Tuesday, April 16, 2024
Homeព័ត៌មានជាតិតុលាការ​កាត់​ទោស​ថ្ងៃ​នេះ ក្រសួង​យុត្តិ​ធម៌ ថា គ្មាន​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ទេ

តុលាការ​កាត់​ទោស​ថ្ងៃ​នេះ ក្រសួង​យុត្តិ​ធម៌ ថា គ្មាន​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ទេ

ភ្នំពេញ ៖ ស្របពេលដែលតុលាការបើក សវនាការ កាត់ទោសលោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ ដែលនាំ ឱ្យមានការបារម្ភថា លោកកឹម សុខា នឹងត្រូវ តុលាការសម្រេចផ្តន្ទាទោសនិងអាចមានដីកា បង្គាប់ឱ្យចាប់ខ្លួន ប៉ុន្តែក្រសួងយុត្តិធម៌អះអាង ថា បើគិតតាមគោលការណ៍ច្បាប់ លោកកឹម សុខា ទោះបីត្រូវតុលាការសម្រេចផ្តន្ទាទោស ក៏នឹងមិនមានការចាប់ខ្លួនទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកគឹម សន្តិភាព បានបញ្ជាក់ថា លោកកឹម សុខា ស្ថិត ក្នុងឋានៈជាជនជាប់ចោទ ក្នុងបទចោទ “បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃ ក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះអាចផ្តន្ទា ទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យ ជាប្រាក់ពី១សែនរៀល ទៅ១លានរៀល។ ហេតុនេះនៅពេលជំនុំជម្រះ ជាគោលការណ៍ តុលាការមិនអាចសម្រេចផ្តន្ទាទោសលើសពី កម្រិតទោសដែលបានកំណត់ក្នុងច្បាប់នោះ ឡើយ។

លោកគឹម សន្តិភាព មានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ថា “ខ្ញុំសូមជម្រាបថា បើពិនិត្យទៅលើផ្លូវច្បាប់ គឺសម្រាប់ថ្ងៃស្អែកហ្នឹង នឹងគ្មានការចាប់ខ្លួន នោះទេ ពីព្រោះអី ទី១ បើសិនជាតុលាការ ប្រកាសសាលក្រមផ្តន្ទាទោស ក៏សាលក្រមនោះ មិនទាន់ចូលជាធរមានដែរ មិនទាន់ស្ថាពរទេ មិនអាចអនុវត្តបានទេ ទី២ បើសិនជាតុលាការ សម្រេចវិធានការពិសេស ព្រោះតុលាការមាន សិទ្ធិសម្រេចវិធានការពិសេសមួយ នៅក្នុងពេល សវនការ គឺវិធានការឃុំខ្លួន វិធានការចាប់ខ្លួន។ អ៊ីចឹងសួរថា ធ្វើបានឬអត់ សម្រាប់ពេលសវនាសការថ្ងៃស្អែកនេះ ទៅលើករណីឯកឧត្តម កឹម សុខា? គឺយើងឃើញថា ធ្វើមិនបានទេ តាមផ្លូវច្បាប់ គឺដោយសារទោសដែលឯកឧត្តម កឹម សុខា ប្រឈមហ្នឹង ពី១ខែ ទៅ៦ខែ។ អ៊ីចឹង ទៅអ្វីដែលវិធានការពិសេស ដែលតុលាការ អាចអនុវត្តបានពេលសវនាការ គឺទាល់តែទោស ១ឆ្នាំឡើង។ អ៊ីចឹងវិធានការពិសេសពាក់ព័ន្ធ នឹងការឃុំខ្លួន ឬការស្វែងរកចាប់ខ្លួននោះ គឺធ្វើ ទៅមិនបានទេ សម្រាប់ថ្ងៃស្អែកនេះ។ បានន័យថា បើសិនជាទោសលើសពី១ឆ្នាំ វិធានការពិសេស នៅក្នុងពេលសវនាការ គឺចៅក្រមជំនុំជម្រះ អាចសម្រេចដីកាបង្គាប់ឱ្យចាប់ខ្លួនភ្លាមបាន ប៉ុន្តែដោយឡែក សាលក្រមស្ថាពរ បានន័យថា ចៅក្រមអាចសម្រេចទោសណាមួយ ឧទាហរណ៍ កម្រិតទោសពី១ខែ ទៅ៦ខែ ចៅក្រមសម្រេច ផ្តន្ទាទោសប៉ុន្មានក្នុងចន្លោះហ្នឹង? អាហ្នឹងរឿង ឆន្ទានុសិទ្ធរបស់ចៅក្រម។ ប៉ុន្តែឧបមាថា សម្រេច ផ្តន្ទាទោស៦ខែ សាលក្រមប្រកាសស្អែកហ្នឹង ក៏មិនទាន់ចូលជាធរមានដែរ មិនទាន់ស្ថាពរ ទេ គឺមិនអាចយកទៅអនុវត្តបានភ្លាមទេ មិន អាចយកទៅធ្វើការចាប់ខ្លួន ដើម្បីឃុំខ្លួនក្នុង រយៈពេល៦ខែអ៊ីចឹងបានទេ គឺលុះណាតែសាលក្រមហ្នឹងទៅជាសាលក្រមស្ថាពរ។ បានន័យថា ផុតរលត់នៃបណ្តឹងឧទ្ធរណ៍ បានន័យថា មិនមាន ភាគីណាមួយប្តឹងឧទ្ធរណ៍។ រយៈពេលប្តឹងឧទ្ធរណ៍ ១ខែ បើសិនជាសាលក្រមចំពោះមុខ បានន័យ ថា ជនជាប់ចោទគាត់ចូល ហើយគេប្រកាស នៅមុខគាត់ អាហ្នឹងរយៈពេល១ខែ គិតពីថ្ងៃ ប្រកាស  អាហ្នឹងរយៈពេលហ្នឹង គេទុកឱ្យគាត់ ប្តឹងឧទ្ធរណ៍។ ប៉ុន្តែបើក្នុងរយៈពេលហ្នឹង ជនជាប់ចោទហ្នឹង គាត់អត់ចូលទេ ក៏ប៉ុន្តែគាត់ បានទទួលដំណឹងគ្របគ្រាន់ហើយ បានន័យថា តុលាការបានបំពេញនីតិវិធីក្នុងការជូនដំណឹង ត្រឹមត្រូវ អ៊ីចឹងសាលក្រមនេះក៏កំបាំង ប៉ុន្តែគេ ចាត់ទុកចំពោះមុខ។ អ៊ីចឹងការចាត់ទុកចំពោះ មុខនេះ ក៏ទុករយៈពេល១ខែដែរ សម្រាប់ឱ្យ គាត់ប្តឹងឧទ្ធរណ៍ ប៉ុន្តែគេគិតពីថ្ងៃគាត់ទទួល បានដំណឹងពីចៅក្រម។ ដូច្នេះ បើយោងតាម ច្បាប់ គឺតុលាការមិនអាចសម្រេចអំពីវិធានការពិសេសបានទេ បើកមើលច្បាប់ទៅ នៅមាត្រា ៣៥៣”។

លោកគឹម សន្តិភាព មានប្រសាសន៍បន្ត ថា “ក្រសួងយុត្តិធម៌សុំអំពាវនាវឱ្យគ្រប់ភាគី ទាំងអស់ ចូលអនុវត្តសិទ្ធិការពារខ្លួនរបស់ខ្លួន បានន័យថា ចូលរួមក្នុងសវនាការ តាមអ្វីដែល ការកោះហៅ ដើម្បីរក្សានូវសិទ្ធិការពារខ្លួន របស់ខ្លួនតាមផ្លូវតុលាការ ទី១។ ទី២ សុំឱ្យ ជនជាប់ចោទហ្នឹងកុំប្រើប្រាស់នូវឱកាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់គំនិតផ្សេងៗ របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហានយោបាយ ព្រោះ ថា ឥឡូវនេះវាមិនមានផលប្រយោជន៍ណា មួយក្នុងការប្រើឱកាសនេះទេ។ ទី៣ ក្រសួង យុត្តិធម៌ សូមអំពាវនាវឱ្យតុលាការ ធ្វើការ ដោយពេញលេញ ដោយអនុវត្តទៅតាមនីតិវិធី ដែលមាននៅក្នុងច្បាប់ចែងទាំងអស់”។

