នៅតាមតំបន់លម្ហែកាយធំៗនៅក្នុងប្រទេសកម្ពុជា គេកត់សម្គាល់ឃើញមានការចរាចរណ៍លក់ដូរយ៉ាងសកម្មនូវផលិតផលកែច្នៃផ្សេងៗដែលអះអាងថាជារបស់ខ្មែរ ជាពិសេសដូចជាផលិតផលច្នៃពីឈើប្រណីត ពីប្រាក់ ពីសូត្រ និងរបស់ត្បូងថ្មមានតម្លៃជាច្រើនទៀត។ យ៉ាងណាមិញផលិតផលដែលមានចោទជាងគេសម្រាប់អ្នកទេសចរណ៍ដែលគេនៅតែឃើញគឺ ការបន្តលក់នូវគ្រឿងអលង្ការក្លែងក្លាយពីមាស និងត្បូងថ្មជាដើម ដែលត្រូវគេអះអាងជារបស់សុទ្ធរបស់ខ្មែរ តែការពិតក្លែងក្លាយនោះ។
មកទល់ពេលនេះគេនៅតែឃើញមានការរិះគន់ ដដែលពីក្រុមអ្នកដឹកនាំភ្ញៀវទេសចរណ៍ និងពីអ្នកទេសចរណ៍ដោយផ្ទាល់ ពាក់ព័ន្ធនឹងការលក់ដូចនូវរាល់ផលិតផលមិនសុទ្ធ ឬហៅថាក្លែងក្លាយនៅតាមតំបន់ដែលមានអ្នកទេសចរណ៍ចុះទៅកម្សាន្តច្រើន ដែលគេផ្ដោតខ្លាំងលើរាជធានីភ្នំពេញ និងខេត្តព្រះសីហនុនោះ។ ផលិតផលដែលបានដាក់លក់គេកម្រឃើញអាជីវករប្រើពាក្យថាមិនសុទ្ធ និងគ្មានគុណភាពខ្លាំងណាស់ ដោយសូម្បីតែផលិតសូត្រ ហូល ផាមួង និងគ្រឿងលម្អមានតម្លៃផ្សេងៗ ក៏ត្រូវបានអះអាងថាជាផលិតផលមានគុណភាពគ្មាន២ប្រចាំប្រទេសផងដែរ។ ការប្រកាសនេះគឺដើម្បីដាក់លក់អោយបានថ្លៃ និងដើម្បីអោយអ្នកទេសចរណ៍បានស្គាល់ពីផលិតផលកែច្នៃរបស់ខ្មែរម្ចាស់ស្រុក នៅតាមតំបន់ទេសចរណ៍។
យ៉ាងណាមិញ ក្នុងចំណោមអ្នកលក់ដូររបស់សុទ្ធៗទាំងនោះ គេឃើញអតិថិជនច្រើននាក់នៅឡើយ នៅតែបន្តលក់ផលិតផលក្លែងក្លាយទៅកាន់បណ្ដាភ្ញៀវទេសចរណ៍ដែលបណ្ដាលអោយមានការពេបជ្រាយ។ ផលិតផលអនុស្សាវរីយ៍ទាំងឡាយដែលបានដាក់លក់នៅតាមបណ្ដាអ្នកទេសចរណ៍ បើទោះជាមានការរិះគន់ក៏មានកម្រិតតិចនោះដែរ ប៉ុន្តែអ្វីដែលបញ្ហាចោទខ្លាំងគឺការលក់ដូរនូវរាល់ប្រភេទគ្រឿងអលង្ការដែលពីមាស និងត្បូង ដែលជាវត្ថុក្លែងក្លាយ ហើយបែរជាបានដាក់យីហោថាសុទ្ធ ដែលធ្វើអោយមានការតវ៉ាពីអ្នកទេសចរណ៍ដដែលជាដដែល។ ក្រុមអ្នកទេសចរណ៍ខ្លះបានទាំងបង្ហាញការតវ៉ានោះផង បន្ទាប់ពីបានដឹងថាគ្រឿងអលង្ការដែលពួកគេបានទិញ ជាវត្ថុក្លែងក្លាយ។ ម្ចាស់គ្រឿងអលង្ការទាំងនោះត្រូវគេឃើញបន្តលក់បន្លំនូវគ្រឿងកែច្នៃមិនសុទ្ធគគ្លើននឹងកំណត់ទូតដែលធ្លាប់ជូនដំណឹងដោយស្ថានទូតមួយចំនួន បន្ទាប់ជនជាតិទាំងនោះតវ៉ារឿងគ្រឿងអលង្ការដែលពួកគេបានទិញគឺ ជារបស់ក្លែងក្លាយ។ ក្នុងនោះវត្ថុអនុស្សាវរីយ៍ពីប្រាក់ និងឈើប្រណីតក៏រងការរិះគន់ផងដែរ ដោយគ្រាន់តែអ្នកទិញដូរវត្ថុទាំងនោះបានត្រឹមតែរអ៊ូរទាំ តែមិនមានការតវ៉ា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានទទួលស្គាល់លើបញ្ហានេះ និងបានរិះគន់ចំៗទៅលើអ្នកលក់គ្រឿងអលង្ការដែលនៅបន្តបោកប្រាស់ភ្ញៀវទេសចរបរទេសធ្វើអោយមានាររិះគន។ លោកនេះជាការរកស៊ីដែលខ្វះភាពស្មោះត្រង់ និងធ្វើអោយខូចឈ្មោះធ្ងន់ធ្ងរសម្រាប់អ្នកលក់ដូររបស់ពិត ក្នុងពេលដែលវត្ថុក្លែងក្លាយទាំងនោះមានតម្លៃរហូតដល់រាប់រយដុល្លារ តែភ្ញៀវដែលបានចំណាយលុយបែរជាបានរបស់មិនសុទ្ធ។ លោកក៏បានថ្កោលទោសចំពោះអ្នកលក់ដូរដែលបានបោកប្រាក់អ្នកទេចរណ៍តាមរយៈការបំផ្លើសតម្លៃទំនិញ ដូចជាតម្លៃត្រង់លក់ត្រឹមតែ៣០០ដុល្លារសោះ តែបែរជាដំឡើងដល់៥០០ដុល្លារជាដើម ដោយសារតែឃើញអ្នកទេសចរណ៍មានបំណងចង់បានរបស់នោះអីជាដើមផងដែរ។
លោកមានប្រសាសន៍ថា «ជារឿងសោកស្ដាយដែលគ្រឿងអលង្ការក្លែងក្លាយនៅតែកើតឡើងដដែលៗច្រើនឆ្នាំមកនេះ។ គ្រឿងអលង្ការក្លែងក្លាយបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិមែនទែន។ យើងត្រូវបញ្ឈប់ទាំងអស់គ្នាក្នុងឆ្នាំនេះ សម្រាប់ការចរាចរណ៍នូវគ្រឿងអលង្ការក្លែងក្លាយ»។ លោកបានបន្តថា កន្លងមកការលក់បោកប្រាស់ភ្ញៀវបែបនេះបានធ្វើឱ្យបណ្ដាអ្នកទេសចរណ៍រិះគន់ និងអាចយកទៅនិយាយពីមាត់មួយទៅមាត់មួយបណ្ដាលអោយប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាខូច និងធ្វើអោយប៉ះពាល់ដូចគ្នាដល់អ្នកលក់ដូរផលិតពិតៗដែលគេរកស៊ីត្រឹមត្រូវ។ លោកស្ថានទូតកាន់តែច្រើនបានផ្ដល់ត្រលប់មកវិញនូវព័ត៌មានពីការរិះគន់ទាំងនោះ ហើយលោកនៅតែសម្ដែងការសោកស្ដាយដែលស្ថានភាពរបស់ក្លែងក្លាយនៅតែកើតមានមិនចប់ បើទោះជាមានការទទូចពីសំណាក់ស្ថាប័នពាក់ព័ន្ធ។
លោកថាសកម្មភាពបែបនោះមានការពិបាកទប់ស្កាត់ ដោយសារតែរាល់ពេលចុះត្រួតពិនិត្យគេឃើញអាជីវករដាក់តាំងតែផលិតផលសុទ្ធៗដែលមានគុណភាពប៉ុណ្ណោះ ប៉ុន្តែដល់ពេលលក់ចេញទៅស្ថានភាពក្លែងបន្លំត្រូវបានធ្វើឡើង។ ក្រសួងការបរទេសក៏ធ្លាប់បានជជែកជាមួយលោកពីបញ្ហានេះផងដែរ ប៉ុន្តែលោកថាពាក់ព័ន្ធនឹងបញ្ហានេះបើគ្មានការចូលរួមពីពលរដ្ឋគឺមិនអាចបញ្ចប់។
លោករដ្ឋមន្ត្រីនិយាយថា «ក្រោយពីយើងធ្វើការងារជាមួយគ្នា យើងរកឃើញថា អ្នកលក់ផលិតផលក្លែងក្លាយមួយចំនួនបានត្រឹមសុំទោស និងសងប្រាក់ទៅគេវិញ តែសម្រាប់ក្រសួងក្រសួងយល់ថាបញ្ហានេះគឺមិនគួរកើតមានបន្តទៀតនោះទេ!»។ លោកថាក្រៅពីប្រាសាទ និងភាពសំបូរបែបនេះលក្ខណៈធម្មជាតិ ផលិតផលសិប្បកម្មដែលកែច្នៃដោយខ្មែរក៏មានឥទ្ធិពលខ្លាំងក្លាណាស់ដែរក្នុងការទាក់ទាញអ្នកទេសចរណ៍រាល់ពេលចុះមកម្ដងៗ។ អ៊ីចឹងហើយទើបលោកទទូចកុំអោយមានការចង់ចំណេញ ហើយបន្តលក់វត្ថុមិនសុទ្ធ មិនមានគុណភាព ជាពិសេសគឺគ្រឿងអលង្ការក្លែងក្លាយធ្វើអោយខូចឈ្មោះប្រទេសនោះ។ លោកបន្តថា អ្នកទេសចរបរទេសបានចំណាយយ៉ាង ហោច25% លើការចំណាយសរុបរបស់ពួកគេរាល់ពេលចុះមកលេងប្រទេសកម្ពុជាម្ដងៗ ដែលការចំណាយនេះក៏មិនក្រោម500លានដុល្លារនោះដែរ៕
ដោយ ៖ ប៉េង លី