អុីវ៉ា ជាអ្នកចម្រៀងម្នាក់ដែលផលិតកម្មសាន់ដេ បានយឹតយោងពីគ្មានអ្នកស្គាល់ មកក្លាយជាតារាស្រីល្បីឈ្មោះម្នាក់ប្រដមប្រសងនឹងគេឯង។ ក៏ប៉ុន្តែ រយៈពេលប្រហែលពីរឆ្នាំចុងក្រោយ នាងមិនសូវមានបទចម្រៀងលេចធ្លោ ដែលធ្វើឱ្យនាងបាត់ឱកាសរកប្រាក់ច្រើនសន្ធឹកពីកម្មវិធីប្រគំតន្ត្រីនានា។
អ្នកចម្រៀងកូនកាត់ស្រឡាយចិនម្នាក់នេះ ប្រុងរត់ចោលផលិតកម្មសាន់ដេ ម្តងហើយ កាលពីឆ្នាំមុន ក្រោយពីជ្រកក្រោមទ្រនំនេះអស់ពេល៥ឆ្នាំ តែបន្ទាប់ពីមានការសម្របសម្រួល និងទំនងក្រុមហ៊ុនសន្យាប្រឹងលើកស្ទួយនាងឡើងវិញផង អុីវ៉ា បានសម្រេចចិត្តបន្តនៅផលិតកម្មសាន់ដេ ចំនួន៣ឆ្នាំទៀត រហូតដល់ឆ្នាំ២០១៨។
អ្នកស្និទ្ធនឹងអុីវ៉ា បានប្រាប់ “អង្គរធំ” ក្នុងជំនួបមួយ នាពេលថ្មីៗនេះថា “១ឆ្នាំហើយ គេមិនឃើញមានអ្វីប្រែប្រួលទេ”។ លោកសំដៅលើកេរ្តិ៍ឈ្មោះរបស់អុីវ៉ា ចាប់តាំងពីនាងចុះកិច្ចសន្យាថ្មីជាមួយសាន់ដេ។
ដោយសុំមិនបញ្ចោញឈ្មោះ បុរសមាឌធំ សម្បុរសរូបនោះ បានបន្តថា “អុីវ៉ា ខកចិត្តខ្លាំង ហើយនាងសម្លឹងរកកន្លែងថ្មីបណ្តើរៗ ដោយមិនស្ទាក់ស្ទើរប្តូរចិត្តដូចមុនទៀតទេ។ ម្តងនេះ ទៅមែនទែនហើយ!”។
ប៉ុន្តែ គេមិនទាន់ដឹងថា អុីវ៉ា នឹងសម្រេចចិត្តទៅជ្រកក្រោមទ្រនំថ្មីមួយណា ហើយនៅពេលណាឱ្យប្រាកដនៅឡើយទេ។ ដោយប្រភពនោះ គ្រាន់តែបញ្ជាក់ថា បើនៅគ្មានអ្វីប្រែប្រួលក្នុងអាជីពចម្រៀង អុីវ៉ា ថែមទាំងអាចចរចាជាមួយក្រុមហ៊ុនសុំបញ្ចប់កិច្ចសន្យាមុនពេលកំណត់ទៀតផង។
“អង្គរធំ” បានព្យាយាមទាក់ទងទៅអុីវ៉ា ដើម្បីសុំបំភ្លឺទាក់ទងនឹងរឿងនេះ ប៉ុន្តែ ទូរស័ព្ទដែលនាងធ្លាប់ប្រើមិនអាចទទួលការហៅចូល។ ចំណែកឪពុករបស់នាងដែលតែងតែចេញមុខនិយាយជំនួសកូនស្រី មិនទទួលទូរស័ព្ទទេ កាលពីចុងសប្តាហ៍មុន។
ដោយឡែកតំណាងផលិតកម្មសាន់ដេ ប្រាប់ថា ក្រុមហ៊ុននៅមិនទាន់ឃើញការស្នើសុំណាមួយពាក់ព័ន្ធនឹងកិច្ចសន្យាថ្មីរបស់អុីវ៉ា នៅឡើយ។
លោកឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅ ដែលជាកូនថៅកែផលិតកម្មនេះ លើកឡើងថា អុីវ៉ា នៅតែជាអ្នកចម្រៀងរបស់ផលិតកម្ម ហើយលោកមិនបានដឹងពីគម្រោងរបស់នាងទេ។ លោកថា ខាងក្រុមហ៊ុននៅតែបន្តសម្រិតសម្រាំងបទថ្មីៗទៀតសម្រាប់អ៊ីវ៉ា។
ក្រៅពីបញ្ហាកេរ្តិ៍ឈ្មោះដែលនៅទ្រឹងកន្លងទៅនេះ ក៏គេល្បីដែរថា អ្នកចម្រៀងរូបនេះមិនសូវចុះសម្រុងគ្នានឹងតារាចម្រៀងសុខ ពិសី ដែលជិតស្និទ្ធនឹងលោកចំរើន ដូចគូស្នេហ៍។ អុីវ៉ា ដែលធ្លាប់ល្អូកល្អិននឹងថៅកែក្មេងម្នាក់នេះដែរ ហាក់ដូចជា ត្រូវបានមើលរំលង ដែលបង្ខំចិត្តឱ្យនាងស្វែងរកទ្រនំថ្មី ម្តងជាពីរដង។
យោងតាមប្រភពដដែល មានផលិតកម្មច្រើនដែលចង់បានអុីវ៉ា ទៅច្រៀង។ ក្នុងចំណោមនោះ មានពាក្យខ្សឹបខ្សៀវថា ផលិតកម្មថោន អាចមានប្រៀបជាងគេ ព្រោះផលិតកម្មនេះ មិនទាន់សម្បូរអ្នកចម្រៀងជើងខ្លាំង មានធនធានមនុស្សដែលអាចជ្រោងនាងឱ្យល្បីជាងនេះ និងជាពិសេសទៀតនោះ គេល្បីថា ផលិកម្មនេះ កំពុងត្រៀមបើកស្ថានីយទូរទស្សន៍ទៀតផង ដែលផ្តល់ឱកាស កាន់តែច្រើនដល់នាង។
គួរកត់សម្គាល់ថា នៅ ពេលដែលអុីវ៉ា សម្លឹងរកថោន តារាចម្រៀងក្នុងផលិតកម្មថោន សម្លឹងរកកន្លែងផ្សេងទៅវិញ។ ថ្មីៗនេះ អ្នកចម្រៀងឈ្មោះល្បី មាស សុខសោភា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មនេះ ត្រូវបានទម្លាយថា ប្រុងដើរចេញទៅបើកផលិតកម្មខ្លួនឯង បន្ទាប់ពីបងប្រុសរបស់នាងបាត់តំណែងជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម។
មុននេះទៀត អ្នកចម្រៀងសុគន្ធ និសា ដែលខ្ចីទ្រនំថោន ជ្រកមួយរយៈ ដើម្បីគេចពីបញ្ហាស្នេហា ក៏បានវិលត្រឡប់ទៅផលិតកម្មរស្មីហង្សមាស វិញ។ រស្មីហង្សមាស ក្លាយជាទីចាប់អារម្មណ៍ របស់តារាចម្រៀងជាច្រើន ព្រោះមានស្ថានីយទូរទស្សន៍ ដែលទិញកម្មវិធីកម្សាន្តល្បីៗពីបរទេស ហើយឃើញកម្មវិធីទាំងនោះ បានជួយយឹតយោងអ្នកចម្រៀងមួយចំនួន ដែលស្ទើរតែបាត់ឈ្មោះទៅហើយនោះ ឱ្យមានសង្ឃឹមឡើងវិញ។
ប្រភពស្និទ្ធនឹងអុីវ៉ា និយាយថា ហង្សមាស ហាក់ដូចជាទ្រនំចង្អៀតពេក ដែលពិបាកឱ្យអ៊ីវ៉ា ឈរជើង ហើយថា នាងនឹងសម្រេចចិត្តដោយប្រុងប្រយ័ត្ន…៕ ស្រីម៉ៅ