គួរបញ្ជាក់ថា លោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ “បដិសេធក្នុងការ ចូលខ្លួន” ដែលតុលាការចាត់ទុកថា ជាបទល្មើស ព្រហ្មទណ្ឌជាក់ស្តែង បន្ទាប់ពីលោកមិនបាន    បង្ហាញខ្លួនតាមដីកាកោះរបស់តុលាការចំនួន២ លើកឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺក្នុងឋានៈជាសាក្សី ក្នុងសំណុំរឿង “សញ្ចារកម្ម” ពាក់ព័ន្ធតំណាងរាស្ត្រ២រូប នៃគណបក្សសង្គ្រោះជាតិ គឺលោក ពិន រតនា និងលោកតុ វ៉ាន់ចាន់ ដែលប្តឹងដោយ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបាន ទម្លាយថា មានទំនាក់ទំនងផ្លូវភេទជាមួយលោក កឹម សុខា ដោយមានតំណាងរាស្ត្រ២រូបខាងលើ ជាមេអណ្តើកនាំទៅជួបនៅប្រទេសថៃ។ រហូតមកដល់ពេលនេះ លោកកឹម សុខា បាន សំងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្ស អស់រយៈ ពេលជាង៣ខែ ហើយដោយសារបារម្ភពីការ ចាប់ខ្លួន។

កាលពីពេលថ្មីៗនេះ ក្រុមមេធាវីបានស្នើ ឱ្យសាលាឧទ្ធរណ៍ ច្រានចោលដីកាដំណោះស្រាយ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចបញ្ជូនរឿងក្តីរបស់លោក កឹម សុខា ទៅជំនុំជម្រះ។ ប៉ុន្តែសាលាឧទ្ធរណ៍ មិនឯកភាពនឹងសំណើខាងលើ ទើបក្រុមមេធាវី បន្តប្តឹងទៅតុលាការកំពូល។ 

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ សហមេធាវីរបស់លោកកឹម សុខា ទាំង៥រូប ដែល រួមមាន លោកផែង ហេង, លោកស្រីម៉េង សុភារី លោកចាន់ ចេន, លោកសំ សុគង់ និងលោក ហែម សុជាតិ បានធ្វើបណ្តឹងដិតចិត្ត គោរពជូន ប្រធានសាលាឧទ្ធរណ៍ សុំប្តឹងដិតចិត្ត លោក កែវ មុនី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញពីសំណុំរឿងព្រហ្មទណ្ឌ របស់សាលាដំបូងរាជធានីភ្នំពេញ។

បណ្តឹងដិតចិត្តរបស់សហមេធាវីលោក កឹម សុខា ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នោះ បានបញ្ជាក់ថា “កន្លងមក លោកកែវ មុនី ដែលជាចៅក្រមជំនុំជម្រះ នៅក្នុងសំណុំរឿង ព្រហ្មទណ្ឌ លេខ២៨០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានទទួលបន្ទុកចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ២៨០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានទទួលបន្ទុកទៅលើសំណុំរឿងព្រហ្មទណ្ឌ ដែលទាក់ទាងទៅនឹងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ហើយដែលទទួលរងនូវការរិះគន់ ពីប្រជាពលរដ្ឋថា មិនមានឯករាជ្យភាព និង មាននិន្នាការនយោបាយ។ ហេតុនេះយើងខ្ញុំពុំ មានជំនឿថា លោកកែវ មុនី អាចវិនិច្ឆ័យក្តី ដោយឈរលើគោលការណ៍អព្យាក្រឹត ឯករាជ្យភាព ក្នុងការចាត់ការរឿងក្តីដើម្បីស្វែងរកយុត្តិធម៌ជូនដល់កូនក្តីយើងខ្ញុំបានឡើយ។ សេចក្តីដូច បានជម្រាបជូនខាងលើ សូមឯកឧត្តមប្រធាន មេត្តាពិនិត្យនិងសម្រេចដិតចិត្តលោកចៅក្រម កែវ មុនី ចេញពីសំណុំរឿងដូចមានចែងក្នុង កម្មវត្ថុខាងលើ ដោយអនុគ្រោះ”។

