Monday, April 29, 2024
Homeព័ត៌មានជាតិស្រលាញ់គោដូចកូនបង្កើត!!! គោលង់ទឹកងាប់ ម្ចាស់ខូចចិត្តផឹកថ្នាំពុលសម្លាប់ខ្លួន

ស្រលាញ់គោដូចកូនបង្កើត!!! គោលង់ទឹកងាប់ ម្ចាស់ខូចចិត្តផឹកថ្នាំពុលសម្លាប់ខ្លួន

ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់បានដឹកសត្វគោញីរបស់ខ្លួន១ក្បាល យកទៅចងឱ្យស៊ីស្មៅក្បែរមាត់ស្រះ ស្រាប់តែភ្លេចខ្លួន គោញីនោះបានវ័ណ្ឌជើងនឹងខ្សែចំណង បណ្តាលឱ្យធ្លាក់ចូលទឹកលង់ងាប់ ស្រាប់តែស្ត្រីជាម្ចាស់គោ នឹកស្តាយគោរបស់ខ្លួនផង បន្ទោសខ្លួនឯងថាជាអ្នកធ្វើឱ្យគោងាប់ផង ក៏ដាច់ចិត្តគិតខ្លីយកថ្នាំបាញ់ស្មៅ មកផឹកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីស្ត្រីខូចចិត្តរឿងសត្វគោងាប់ បែរជាគិតខ្លីផឹកថ្នាំពុលសម្លាប់ខ្លួនឯងតាមគោនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល។

ស្ត្រីគិតខ្លីដែលផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ព្រោះតែខូចចិត្តរឿងគោងាប់នេះ មានឈ្មោះម៉ៅ សុខ អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដឹកសត្វគោញីរបស់ខ្លួន១ក្បាល ដែលខ្លួនស្រលាញ់ទុកដូចជាកូនបង្កើត យកទៅចងឱ្យស៊ីស្មៅ នៅមាត់ស្រះទឹក (ទីតាំងកើតហេតុ)។ លុះក្រោយមក មិនដឹងជាយ៉ាងម៉េច ស្រាប់តែគោញី១ក្បាលនោះ បានដើរវ័ណ្ឌជើង ជាប់នឹងខ្សែចំណង បណ្តាលឱ្យធ្លាក់ចូលទឹកស្រះ លង់ងាប់ ព្រោះតែគ្មានអ្នកបានឃើញ និងជួយទាន់។

ប្រភពដដែលបន្តថា ក្រោយពីឃើញសត្វគោដែលខ្លួនស្រលាញ់ចាត់ទុកដូចជាកូន ងាប់ក្នុងស្រះទឹកបែបនេះ ធ្វើឱ្យស្ត្រីរងគ្រោះមានការសោកស្តាយយ៉ាងខ្លាំង ព្រោះស្រលាញ់សត្វគោនោះដូចជាកូនបង្កើតអ៊ីចឹង ណាមួយស្ត្រីរងគ្រោះចេះតែបន្ទោសខ្លួនឯងថា មកពីខ្លួនធ្វេសប្រហែស ទើបបណ្តាលឱ្យគោងាប់។

ប្រភពខាងលើ បញ្ជាក់ថា ដោយសារតែមានការសោកស្តាយផង និងបន្ទោសខ្លួនឯងផង ទើបធ្វើឱ្យីស្ត្រីរងគ្រោះមានគំនិតខ្លី រហូតដល់ដាច់ចិត្តយកថ្នាំបាញ់ស្មៅមកផឹកសម្លាប់ខ្លួន បណ្តាលឱ្យពុលចេញឈាមតាមមាត់ និងត្រូវបានក្រុមគ្រួសារប្រទះឃើញ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ តែអកុសល ក្រោយពីបញ្ជូនដល់មន្ទីពេទ្យបានបន្តិច ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទើបក្រុមគ្រួសារបានដឹកយកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារផឹកថ្នាំបាញ់ស្មៅប្រាកដមែន។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES