Saturday, April 27, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ជាប់​ទោស ប្រឈម បាត់​សិទ្ធិ​ចុះ​ឈ្មោះ និង​ឈរ​ឈ្មោះ​បោះ​ឆ្នោត

លោក​កឹម សុខា ជាប់​ទោស ប្រឈម បាត់​សិទ្ធិ​ចុះ​ឈ្មោះ និង​ឈរ​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ ៖ មជ្ឈដ្ឋានអ្នកច្បាប់ អ្នកវិភាគ សង្គមស៊ីវិល និងអ្នកតាមដានសង្គមនយោបាយ បានលើកឡើងថា លោកកឹម សុខា ប្រធាន  ស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម អាចប្រឈមនឹងការ បាត់សិទ្ធិឈរឈ្មោះជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខ បន្ទាប់ពីលោកត្រូវបាន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេច ចេញសាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បាន ធ្វើការពន្យល់ថា បើអនុលោមទៅតាមមាត្រា ៥៣៥ និងមាត្រា៥៤១ ស្តីពីការមាននីតិសម្បទា ឡើងវិញដោយលក្ខណៈច្បាប់ នៃក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២៤ ចំណុចទី២ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បានចែងថា “គ្មានសិទ្ធិ ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ គឺជនដែលត្រូវបានតុលាការផ្តន្ទា- ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ”។ ក្នុងន័យនេះហើយ លោកកឹម សុខា នឹងគ្មាន ឱកាសទទួលបាននីតិសម្បទាឡើងវិញឱ្យទាន់ ពេលវេលានៃការបោះឆ្នោតជ្រើសតាំងតំណាង- រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខឡើយ ហើយក៏ជាបច្ច័យអាក្រក់នាំឱ្យលោកកឹម សុខា បាត់បង់សិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រជាស្ថាពរ។ ដូច្នេះលោក កឹម សុខា ទទួលបានសិទ្ធិឈរឈ្មោះ ដើម្បី បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខ គឺទាល់តែមានការសម្រប- សម្រួលផ្នែកនយោបាយ ឬត្រូវបាននាយករដ្ឋមន្ត្រី ធ្វើលិខិតទូលថ្វាយសុំលើកលែងទោស” ទៅព្រះ- មហាក្សត្រ ដូចករណីលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែលធ្លាប់ទទួលបាន ការលើកលែងទោសចំនួន២លើករួចមកហើយ (លើកទី១ ខែ កុម្ភៈ ឆ្នាំ២០០៦ និងលើកទី២ ខែកក្កដា ឆ្នាំ២០១៣)។

លោកមេធាវីសុក សំអឿន បានធ្វើការ បញ្ជាក់ពីទិដ្ឋភាពលើករណីលោកកឹម សុខា ថា ទោះបីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បាន ចេញសាលក្រមផ្តន្ទាទោសលោកកឹម សុខា រួច ហើយក៏ដោយ ក៏សាលក្រមនេះមិនទាន់ចូលជា ស្ថាពរទេ ហើយលោកកឹម សុខា អាចប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ និងតុលាការកំពូលបាន។ ប៉ុន្តែបើលទ្ធផល ទាំងសាលាឧទ្ធរណ៍ និងតុលាការ កំពូល សម្រេចដូចសាលាដំបូងរាជធានីភ្នំពេញ  លោកកឹម សុខា នឹងមានឈ្មោះជាអ្នកទោស (ទណ្ឌិត) ប្រឈមនឹងការបាត់សិទ្ធិចុះឈ្មោះ បោះឆ្នោត។