ដោយឡែកនៅថ្ងៃដដែលនោះ ក្រុមសមាជិកសភាបក្សប្រឆាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការប្រើអំណាច ដោយ រំលោភលើអភ័យឯកសិទ្ធិរបស់តុលាការ លើ លោកកឹម សុខា និងតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ និងទាមទារឱ្យតុលាការបញ្ឈប់ សវនាការជំនុំជម្រះលើករណីលោកកឹម សុខា និងតំណាងរាស្ត្របក្សប្រឆាំង។

សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិក សភាគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៦ ស្តីពី “ត្រូវបញ្ឈប់ការជំនុំជម្រះ ក្តីសមាជិកសភាដោយខុសច្បាប់” នោះ មាន ខ្លឹមសារថា “ការធ្វើសវនាការជំនុំជម្រះក្តី លើ ឯកឧត្តមអ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្ត សៀមរាប កន្លងទៅ ហើយបម្រុងនឹងបើកសវនាការជំនុំជម្រះក្តីលើប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ឯកឧត្តកឹម សុខា តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ដែលគ្រោងធ្វើនៅថ្ងៃ សុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ គឺជា ទង្វើខុសច្បាប់ ដែលបំពានទាំងនីតិវិធីច្បាប់ និងរំលោភលើគោលការណ៍រដ្ឋធម្មនុញ្ញ ស្តីពី អភ័យឯកសិទ្ធិសភាយ៉ាងធ្ងន់ធ្ងរ។

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ប្រកាសថ្កោលទោសចំពោះការប្រើអំណាច ដោយរំលោភលើអភ័យឯកសិទ្ធិសភារបស់អ្នក តំណាងរស្ត្រគណបក្សសង្គ្រោះជាតិ ពីសំណាក់ អ្នកកាន់អំណាច ដែលប្រើប្រាស់ស្ថាប័នតុលាការ ធ្វើជាឧបករណ៍នយោបាយ ។

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ គាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស និង អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែល បានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ថ្កោលទោសចំពោះសកម្មភាពរំលោភសិទ្ធិមនុស្ស និងការយាយីមកលើ សកម្មជននិងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ តាមរយៈការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធមកគំរាមកំហែង និងប្រព័ន្ធតុលាការ មកចាប់ចង និងកាត់ទោសដោយរំលោភលើ នីតិវិធីច្បាប់ និងរដ្ឋធម្មនញ្ញ ហើយបានអំពាវនាវ ឱ្យរដ្ឋាភិបាលទម្លាក់ចោលរាល់បទចោទទាំងឡាយប្រឆាំងនឹងឯកឧត្តមកឹម សុខា រួមទាំង សកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដទៃទៀត តាមរយៈការរំលឹកដល់តួនាទីទទួលខុសត្រូវជារដ្ឋាភិបាល ក្នុងការផ្តល់សុវត្ថិភាព ដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស សុវត្ថិភាព នៃថ្នាកដឹកនាំគណបក្សប្រឆាំង ហើយណែនាំ ដល់ការអនុវត្តដល់ប្រព័ន្ធយុត្តិធម៌ ឱ្យប្រព្រឹត្ត ទៅត្រឹមត្រូវតាមស្តងដារអន្តរជាតិ និងតម្លាភាព។

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ សូមប្រកាសថា នឹងចូលរួមជាមួយប្រជាពលរដ្ឋ ខ្មែរ និងសហគមន៍អន្តរជាតិ ក្នុងការធ្វើឱ្យការ គ្រប់គ្រងប្រទេសវិលមកអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ វិញ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES