Saturday, April 27, 2024
Homeតារាខ្មែរកែវ ពិសី ពង្រីកជំនួញ

កែវ ពិសី ពង្រីកជំនួញ

កែវ ពិសី អតីតតារាស្រីលេចធ្លោក្នុងឈុតខារ៉ាអូខេរបស់ផលិតកម្មចម្រៀងល្បីៗ បានប្រកាសតាមរយៈទំព័រ Facebook របស់អ្នកនាងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ អំពីការបើកសម្ពោធហាងលក់គ្រឿងក្លែម នៅសង្កាត់ភ្នំពេញថ្មី។

fb_img_1472657779424-1
អ្នកនាងបានប្រាប់ថា ហាងថ្មីនេះ ជាហាងរបស់អ្នកនាង បើទោះជាហាងនេះ មានយីហោថា “ស្រីពេជ្រ” ដែលមិនមែនជាឈ្មោះរបស់អ្នកនាងក៏ដោយ។ ពិសី បានអំពាវឱ្យអ្នកក្នុង និងក្រៅរង្វង់សិល្បៈ ជួយគាំទ្រហាងថ្មីនេះ។
ដោយភ្ជាប់មកជាមួយនូវរូបម្ហូបអាហារគួរឱ្យឆ្ងាញ់ពិសា ពិសី និយាយថា “សូមបងប្អូន និងមិត្តៗអញ្ជើញកុំខាន នៅក្នុងបុរីពិភពថ្មី ផ្សារឈូកមាស”។
ពិសី មិនបានប្រាប់ថា អ្នកនាងបានរៀបចំហាងនេះពីពេលណា និងចាយដើមទុនអស់ប៉ុន្មាននោះទេ តែបើតាមអ្នកក្បែរហាងពិសី ឱ្យដឹងថា តារារូបនេះ បានចំណាយប្រមាណ៣ម៉ឺនដុល្លារ ទៅលើការជួសជុលកែលម្អ និងបូករួមសម្ភារៈ ផ្សេងៗនៅក្នុងហាង។

fb_img_1472657782390
ទន្ទឹមនឹងនោះ ពិសី ត្រូវចំណាយប្រាក់មិនតិចជាង២ពាន់ដុល្លារ ជារៀងរាល់ខែទៅលើបុគ្គលិក និងឈ្នួលផ្ទះជាដើម ដូច្នេះ មានតែប្រឹងប្រមូលការគាំទ្រពីភ្ញៀវប៉ុណ្ណោះ ដែលអាចឱ្យហាងរបស់អ្នកនាងឈរជើងបានយូរ។
អ្នកខ្លះឆ្ងល់ថា ហេតុអ្វីតារាស្រីដែលអាចរស់នៅសោយសុខក្នុងឋានៈជាជំទាវម្នាក់នេះ ខំប្រឹងសន្សំកាក់ល្អិតខ្លាំងម៉្លេះ ហើយការឈ្មុលរបស់អ្នកនាង ថែមទាំងធ្វើឱ្យគេសង្ស័យថា អ្នកនាងប្រហែលជាបានបែកបាក់ពីស្វាមីផ្កាយ៤ ហើយទើបបានជាខំរកលុយចិញ្ចឹមជីវិតដោយខ្លួនឯង។
ប៉ុន្តែ យោងតាមអ្នកកៀកជិតនឹងតារារូបនេះ ឱ្យដឹងថា ពិសី នៅតែបន្ត រួមរស់ជាមួយលោកឧត្តមសេនីយ៍ឈុំ សុជាតិ ដដែល ហើយថា ការពង្រីកមុខរបររកស៊ីនេះ ជាចំណង់ចំណូលចិត្តរបស់អ្នកនាងតាំងពីដើមមកម៉្លេះ។

10858559_844574262261064_3280318563131706315_n
កែវ ពិសី និងលោកឈុំ សុជាតិ

ចាប់តាំងពីដកខ្លួនពីវិស័យសិល្បៈ អស់ពេលជិត១០ឆ្នាំកន្លងទៅនេះ កែវ ពិសី ធ្លាប់បានបោះទុនវិនិយោគបើកហាងលក់អាហារពេលយប់ម្តងដែរ ដែលហាងរបស់អ្នកនាងនាពេលនោះ មានទ្រង់ទ្រាយធំដុំជាងនេះឆ្ងាយ ប៉ុន្តែ ក៏បានដួលរលំទៅ។ ក្រោយមកអ្នកនាងក៏ត្រូវគេដឹងថា បានខាតទុនច្រើនផងដែរ ក្នុងមុខរបរដាំដំឡូង។
ក្រោយពីផ្អាករកស៊ីមួយរយៈ ពិសី បានវិលមកវិញ ក្នុងមុខជំនួញវិញ ដោយការផ្តើមពីតូច។ មុនបើកហាងគ្រឿងក្លែម អ្នកនាងបានបើកហាងអ៊ុតសក់ មួយកន្លែង ដែលនៅមិនឆ្ងាយប៉ុន្មានពីហាងអាហារនេះ។ គេឃើញហាងរបស់ អ្នកនាងមានភ្ញៀវដែលជាអ្នករស់នៅតំបន់នោះ ចេញចូលជាហូរហែ។
ពិសី សង្ឃឹមថា អ្នកនាងនឹងទទួលបានជោគជ័យ ក្នុងមុខរបរទី២នេះ ដូច របរទី១ដែរ។

fb_img_1461983646587
សូមរំលឹកថា ពិសី បានរួមរស់ជាមួយលោកនាយឧត្តមសេនីយ៍ (ផ្កាយ៤) រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែ មិនទាន់ឃើញរៀបការឱ្យគេបានចូលរួមអបអរ និងមិនទាន់មានកូននៅឡើយ។ អ្នកនាងរស់នៅផ្ទះវីឡា និងជិះរថយន្តទំនើប មានទាំង Range Rover និង Mazda…៕ ស្រីម៉ៅ

keo-pisey

RELATED ARTICLES