លោកសុខ សំអឿន មានប្រសាសន៍ថា “បើបាត់ឈ្មោះបោះឆ្នោតអាច ប៉ុន្តែបើប្តឹងទៅ ឧទ្ធរណ៍ មានន័យថា សាលក្រម ត្រូវព្យួរសិន ព្រោះសាលក្រមហ្នឹងអត់ចូលស្ថាពរ។ បញ្ហា ត្រង់ថា ក្នុងច្បាប់ដែលមិនអាចឈរបាន លុះ ត្រាតែអ្នកហ្នឹងស្ថិតនៅក្នុងភាពជាទណ្ឌិត ប៉ុន្តែ បើគាត់ផុតឧទ្ធរណ៍ មានន័យថា សាលក្រម របស់សាលាដំបូងហ្នឹងព្យួរសិន។ លើកលែងតែ តុលាការខំប្រឹងបន្តិចទៅ ផុតឧទ្ធរណ៍ទៅ។ គ្រាន់តែទៅឧទ្ធរណ៍ភ្លាម កាត់ភ្លាម ទៅកំពូល ភ្លាម កាត់ភ្លាម លឿនៗបន្តិចទៅ ប៉ុន្តែបើលឿន ពេកទៅអាចធ្វើឱ្យអន្តរជាតិយល់ថា ជារឿង នយោបាយសុទ្ធសាធ មិនមែនជារឿងផ្លូវច្បាប់”។

ទោះបីយ៉ាងណា លោកសុក សំអឿន បញ្ជាក់ថា បើគណបក្សប្រឆាំង ក៏ដូចជាលោក កឹម សុខា បារម្ភខ្លាចបាត់សិទ្ធិក្នុងការឈរឈ្មោះ បោះឆ្នោត ព្រោះតែរងសម្ពាធតាមផ្លូវតុលាការ នេះ មានតែការសម្របសម្រួលផ្នែកនយោបាយ រវាងគណបក្សទាំង២ទេ ទើបអាចបញ្ចប់បញ្ហា នេះបាន។

លោកសុក សំអឿន មានប្រសាសន៍បន្ថែម ថា “បើសម្រេចដូចគ្នា ចប់ហើយ តែរឿងនយោ- បាយ ទោសតូចប៉ុណ្ណឹង ជួនកាលដោះស្រាយ នយោបាយទៅ ព្រះកូណាលើកលែងទោសអី ទៅ វាចាប់ដែរ មករឿងនយោបាយ ទុកឱ្យគេ លេងចុះ។ រាល់ដងមិនគេធ្វើអ៊ីចឹង! ហើយ រាល់ដង ទោសធំៗ ឯនេះទោសតូចមួយហ្នឹង ហើយទោសនេះ វាមានបញ្ហាពាក់ព័ន្ធអភ័យ-ឯកសិទ្ធិទៀត”។

ស្របគ្នានោះដែរ អ្នកគ្រប់គ្រងបច្ចេកទេស ការិយាល័យស៊ើបអង្កត នៃអង្គការលីកាដូ (LICADHO) លោកអំ សំអាត យល់ថា ការ សម្រេចរបស់តុលាការនេះ អាចធ្វើឱ្យប៉ះពាល់ ដល់សមាជិកភាពតំណាងរាស្ត្ររបស់លោកកឹម សុខា (ត្រង់មាត្រា១២០ថ្មី នៃច្បាប់បោះឆ្នោត) នៅពេលខាងមុខផងដែរ ហើយការសម្រេច បែបនេះ ក៏នឹងបង្កឱ្យកាន់តែមានភាពតានតឹង នយោបាយ។ ដូច្នេះ ដោយយល់ថា ករណីនេះ ជារឿងនយោបាយ លោកស្នើឱ្យអ្នកនយោបាយ នាំគ្នាចូលតុចរចា រកដំណោះស្រាយរួមគ្នា ដើម្បី ឱ្យបញ្ចប់ភាពតានតឹងនយោបាយ និងបញ្ឈប់ ការលាបពណ៌គ្នា ដោយងាកមកគិតដោះស្រាយ រួមគ្នាពីផលប្រយោជន៍ប្រទេសជាតិវិញ។

អ្នកវិភាគសង្គម និងនយោបាយ លោក បណ្ឌិតមាស នី បានបញ្ជាក់ដែរថា ដើម្បីកុំឱ្យ លោកកឹម សុខា ប្រឈមនឹងផ្លូវច្បាប់ក្រោម សម្ពាធនយោបាយ អាស្រ័យទៅលើឆន្ទៈរបស់ រាជរដ្ឋាភិបាល។ បានន័យថា បើគ្រាន់តែរដ្ឋា- ភិបាល ធ្វើកិច្ចការហ្នឹង ដើម្បីបញ្ចប់នូវនីតិវិធី ផ្លូវច្បាប់ ហើយវិលមករកការផ្សះផ្សាជាតិវិញ ដោយទម្លាក់ចោលនូវរាល់ការសងសឹកគ្នាតាម បែបបុគ្គល រវាងអ្នកនយោបាយ អាចនឹងមាន ផ្លូវចេញ។ ប៉ុន្តែបើអ្នកនយោបាយមានអត្តចរិត ដូចសព្វថ្ងៃនេះ លោកកឹម សុខា អាចនឹងជួប ករណីដូចលោកសម រង្ស៊ី ដែលមានបណ្តឹងរាប់ មិនឈ្នះ។

លោកមាស នី មានប្រសាសន៍ថា “បាទ! កាលណាមានការកាត់ទោស គឺបានន័យថា ឋានៈ ហ្នឹងត្រូវបានក្លាយជាទណ្ឌិត។ អ៊ីចឹងបើកាល- ណាទៅជាទណ្ឌិត គឺមិនអាចមានសិទ្ធិទៅចុះ ឈ្មោះបោះឆ្នោតបានទេ។ អ៊ីចឹងយើងមើល ពីក្បាលម៉ាស៊ីនរបស់សង្គ្រោះជាតិ នឹងអាចមាន បញ្ហាប្រឈមថាតើ ឧទាហរណ៍ បើសិនជា គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត តើអ្នកណា ត្រូវទទួលតំណែងជានាយករដ្ឋមន្ត្រី? អ៊ីចឹង ល្បែងហ្នឹងដែលគេចង់លេងសម្រាប់រយៈពេល យូរ”។

សម្រាប់ស្ថាប័នគ.ជ.ប បានទទួលស្គាល់  ថា ដរាបណាលោកកឹម សុខា នៅមានឈ្មោះ ជាទណ្ឌិត ពិតជាប្រឈមនឹងការមិនអាចចុះ ឈ្មោះបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត។ ប៉ុន្តែគ.ជ.ប ក៏បានលើកករណីលោកកឹម សុខា នេះ មកធ្វើការពិភាក្សាផងដែរ។

លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មា- ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន មានប្រសាសន៍ថា “បាទ! តាមផ្លូវច្បាប់ អ្នកដែល មិនអាចចុះឈ្មោះបាន គឺអ្នកដែលស្ថិតក្នុងស្ថាន- ភាពជាប់ពន្ធនាគារ។ ប៉ុន្តែដោយឡែកសម្រាប់ ករណីលោកកឹម សុខា ឥឡូវហ្នឹងកំពុងដាក់ជូន អ្នកច្បាប់ ដើម្បីពិចារណា។ បើសិនជាអត់បាន ចុះឈ្មោះ គឺអត់បានឈរឈ្មោះតែម្តង។ ប៉ុន្តែគាត់ នៅមានឱកាសចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ដើម្បីទៅឈរជាបេក្ខជន២០១៨។ ចង់និយាយ ថា អ្នកដែលឈរជាបេក្ខជនបាន ទោះបីជាបេក្ខ- ជនក្រុមប្រឹក្សាឃុំ-សង្កាត់ ឬក៏បេក្ខជនតំណាង- រាស្ត្រ ទាល់តែមានឈ្មោះក្នុងបញ្ជី ហើយករណី ឯកឧត្តមកឹម សុខា គឺគាត់មិនទាន់មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតទេឥឡូវហ្នឹង។ អ៊ីចឹងគាត់ ត្រូវតែឈានទៅរកការចុះឈ្មោះឱ្យបានសិន បានអាចឈរឈ្មោះជាបេក្ខជនបាន។ ចាំមើល ទៅមិនដឹងដែរ ត្រូវដោះស្រាយបញ្ហាយ៉ាងណា ជាមួយតុលាការ ព្រោះពេលខ្លះយើងឃើញ សភាពការណ៍តឹងតែង តែពេលខ្លះឃើញថា សភាពការណ៍ដូចជាធូរស្រាលដែរ។ អ៊ីចឹងបើ ហួសពេលឆ្នាំ២០១៦ ក៏២០១៧នៅទៀត។ ២០១៧ ត្រូវចុះឈ្មោះម្តងទៀត ជារៀងរាល់ ឆ្នាំ គឺមានការធ្វើបច្ចុប្បន្នភាពបញ្ជី។ ចំណុចនេះ ខ្ញុំគ្រាន់តែស្នើសុំឱ្យបណ្តាញព័ត៌មានទាំងអស់ មេត្តាបកស្រាយដោយប្រុងប្រយ័ត្ន បកស្រាយ ដោយផ្អែកទៅលើច្បាប់ជាគោល”។

គួរបញ្ជាកដែរថា ក្រោយលោកកែវ មុនី អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រម ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើក សវនាការជំនុំជម្រះកំបាំងមុខជនជាប់ចោទ និង សហមេធាវីជនជាប់ចោទដោយវិនិច្ឆ័យសម្រេច ផ្តន្ទាទោសលោកកឹម សុខា ដាក់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ក្រោមការ ចោទប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន” កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នោះ មក ដល់ពេលនេះ មេធាវីរបស់លោកកឹម សុខា ក៏ បានរៀបចំដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីប្តឹងទាស់នឹងសាលក្រមរបស់សាលា- ដំបូងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យលោកកឹម សុខា បានរួចទោស ហើយមានសិទ្ធិនយោបាយ ពេញលេញវិញ។

លោកសំ សុគង់ មេធាវីម្នាក់ ក្នុងចំណោម មេធាវីទាំង៥នាក់ របស់លោកកឹម សុខា មាន ប្រសាសន៍ថា បើគិតពីនីតិវិធីរបស់តុលាការ នៅរយៈពេលវែង។ ដូច្នេះលោកគិតថា មិន ប៉ះពាល់ដល់ការចុះឈ្មោះបោះឆ្នោតរបស់លោក កឹម សុខា ទេ។

