិនទាន់ចង់គិតពីរឿងមនោសញ្ចោនាស្នេហាដែរ គឺផ្តោតតែលើអាជីសិល្បៈមួយមុខប៉ុណ្ណោះ…៕ សុខ ស៊ីឡាង