Friday, April 26, 2024
Homeព័ត៌មានជាតិក្រសួង​អប់រំ ប្រារឰ​ទិវា​អក្ខរ​កម្ម​ជាតិ​-​អន្តរ​ជាតិ ក្រោម​ប្រធាន​បទ “អក្ខរ​កម្ម​ជួយ​ បង្កើន​សេដ្ឋ​កិច្ច​គ្រួសារ​”

ក្រសួង​អប់រំ ប្រារឰ​ទិវា​អក្ខរ​កម្ម​ជាតិ​-​អន្តរ​ជាតិ ក្រោម​ប្រធាន​បទ “អក្ខរ​កម្ម​ជួយ​ បង្កើន​សេដ្ឋ​កិច្ច​គ្រួសារ​”

ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រារឰទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី១៦ ក្រោមប្រធានបទ “អក្ខរកម្មជួយ បង្កើនសេដ្ឋកិច្ចគ្រួសារ” នៅបុរីវប្បធម៌កោះសំពៅមាស លើទឹកដីខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។

ថ្លែងនៅក្នុងពិធីនោះ លោកហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា អក្ខរកម្មមិនគ្រាន់តែ ធ្វើឱ្យអ្នកសិក្សាចេះអាន ចេះសរសេរ ចេះ និយាយបានត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងធ្វើ ឱ្យចេះរកប្រាក់ចំណូលចិញ្ចឹមជីវិតខ្លួនឯងផង និងក្រុមគ្រួសារផង ពិសេសកែលម្អកម្រិតជីវភាព រស់នៅឱ្យកាន់តែប្រសើរឡើង។ មិនត្រឹមតែ ប៉ុណ្ណោះ អក្ខរកម្ម រួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្ស២០១៦២០៣០ និង ដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្មទៅនឹងការ សិក្សាពេញមួយជីវិត ពិសេសឈានទៅសម្រេច បាននូវគោលដៅថ្មី គឺប្រែក្លាយពលករដែល ប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញ វិជ្ជាជីវៈ តាម “យុទ្ធសាស្ត្រ កំណើនថ្មី” របស់ កម្ពុជា។

ក្នុងឱកាសទិវាអក្ខរកម្មជាតិអន្តរជាតិ លើកទី១៦នេះដែរ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារ លិខិតជូនចំពោះជនរួមជាតិ ដោយបង្ហាញនូវ វឌ្ឍនភាពដែលកម្ពុជាខិតខំសម្រេចបាន ពាក់ព័ន្ធនឹងវិស័យអប់រំ ដើម្បីជំរុញឱ្យមានអត្រា អក្ខរកម្មខ្ពស់ក្នុងចំណោមប្រជាជនកម្ពុជា។

សារលិខិតរបស់សម្តេចហ៊ុន សែន ចុះថ្ងៃ ទី០៩ ខែសីហា ឆ្នាំ២០១៦ មានខ្លឹមសារថា “ក្នុងឱកាសដ៏មហោឡារិកនៃទិវាអក្ខរកម្មជាតិអន្តរជាតិ ០៨ កញ្ញា នេះ ទូលបង្គំ ខ្ញុំព្រះករុណា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្ស យ៉ាងក្រៃលែង និងសូមចូលរួមគាំទ្រយ៉ាង រីករាយជាមួយបងប្អូនជនរួមជាតិ អស់លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក អប់រំ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ ចំពោះការរៀបចំប្រារឰទិវាដ៏មានសារសំខាន់ ដែលជាមោទនភាពដ៏ខ្ពង់ខ្ពស់របស់កម្ពុជា ក្នុង ទិសដៅកសាង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងគុណធម៌ រួមចំណែក កសាងសង្គមកម្ពុជា ឱ្យកាត់តែរីកចម្រើនរុងរឿង។ ក្នុងស្មារតីនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូម ថ្លែងនូវសារលិខិតថ្វាយ និងប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ជូនជនរួមជាតិ អស់លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ព្រមទាំងក្មួយៗសិស្សានុសិស្ស ជាទីស្រលាញ់ អំពីឆន្ទៈនិងបុព្វហេតុ ក្នុងការបន្តលើកកម្ពស់ការងារនេះឱ្យកាន់តែល្អ ប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កម្ពុជាយើង និងមនុស្សជាតិទាំងមូល។ ឆ្នាំមុននេះ កម្ពុជាបាន ធ្វើយុទ្ធនាការអក្ខរកម្មជាតិពេញមួយឆ្នាំ ដោយ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ប្រការ នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមអនុវត្តយុទ្ធនាការអក្ខរកម្មជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការយូណេស្កូ និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ព្រះសង្ឃ បញ្ញវន្ត សិស្ស និស្សិត និងក្រុមយុវជនស្ម័គ្រចិត្តនៅទូទាំងប្រទេស។