លោកសំ សុគង់ មានប្រសាសន៍ថា “បាទ! ក្នុងនាមក្រុមមេធាវីការពារឱ្យឯកឧត្តមកឹម សុខា ខ្ញុំគិតថា មកដល់ពេលនេះ បើយើង និយាយពីគោលការណ៍នៃការសន្មតទុកជាមុន ថា គ្មានទោស គឺឯកឧត្តមកឹម សុខា នៅតែ មិនទាន់ចាត់ទុកថាជាអ្នកមានទោសនៅឡើយ ទេ ដោយសារចំណុចទី១ សាលក្រមហ្នឹង មិន ទាន់ចូលជាស្ថាពរ ហើយចំណុចទី២ ក្រុមមេធាវី ហ្នឹងបានត្រៀមហើយនឹងសិក្សាអំពីបញ្ហាផ្លូវ ច្បាប់ ដើម្បីធ្វើបណ្តឹងឧទ្ធរណ៍ ដើម្បីឱ្យសាលា- ឧទ្ធរណ៍ហ្នឹងពិនិត្យសាលក្រមផ្តន្ទាទោសហ្នឹង ទាក់ទងនឹងសវនាការ កាលពីថ្ងៃទី០៩ ហ្នឹងឡើង វិញ។ ហើយទាក់បាត់បង់សិទ្ធិនេះ បាត់បង់បាន លុះត្រាតែសាលក្រមចូលជាស្ថាពរ។ អ៊ីចឹង យើងយល់ឃើញថា ផ្លូវក្នុងការទទួលបានយុត្តិធម៌ គឺយើងនៅមានតុលាការ២ជាន់ទៀត គឺសាលា ឧទ្ធរណ៍ ហើយនិងតុលាការកំពូល ហើយសង្ឃឹម ថា បើនិយាយពីជំហររបស់កូនក្តី ក៏ដូចជាក្រុម មេធាវី នៅតែយល់ថា កូនក្តីមិនមានកំហុស ហើយការដែលធ្វើកន្លងមកហ្នឹងមិនទាន់ត្រឹម- ត្រូវតាមនីតិវិធីច្បាប់នៅឡើយ។ បើនិយាយ ពីបណ្តឹង ទោះបីជាប់ត្រឹមកំពូល ក៏យើងនៅ មាននីតិវិធីផ្សេងៗទៀត យើងអាចនឹងធ្វើបណ្តឹង អន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សផ្សេងៗ ដើម្បីឱ្យ ពិនិត្យពីការសេចក្តីប៉ះទៅនឹងសិទ្ធិមនុស្សនៅ ក្នុងប្រទេសកម្ពុជាហ្នឹង។ ប៉ុន្តែខ្ញុំគិតថា បើ ទាក់ទងរឿងនយោបាយ យើងគួរកុំគិតពីរឿង នយោបាយ យើងគួរគិតពីរឿងនីតិវិធីច្បាប់ ចំពោះតុលាការ ហើយយើងត្រូវពិនិត្យឱ្យអស់ លទ្ធភាព ជាពិសស យើងត្រូវគោរពអំពីសិទ្ធិ ទទួលបាននូវសវនាការមួយត្រឹមត្រូវ និងយុត្តិ- ធម៌ ហើយគិតជាចម្បងនោះ គឺសិទ្ធិរបស់ជន- ជាប់ចោទ។ បើកាលណាយើងពន្លឿននីតិវិធី ខ្លាំង យើងកាន់តែធ្វើឱ្យនីតិវិធីខ្លី ហើយអត់ មានប្រសិទ្ធភាព នោះវាធ្វើឱ្យប៉ពាល់ដល់សិទ្ធិ កូនក្តីខ្ញុំបាទដែលជាតំណាងរាស្ត្រ ហើយក៏ជា សមាជិករដ្ឋសភា ដែលមានអភ័យឯកសិទ្ធិ”។

ដោយឡែក សម្រាប់គណបក្សសង្គ្រោះ- ជាតិ ក្រៅពីបានចេញសេចក្តីថ្លែងការណ៍ទាមទារ ឱ្យទម្លាក់ចោលការចោទប្រកាន់មកលើលោក កឹម សុខា និងថ្នាក់ដឹកនាំផ្សេងទៀតរបស់ គណបក្សនេះ ដោយព្រមានថា បើការទាមទារ មិនទទួលបានជោគជ័យ គណបក្សនឹងប្រើប្រាស់ សិទ្ធិធ្វើមហាបាតុកម្មអហិង្សានោះ ក៏នៅតែចង់ ឱ្យមានការចរចានយោបាយ ព្រោះមានតែការ ចរចាទេ ទើបអាចអាចបញ្ចប់ស្ថានការណ៍តាន តឹង វិលមករកភាពប្រក្រតីវិញ។

យ៉ាងណាក៏ដោយ គណបក្សកាន់អំណាច នៅតែប្រកាន់ជំហរថា មិនអាចចរចាទាក់ទង នឹងករណីលោកកឹម សុខា បានទេ ព្រោះជានីតិវិធី របស់តុលាការ ដែលធ្វើឱ្យមជ្ឈដ្ឋានសង្គមមើល ឃើញថា ចំណុចនះហើយដែលលោកកឹម សុខា រងការប្រឈមខ្លាំងក្នុងការបាត់ឈ្មោះជាតំណាង- រាស្ត្រ។

លោកសុខ ឥសាន មានប្រសាសន៍ថា “ខ្ញុំ យល់ថា តុលាការគេដំណើរការតាមនីតិវិធី របស់គេ វាផ្អែកទៅលើពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ និងកញ្ញាធី សុវណ្ណថា ដែលក្នុងការឆ្លើយ- ឆ្លងនោះ វាមានពាក់ព័ន្ធដល់សេចក្តីថ្លៃថ្លូរ កិត្តិ- យសរបស់២នាក់ហ្នឹង។ អ៊ីចឹងទេ យោងតាម ពាក្យបណ្តឹង បានតុលាការចាត់ការតាមនីតិវិធី របស់ខ្លួន ហើយនីតិវិធីរបស់ខ្លួនហ្នឹង វាផ្អែកទៅ លើអំពើល្មើសច្បាប់ជាក់ស្តែងរបស់ឯកឧត្តមកឹម សុខា ផ្ទាល់ខ្លួន មិនមែនជារឿងនយោបាយរឿង ទំនាស់រវាងគណបក្សប្រជាជនកម្ពុជា និងគណ- បក្សសង្គ្រោះជាតិទេ អានេះវាជាការឆ្លុះបញ្ចាំង នៃអំពើល្មើសច្បាប់នៃសាមីខ្លួនប៉ុណ្ណោះ។ ចំពោះ ការដែលអវត្តមានគណបក្សសង្គ្រោះជាតិ ក្តី ឬអវត្តមានមេដឹកនាំសម រង្ស៊ី ឬមួយកឹម សុខា នៅក្នុងការបោះឆ្នោតក្តី វាមិនមានឥទ្ធិពលអ្វី ចំពោះដំណើការបោះឆ្នោតនៅកម្ពុជានោះទេ មិនមែនអត់ពី២នាក់ហ្នឹង ប្រជាជន១៥លាន នាក់ស្លាប់ ឬមួយក៏រងទុក្ខវេទនាទេ ហើយក៏ មិនមែនថា អវត្តមានមេបក្សទាំង២ហ្នឹង ថា អត់មានប្រជាធិបតេយ្យទេ។ សូមជម្រាបជូន ថា រដ្ឋធម្មនុញ្ញកំណត់ថា ព្រះរាជាណាចក្រ- កម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។ អ៊ីចឹងទេ ឧទាហរណ៍បើគណបក្ស សង្គ្រោះជាតិ មិនអាចចូលរួមបោះឆ្នោតបាន ឬមេបក្សទាំង២ មិនអាចចូលរួមបោះឆ្នោតបាន គណបក្សដទៃទៀត ជាង១០គណបក្ស ក៏គេ ចូលរួមបាន ប្រកួតប្រជែងដោយស្មើសិទ្ធិ ស្រប ទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ អ៊ីចឹង ប្រទេសយើងនៅតែប្រជាធិបតេយ្យ សេរី ពហុ- បក្សដដែល មិនមែនអត់ពីបក្សមួយហ្នឹង មិន ប្រជាធិបតេយ្យ សេរី ពហុបក្សទេ អាហ្នឹង សុំកុំឱ្យលើកខ្លួនឯងខ្លាំងពេក”។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ចេញលិខិតចំហលោកគឹម សន្តិភាព បានបញ្ជាក់ ថា ដំណើរការនីតិវិធីរបស់តុលាការលើសំណុំ រឿងលោកកឹម សុខា គឺជាតួនាទី និងកាតព្វកិច្ច តាមច្បាប់របស់ស្ថាប័នតុលាការ ពុំមាននរណា អាចជ្រៀតជ្រែកលើអំណាចនេះបានទេ ហើយ ករណីនេះជារឿងបុគ្គល ពាក់ព័ន្ធនឹងច្បាប់ ពុំមែន ជារឿងបក្ស ឬរឿងនយោបាយនោះទេ។ ជាមួយ គ្នានេះ លោកគឹម សន្តិភាព ក៏បានចេញលិខិត ចំហមួយ អំពាវនាវឱ្យលោកកឹម សុខា យក ពេលវេលារបស់ខ្លួនពិភាក្សាជាមួយមេធាវី ជំនាញ ដើម្បីការពារក្តីឱ្យបានជោគជ័យ ជាជាង ព្យាយាមប្រឆាំងនឹងច្បាប់ នាំឱ្យខូចអនាគត។

លោកគឹម សន្តិភាព បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ថា “លិខិតចំហ ជម្រាបជូនសាធារ- ណមតិ ៖ ចារីនៃបទល្មើសសញ្ចារកម្ម គឺជាជន ទីបី ដែលជាអន្តរការីនៃអំពើពេស្យាចារ។

ដៃគូរួមភេទផ្ទាល់ពុំមែនជាចារីនៃបទ-ល្មើសនេះទេ តែជាសាក្សីដ៏សំខាន់ក្នុងការផ្តល់ សក្ខីកម្ម ដើម្បីស្វែងរកជនល្មើសនៃអំពើសញ្ចារ- កម្មនេះ។

បុគ្គលគ្រប់រូបដែលត្រូវបានចាត់ទុកថា ដឹងអំពីតម្រុយឬព័ត៌មាននៃអំពើល្មើសណា-មួយ ត្រូវចូលរួមផ្តល់សក្ខីកម្មដល់មន្ត្រីមាន- សមត្ថកិច្ច ដើម្បីស្វែងរកជនល្មើសមកផ្តន្ទា-ទោសតាមច្បាប់ ហើយក៏ជាការបង្ហាញឱ្យឃើញ ថា ជាពលរដ្ឋល្អក្នុងសង្គម ដែលបានចូលរួម លុបបំបាត់និទ្ទណ្ឌភាពផងដែរ។

ដោយឡែក ឯកឧត្តមកឹម សុខា ដែល ត្រូវបានស្ថាប័នអយ្យការកោះហៅក្នុងនាម សាក្សី ដើម្បីផ្តល់សក្ខីកម្ម សម្រាប់ស្វែងរកជន-ល្មើសក្នុងអំពើសញ្ចារកម្មនោះ ពុំបានបំពេញ កាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាបុគ្គលដែលត្រូវ បានកោះហៅផង និងក្នុងនាមជាពលរដ្ឋល្អក្នុង សង្គមផងនោះ បែរជាជ្រើសរើសយកវិធីគេច-វេះមិនចូលខ្លួន ដែលត្រូវបានច្បាប់កំណត់ថា ជាបទល្មើស ដែលនាំឱ្យខ្លួនក្លាយជាពិរុទ្ធជន នាពេលនេះ។

សូមបញ្ជាក់ថា ប្រសិនបើពិរុទ្ធជនរូបនេះ ចូលតាមការកោះហៅ ហើយទោះបីជាឆ្លើយ បែបណាក៏ដោយ ក៏មកដល់ពេលនេះគាត់ពុំមាន ឋានៈជាពិរុទ្ធជនបែបនេះទេ ហើយក្នុងនាម តំណាងរាស្ត្រ គួរធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ។

យើងក៏ពុំឃើញមានចំណុចណាមួយនៃរដ្ឋ-ធម្មនុញ្ញនិងច្បាប់នានាដែលហាម មិនឱ្យស្ថាប័ន តុលាការកោះហៅតំណាងរាស្ត្រនោះដែរ។

ហេតុដូចនេះ សូមសាធារណជនមេត្តា ជ្រាប និងសូមអំពាវនាវដល់ពិរុទ្ធជនកឹម សុខា គួរយកពេលវេលារបស់ខ្លួន ពិភាក្សាជាមួយ មេធាវីដែលមានជំនាញឯកទេស ដើម្បីការពារ ក្តីឱ្យខ្លួន ប្រសើរជាងយកពេលវេលាធ្វើរឿង ឥតប្រយោជន៍ដល់ខ្លួន។

ការជ្រើសរើសយកផ្លូវដើរដោយខ្លួនឯង  ដោយប្រព្រឹត្តទង្វើប្រឆាំងនឹងច្បាប់បែបនេះ គឺជាការកំណត់យកអនាគតដោយខ្លួនឯង”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES