បាត់ដំបង៖ ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង, លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលក្នុងផែនសហការណ៍ជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាជនដៃដល់ក្នុងសម្លាប់បុរសម្នាក់ រួចយកសពបោះចោលក្នុងស្រះទឹកមួយកន្លែង ដែលត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុមទី១២ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយ នៅក្នុងក្រុមទី១២ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្រះមួយកន្លែង ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន។

តាមរយៈការពិនិត្យធ្វើកោសល្យវិច័យលើសាកសព និងស្រាវជ្រាវជំហានដំបូង ទើបដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរមិនពិតប្រាដក មានស្លាកស្នាមរបួសនៅផ្នែកក្បាលដោយអន្លើផង។ ហើយក្នុងខ្លួនសាកសព បានបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ដូចជា ម៉ូតូ និងទូរស័ព្ទផងដែរ ។

លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ក្រោយពេលធ្វើការកំណត់អំពីមុខសញ្ញាដែលពាក់ព័ន្ឋក្នុងករណីនេះ លោកបានសហការធ្វើការស្រាវជ្រាវលើភូមិសាស្រ្តស្រុកចំនួន០៤ គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យត្រូវបានឃាត់ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ បន្ទាប់ពីពួកគេគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូត រួចមក។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានឲ្យដឹងបន្ថែមថា ជនសង្ស័យទាមង២នាក់ ទី១. មានឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី២. មានឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យបានសារភាពមុខសមត្ថកិច្ចថា ពួកគេពិតជាបានសម្លាប់មិត្តជនរងគ្រោះឈ្មោះ ម៉ិល សុខុម ដែលជាមិត្តភក្តិ កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ ខណៈដែលពួកគេបានបបួលជនរងគ្រោះ មកផឹកស៊ី ដើម្បីប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែនដោយប្រើប្រាស់ញញួរ និងដែកវាយក្បាលសម្លាប់ រួចនាំគ្នាសែងទម្លាក់ចូលទឹកស្រះទឹកកន្លែងកើតហេតុ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២ សមត្ថកិច្ចបានដកហូតម៉ូតូ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុង ចំនួន០២គ្រឿង បន្ទះស្លាកលេខម៉ូតូចំនួន០១ មានលេខបាត់ដំបង 1X-1539 ព្រមទាំងញញួរ ដែក និងកាំបិតផង។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ សាកសពបុរសម្នាក់ត្រូបវបានគេប្រទះឃើញ ស្ថិតក្នុងសភាពអាក្រាតល្វែងក្រោម (ស្លៀកតែខោ លីអូ) មានស្លាកស្នាមកាំបិតចាក់ត្រង់បំពង់កផង និងមានស្នាមរឹតកផង នៅមាត់ស្រះទឹកមួយកន្លែង សង្ស័យជាអំពើឃាតកម្មចាក់ប្រហារ និងរឹតកសម្លាប់នៅកន្លែងផ្សេង រួចដឹកមកប្លុងចោលក្នុងស្រះទឹករបស់ឈ្មោះឈន ស៊ីណន ភេទប្រុស អាយុ៦២ឆ្នាំ នៅចំណុចព្រៃពពេល ស្ថិតក្នុងភូមិ រកាឈ្មោល ឃុំគារ ស្រុកមោងប្ញស្សី។

សាកសពជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៣០ឆ្នាំ ពាក់អាវយឺត និងស្លៀកខោលីអូ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកភូមិម្នាក់ ឈ្មោះធុច វុធ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានដេញគោចេញពីផ្ទះ ទៅវាលស្រែខាងត្បួងផ្ទះ ចម្ងាយប្រមាណ១០០ម៉ែត្រ (ទីតាំងកើតហេតុខាងលើ) លុះពេលដើរកាត់មាត់ស្រះទឹកខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះខាងលើ នៅមាត់ស្រះ ទើបកើតមានការភ្ញាក់ផ្អើល រត់ត្រឡប់មកភូមិវិញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

តាមអ្នកភូមិដែលប្រទះឃើញសាកសពខាងលើ បានដាក់ការសង្ស័យថា សាកសពទំនងត្រូវគេសម្លាប់ពីកន្លែងណាមួយ រួចយកសពទៅបោះចោលនៅក្នុងស្រះទឹកនេះ។ ជាក់ស្តែង នៅលើសាកសពមានស្នាមរបួសនៅត្រង់ក ដែលជាស្នាមប្រើខ្សែរឹតផង និងស្នាមកាំបិតចាក់ផង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ បានចុះពិនិត្យ ដល់ទីតាំងកើតហេតុ រួចបង្ហើបប្រាប់ថា សាកសពជនរងគ្រោះខាងលើ អាចត្រូវឃាតករប្រើ ខ្សែរឹតកសម្លាប់ ហើយថែមទាំងប្រើកាំបិតចាក់ ត្រង់កចំនួន២កាំបិតបន្ថែមទៀតផង។ នៅក្បែរនោះ សមត្ថកិច្ចបានរកឃើញអង្រឹងមួយ ដែលរុំបោះចោល ដែលគេសង្ស័យថា ក្រោយពេលសម្លាប់ ឃាតករបានយកអង្រឹងនោះរុំសាកសព រួចដឹក ឬសែងយកទៅបោះចោលក្នុងស្រះទឹកនោះ។

បច្ចុប្បន្ន ជនសង័្សយកំពុងធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