ទិវាអក្ខរកម្មជាតិអន្តរជាតិ ០៨ កញ្ញា ជាទិវាមួយមានអត្ថន័យដ៏ឧត្តុង្គឧត្តម សម្រាប់ ប្រទេសជាតិយើង ក៏ដូចជាពិភពលោកទាំងមូល ពីព្រោះអក្ខរកម្ម ជាគន្លឹះនៃការអភិវឌ្ឍ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយទិវានេះជាការរំព្ញកយើងថា យើងមាន ភារកិច្ចចម្បងចាំបាច់ច្រើនទៀត ដើម្បីជំរុញឱ្យ មានអត្រាអក្ខរកម្មខ្ពស់ក្នុងចំណោមប្រជាជន កម្ពុជា ក៏ដូចជាទទួលបាននូវការសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរបស់ខ្លួនក្នុងឆ្នាំ២០១៦២០៣០ ដែលជាគោលដៅផ្តោតទៅលើបញ្ហា សំខាន់ៗដូចជា បញ្ហាសមធម៌ គុណភាពអប់រំ និងទស្សនាទាននៃការរៀនសូត្រពេញមួយជីវិត។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់ ដោយប្រើប្រាស់សក្តានុពល សមត្ថភាព លទ្ធភាព និងកាលានុវត្តភាព ក្នុងការ លើកកម្ពស់ការងារអក្ខរកម្មនេះ ពិសេសបង្ក លក្ខណៈអំណោយផលល្អដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យបានចូលរួមកាន់តែសកម្មខ្លាំងក្លាក្នុងការងារ នេះ ដើម្បីបន្តដំណើរលើមាគ៌ាឆ្ពោះទៅកាន់ វឌ្ឍនភាពដ៏រុងរឿងនៃសង្គមជាតិកម្ពុជាយើងទាំងមូល។

ការខិតខំប្រឹងប្រែងរបស់មន្ត្រីអប់រំគ្រប់ លំដាប់ថ្នាក់ ក្នុងការធ្វើកំណែទម្រង់លើវិស័យ អប់រំយុវជន និងកីឡា បានធ្វើឱ្យវិស័យនេះ មានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល។ ឆ្នាំនេះ ទិវាអក្ខរកម្មជាតិអន្តរជាតិ ០៨ កញ្ញា ត្រូវបានប្រារឰឡើងក្រោមប្រធានបទ “អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ”។ ប្រធានបទ នេះ ឆ្លុះបញ្ចាំងឱ្យឃើញថា អក្ខរជនដែលចេះ ជំនាញ មុខរបរងាយៗ មានសមត្ថភាពស្វែងយល់ និងវិភាគនូវព័ត៌មានសម្បូរបែប និងធ្វើឱ្យជីវិតកាន់តែប្រសើរជាងមុន តាមរយៈការ បង្កបង្កើនផល ការដាំដំណាំ បន្លែបង្ការ និងការ ចិញ្ចឹមសត្វ ព្រមទាំងចេះច្នៃបង្កើតនូវសម្ភារៈ ប្រើប្រាស់ក្នុងស្រុកថែមទៀតផង។ ប្រការនេះ បង្ហាញថា អក្ខរកម្មមិនគ្រាន់តែធ្វើឱ្យអ្នកសិក្សា ចេះអាន ចេះសរសេរ ចេះនិយាយបានត្រឹមត្រូវ នោះទេ ថែមទាំងធ្វើឱ្យចេះរកប្រាក់ចំណូល ចិញ្ចឹមជីវិតខ្លួនឯងផង និងក្រុមគ្រួសារផង។

ជារួម យើងបានយល់ច្បាស់ណាស់ថា មាន អក្ខរកម្ម ទើបមានចំណេះដឹង មានចំណេះធ្វើ និងមានការអភិវឌ្ឍ ពោលគឺអក្ខរកម្ម ផ្តល់នូវ  ជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុង ការប្រកបមុខរបរចិញ្ចឹមជីវិត ព្រមទាំងបន្ត កែលម្អកម្រិតជីវភាពរស់នៅកាន់តែប្រសើរ ឡើង។ ម៉្យាងទៀត អក្ខរកម្ម ធ្វើឱ្យយើងចេះគិត ពិចារណា និងសម្រេចចិត្តបានត្រឹមត្រូវ ពិសេស អក្ខរកម្ម បង្កលក្ខណៈឱ្យអក្ខរជនបានយល់ដឹង  និងស្វែងយល់នូវព័ត៌មានសម្បូរបែប ទាំងក្នុង និងក្រៅប្រទេស ដើម្បីជាទុនក្នុងការត្រិះរិះ ពិចារណា និងរៀបចំដំណើរជីវិតរបស់ពួកគេ ទៅអនាគត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ការងារ អក្ខរកម្ម និងជំរុញមនសិការរបស់បងប្អូនជន រួមជាតិយើងទាំងអស់ រួមគ្នាលើកកម្ពស់ការងារ នេះឱ្យកាន់តែប្រសើរ និងឈានទៅលុបបំបាត់ អនក្ខរភាពរបស់ប្រជាជនយើងនៅពេលអនាគត”។

សារលិខិតសម្តេចនាយករដ្ឋមន្ត្រី បានបន្ត ថា “ដោយឡែក ក្នុងឱកាសដ៏ល្អប្រពៃនេះ  ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិអន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា និងប្រជាពលរដ្ឋ ទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រ  យ៉ាងសកម្មដល់ការងារអក្ខរកម្ម នាពេលកន្លង មក។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ការប្រារឰ ទិវាអក្ខរកម្មជាតិអន្តរជាតិ ០៨ កញ្ញា នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នាឱ្យ ចូលរួមក្នុងការងារនេះ កាន់តែសកម្មថែមទៀត។

សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជា ទីសក្ការៈ បងប្អូនជនរួមជាតិជាទីស្នេហា!

ដើម្បីឈានទៅសម្រេចបានក្នុងគោលដៅអភិវឌ្ឍសហស្សវត្សដោយចីរភាព ឆ្នាំ២០៣០ និងដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្មទៅនឹងការ សិក្សាពេញមួយជីវិត ពិសេសឈានទៅសម្រេច បាននូវគោលដៅក្នុងបរិការណ៍ថ្មី គឺប្រែក្លាយ ពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើ ប្រាស់ជំនាញតាម “យុទ្ធសាស្ត្រកំណើនថ្មី” របស់ កម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់ស្ថាប័នជាតិអន្តរជាតិ សហគមន៍ និង ពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្ត ទៀតដល់ការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

ក្នុងស្មារតីនេះ ដើម្បីបន្តចូលរួមលើកកម្ពស់ ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវដូចតទៅ ៖

ទី១សមាជិក សមាជិការាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពេលចុះបំពេញ ការងារតាមមូលដ្ឋាន ត្រូវឆ្លៀតចុះឱ្យដល់ថ្នាក់  អក្ខរកម្ម មជ្ឈមណ្ឌលសិក្សាសហគមន៍ ដើម្បី លើកទឹកចិត្ត និងរួមចំណែកដោះស្រាយរាល់ សំណូមពររៀនសូត្រតាមស្ថានភាពជាក់ស្តែង។

ទី២អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការជំរុញណែនាំប្រជាពលរដ្ឋដែលមិនបានរៀនសូត្រឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី តាមថ្នាក់រៀនអប់រំក្រៅប្រព័ន្ធ តាមគ្រប់រូបភាព ពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋដែលជាជនពិការ ឱ្យទទួលបាន លទ្ធភាពក្នុងការសិក្សារៀនសូត្រ។

ទី៣មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ត្រូវបង្កើនឆន្ទៈ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន ដើម្បីចូលរួមលើកកម្ពស់ការងារអប់រំទាំងក្នុងនិងក្រៅប្រព័ន្ធ ឱ្យ មានការអភិវឌ្ឍឈានឡើងទាំងផ្នែកបរិមាណ និងគុណភាព ហើយត្រូវសកម្មផុសផុលចូលរួម ក្នុងការងារកំណែទម្រង់វិស័យអប់រំ។ ក្នុងស្មារតី នេះ ខ្ញុំនៅតែចង់គូសបញ្ជាក់ម្តងហើយម្តងទៀត ថា “ការកែទម្រង់រស់ មិនកែទម្រង់គឺស្លាប់”។

ទី៤ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមមាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋ និងឯកជន សូមជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីអានុភាព នៃការងារអក្ខរកម្ម ដល់ប្រជាពលរដ្ឋយើង ដើម្បី ឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ ពោលគឺ “អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ”។

ទី៥ក្មួយៗជាសិស្ស និស្សិត តាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន កាយប្ញទ្ធិ និងក្រុមយុវជនកាកបាទក្រហមកម្ពុជា ត្រូវសកម្មចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្ត ដល់អ្នកមិនចេះអក្សរ នៅតាមថ្នាក់អក្ខរកម្ម និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលស្ថិតក្នុង មូលដ្ឋានរបស់ក្មួយៗរស់នៅ។ ចំណែកបងប្អូន ជនរួមជាតិដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយជំរុញបងប្អូនកូនចៅឱ្យបាន ចូលរៀនតាមសាលារៀនចំណេះទូទៅគ្រប់ៗ គ្នា។ ដោយឡែក ក្មួយៗនិងបងប្អូនដែលពុំទាន់ ចេះអក្សរ ឬបោះបង់ការសិក្សា ចូរខិតខំប្រឹងប្រែងរៀនសូត្រនៅតាមថ្នាក់អក្ខរកម្ម ថ្នាក់ សមមូល និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែល នៅជិតភូមិឋានរបស់ខ្លួន។

ទី៦វត្តអារាម និងវិហារសាសនានានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនា អប់រំអំពីសារប្រយោជន៍នៃការរៀនសូត្រ។

ទី៧ដៃគូអភិវឌ្ឍន៍ ពិសេសអង្គការមិនមែន រដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូ ដោយជួយឧបត្ថម្ភគាំទ្រដល់កម្មវិធី អប់រំក្រៅប្រព័ន្ធ ពិសេសកម្មវិធីអក្ខរកម្ម ផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈ ឱ្យមានដំណើរការល្អ ជាប់ជាប្រចាំ។

ទី៨ប្រធានរោងចក្រ សហគ្រាស និង ក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្ម គួបផ្សំជាមួយថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈ ផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជា ប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើង ទាំងអស់គ្នាត្រូវចងចាំថា “មានអក្ខរកម្ម មាន ការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ”, “មានអក្ខរកម្មនាំឱ្យសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើន”, “មានអក្ខរកម្ម នាំឱ្យសង្គមជាតិកាន់តែ អភិវឌ្ឍ និងមានភាពសុខដុម”។

ក្នុងស្មារតីនៃការខិតខំប្រឹងប្រែងអនុវត្ត ការងារទាំងអស់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា សង្គមជាតិរបស់យើង កាន់តែទទួលបាននូវអត្រាកំណើនអក្ខរកម្ម ព្រមទាំងបន្តលើកកម្ពស់ចំណេះដឹង ជំនាញ វិជ្ជាជីវៈ ការអភិវឌ្ឍសមត្ថភាព ជីវភាពរស់នៅ ក្នុងគ្រួសារ ឱ្យប្រកបដោយភាពរឹងមាំ មាន សេចក្តីថ្លៃថ្នូរ ហើយសង្គមសេដ្ឋកិច្ចជាតិទាំងមូល កាន់តែមានការអភិវឌ្ឍផងដែរ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានជំនឿនិងក្តីសង្ឃឹមយ៉ាង មុតមាំចំពោះ សម្តេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ អស់លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នឹងចូល រួមយ៉ាងសកម្មទាំងអស់គ្នាលើការងារអក្ខរកម្ម នេះ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិស ទិវាអក្ខរកម្មជាតិអន្តរជាតិ ៨ កញ្ញា ២០១៦ ក្រោមប្រធានបទ “អក្ខរកម្មជួយបង្កើនសេដ្ឋកិច្ចគ្រួសារ” ឱ្យពង្រឹងបានបន្ថែមទៀតនូវឆន្ទៈ ប្តូរផ្តាច់របស់ប្រជាពលរដ្ឋកម្ពុជាយើង និងការ យកចិត្តទុកដាក់ខ្ពស់ជាប្រចាំ លើការងារអក្ខរកម្ម នៅទូទាំងព្រះរាជាណាចក្រកកម្ពុជាយើង។

ជាទីបញ្ចប់ ទូលបង្គំ ខ្ញុំព្រះករុណា សូម ថ្វាយព្រះពរនិងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនពរជនរួម ជាតិ អស់លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ សូមប្រកបដោយពុទ្ធពរបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕

ដោយ ៖ ដារិទ្ធ

 

 

RELATED ARTICLES