Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិរយៈពេល​៨ខែ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ជាង​៤០០​ភាគ​រយ

រយៈពេល​៨ខែ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ជាង​៤០០​ភាគ​រយ

ភ្នំពេញ ៖ ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៨ខែឆ្នាំនេះ មានទំហំរហូតដល់៧២១៨លានដុល្លារអាមេរិក កើនឡើងជាង៤០០ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាអ្វីដែលអ្នកវិភាគក្នុងវិស័យនេះមើលឃើញថា ការរីកចំរើនក្នុងវិស័យសំណង់នឹងបន្តកំនើនយ៉ាងរឹងមាំ។

ឯកឧត្តមប៉ែន សុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងប្រាប់អ្នកសារព៌តមាន ក្នុងពិព៌ណឧស្សាហកម្មសំណង់លំដាប់អន្តរជាតិនាព្រឹកថ្ងៃទី៨ កញ្ញានេះថា   ទុនវិនិយោគក្នុងវិស័យសំណង់ ឆ្លុះបញ្ចាំងពីការរីកចំរើនរបស់វិស័យនេះ ដែលគាំទ្រដោយអ្នកវិនិយោគជាតិ និងអន្តរជាតិ។ឯកឧត្តមបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាង៨០០ដែលបានវិនិយោគ និងធ្វើការពាក់ព័ន្ឋក្នុងវិស័យនេះ ក្នុងនោះក្រុមហ៊ុនសិក្សាគំរោងប្លង់ និងសាងសង់មានជាង២០០ក្រុមហ៊ុន។

ឯកឧត្តមបន្តថា “វិស័យនេះនឹងបន្តរក្សាកំណើនដោយរឹងមាំ ដោយសារចំនួនប្រជាពលរដ្ឋចូលរស់នៅក្នុងទីក្រុង កើនឡើងប្រមាណ១ភាគរយប្រចាំឆ្នាំ ដែលធ្វើឲ្យមានតម្រូវការលំនៅដ្ឋានថ្មីៗកាន់តែច្រើន ជាក់ស្តែងតាមការសិក្សារបស់ក្រសួងកាលពីឆ្នាំ២០១៤បានរកឃើញថា ប្រជាពលរដ្ឋរស់នៅទីក្រុងមាន៣០ភាគរយ និងកើនដល់៤៤ភាគរយនៃប្រជាជនសរុបនៅឆ្នាំ២០៣០ខាងមុខ”។

ឯកឧត្តមប៉ែន សុផលបានបន្តថា ការសាងសង់ និងវិនិយោគក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានការរីកចំរើនយ៉ាងខ្លាំង ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលបានបើកចំហ ដែលទាក់ទាញបាននូវអ្នកជំនាញ និងអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ឯកឧត្តមបន្តថា ចាប់តាំងពីឆ្នាំ២០០៧កន្លងមកតំលៃដីធ្លីបានកើនឡើងចន្លោះពី២ភាគរយ ដល់២០ភាគរយនៅតាមតំបន់មួយចំនួន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ។

ទាក់ទងនឹងពិព៌ណឧស្សាហកម្មសំណង់នាព្រឹកថ្ងៃដដែលនេះ ឯកឧត្តមប៉ែន សុផលបានថ្លែងថា ពិព៌ណនេះមានសារៈសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងពីការរីកចំរើនវិស័យសំណង់ និងអចលវត្ថុនៅកម្ពុជា ហើយក៏ជាឳកាសដ៏សំខាន់ដែលក្រុមហ៊ុននានាអាចធ្វើសហប្រតិបត្តិការជាមួយគ្នា និងអាចទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា។

លោកPeter Massey នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន

TARSUS GROUPដែលបានរៀបចំពិព៌ណនេះបានថ្លែងថា វិស័យសំណង់ និងអចលវត្ថុនៅកម្ពុជាពិតជាមានការរីកចំរើនយ៉ាងខ្លាំង ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាច្រើនមកចូលរួមតាំងពិព៌ណលំដាប់អន្តរជាតិនេះ។ ពិព៌ណនេះមានក្រុមហ៊ុនជាង៤០០ចូលរួមបង្ហាញផលិតផលរបស់ពួកគេ ដើម្បីស្វែងរកដៃគូសហការ ក៏ដូចជា ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗចូលមកកាន់ប្រទេសនេះ។លោកបន្តថា ក្រុមហ៊ុនដែលចូលរួមក្នុងពិព៌ណអន្តរជាតិនេះ មានមកពីប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរី កូរ៉េ អអ់គ្លេស សហរដ្ឋអាមេរិក ជប៉ុន និងក្រុមហ៊ុនមកពីប្រទេសជាច្រើនទៀត។

លោកមាស ព្រឹក្សាតំណាងអ្នកឧកញ៉ាពុង ឃាវសែប្រធានសមាគមអ្នកសាងសង់កម្ពុជាបានថ្លែងថា ពិព៌ណនេះជាការបង្ហាញនូវសម្ភារៈបរិក្ខា ឧបករណ៍នានានិងគំរោងវិនិយោគថ្មីៗជាច្រើន ដែលបានរួមចំណែកបំរើដល់វិស័យសំណង់ និងអចលនវត្ថុកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ដែលយើងឃើញវត្តមានអាគារខ្ពស់ៗ កប់ពពកស្អេកស្កះលូតឡើងជារៀងរាល់ថ្ងៃនៅទីក្រុងភ្នំពេញ។

លោកបន្តថា វិស័យនេះបានក្លាយជាវិស័យស្នូលដ៏សំខាន់ ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិបន្ទាប់ពីវិស័យវាយណភ័ណ្ឌ ដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំនើនយ៉ាងរឹងមាំ និងធ្វើឲ្យសកម្មភាពពាណិជ្ជកម្មកម្ពុជា កាន់តែមានការរីកចំរើនបន្ថែមទៀត៕

គង់ លាងហួរ

RELATED ARTICLES